កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate ងឿងឆ្ងល់ចំពោះកុមារហុងគ្រីដែលស្រែកចំអកពេលកីឡាករអង់គ្លេសលុតជង្គង់
06, Jun 2022 , 10:29 pm        
រូបភាព
លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេសថ្ងៃទី៥ ខែមិថុនា បាននិយាយថា លោកមានភាពងឿងឆ្ងល់ចំពោះអ្នកគាំទ្រហុងគ្រីដែលជាកុមារ បានស្រែកចំអកលើក្រុមអង់គ្លេសអំឡុងការលុតជង្គង់មុនការប្រកួតទល់ក្រុមហុងគ្រី។


ជំនួបហុងគ្រី-អង់គ្លេស ជាការប្រកួតដែលត្រូវធ្វើឡើងក្នុងកីឡដ្ឋានដោយមិនអនុញ្ញាតឱ្យមានអ្នកទស្សនាពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ ហុងគ្រីបានបើកការនាំមុខលើអង់គ្លេស១គ្រាប់មុន ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Dominik Szoboszlai ហើយរហូតដល់ចប់រយៈពេល៩០នាទី លទ្ធផលបញ្ចប់ទៅត្រឹម១-០។ 
 
តាមពិតទៅ ហុងគ្រីរងការពិន័យពី UEFA​ មិនឱ្យមានអ្នកចូលទស្សនាសម្រាប់ការប្រកួតក្នុងទឹកដីចំនួន៣ប្រកួត ដោយសារតែអាកប្បកិរិយារើសអើងរបស់អ្នកគាំទ្រប្រទេសនេះអំឡុងព្រឹត្តិការណ៍ Euro 2020។
 
ទោះជាយ៉ាងនេះក្តី សហព័ន្ធបាល់ទាត់ហុងគ្រីបានអនុញ្ញាតឱ្យកុមារត្រឹមអាយុ១៤ឆ្នាំអាចចូលទស្សនា ជំនួបរវាងហុងគ្រី ទល់អង់គ្លេស ក្នុងកីឡដ្ឋាន Puskas Arena នាទីក្រុង Budapest។ អ្នកគាំទ្រជាកុមារប្រមាណ ៣៥​​,០០០នាក់បានចូលទស្សនាការប្រកួតដែលហុងគ្រីបានបញ្ចប់ភាពមិនដែលចាញ់របស់អង់គ្លេសចំនួន២២ ក្នុងជំនួប UEFA Nation league នារាត្រីនោះ។
យ៉ាងណាមិញ អ្នកគាំទ្រជាកុមារ បែរជាស្រែកចំអកអំឡុងពេលកីឡាករអង់គ្លេសលុតជង្គង់ដើម្បីបង្ហាញការបឈ្ឈប់ការរើសអើងទៅវិញ។ លោក Southgate មិនសប្បាយចិត្តឡើងនឹងរឿងនេះ។
 
«រឿងដំបូងដែលយើងចង់បង្ហាញអំឡុងពេលលុតជង្គង់នោះគឺ ដើម្បីបង្រៀនមនុស្សលើពិភពលោក កុំឱ្យមានការរើសអើង។ ខ្ញុំមិនដឹងឡើយថាពួកគេជ្រើសរើសការស្រែកចំអកដាក់បែបនេះ ប៉ុន្តែពួកគេនៅក្មេងណាស់។ ពួកគេមិនអាចដឹងច្បាស់អំពីអ្វីដែលកំពុងធ្វើឡើយ ដូច្នេះខ្ញុំគិតថាពួកគេគឺត្រូវបានរងឥទ្ធិពលអាក្រក់ទាំងនេះពីមនុស្សចាស់ៗ។» លោក Southgate ប្រាប់ទូរទស្សន៍​ Channel 4 បែបនេះ។
 
ការប្រកួតបន្ទាប់របស់ក្រុមតោកំណាចអង់គ្លេសនឹងត្រូវប៉ះក្រុមរហ័សនាមឥន្ត្រីដែកអាល្លឺម៉ង់នៅថ្ងៃទី៨ ខែមិថុនា ក្នុងជំនួប Nations league នាកីឡដ្ឋាន Allianz Arena។
មុនជំនួបទល់អាល្លឺម៉ង់លោក Southgate បាននិយាយដាស់តឿនអ្នកគាំទ្រឱ្យមានអាកប្បកិរិយាល្អទាំងមុន និងអំឡុងការប្រកួត ព្រោះជាប្រកួតតំណាងនៃប្រទេសមិនគួរឱ្យមានរឿងអាម៉ាស់ដល់ក្រុមឡើយ ។
 
«បុគ្គលិកកំពុងរងការរំខានមួយផ្នែកនៃការងារពិតប្រាកដរបស់ពួកគេ នៅពេលបានឮអំពីរឿងដែលអាម៉ាស់បំផុតទាំងនេះ នេះមិនមែនរឿងលេងសើចឡើយព្រោះនេះជាការតំណាងឱ្យប្រទេសរបស់អ្នក។ ដូច្នេះយើងតែបានដឹងមុនពីរឿងនេះ ហើយយើងអាចធ្វើទៅបានគឺត្រឹមតែផ្ញើសារដ៏ត្រឹមត្រូវសម្រាប់ដាស់តឿន អ្នកគ្រប់គ្នាឱ្យរក្សាអាកប្បកិរិយាល្អនៅពេលក្រុមប្រកួត។»។ លោក Southgate និយាយបែបនេះ៕
 
 

Tag:
 Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com