កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីតទល់អេមីរ៉ាត់អារ៉ាប់រួមដើម្បីដណ្តើមកន្លះកៅអីទៅ World Cup កាតា
07, Jun 2022 , 3:59 pm        
រូបភាព
អូស្ត្រាលី ត្រូវប្រយុទ្ធដើម្បីក្តីសុបិនទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup លើកទី៥របស់ខ្លួន ដោយតទល់ជាមួយអេមីរ៉ាត់អារ៉ាប់រួម ក្នុ​ងជំនួបដណ្តើមកន្លះកៅអីតំណាងអាស៊ីនាកីឡដ្ឋាន Al Rayyan ថ្ងៃទី៨ ខែមិថុនា វេលាម៉ោង១យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។


ចាប់តាំងឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៨ ស្ត្រាលី បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup នេះជាប់ៗគ្នា៤លើក។ ឆ្នាំ ២០១៨ អូស្តា្រលីជាក្រុមដែលឆ្លងផុតវគ្គជម្រុះ Play-Off អន្តរទ្វីប ដោយពេលនោះពួកគេបានទម្លាក់ក្រុមស៊ីរី មុនពេលទម្លាក់ហុងឌូរ៉ាស​ក្នុងវគ្គជម្រុះអន្តរទ្វីប។
 
នារាត្រីថ្ងៃទី៧ ឆ្លងចូលទី៨ អូស្ត្រាលី នឹងត្រូវតទល់ក្រុមអេមីរ៉ាតអារ៉ាប់រួមដើម្បីប្រជែងយកកៅអីទៅវគ្គជម្រុះអន្តរទ្វីប។ ក្រុមទាំងពីរ ទទួលចំណាត់ថ្នាក់ទី៣ ដូចគ្នាវគ្គជម្រុះក្នុងតំបន់អាស៊ី។
 
«នេះជាការប្រកួតដ៏ធំសម្រាប់យើងក្នុងនាមជាប្រទេសមួយ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់វា។ យើងនឹងប្រយុទ្ធក្នុងការប្រកួតនេះទៅតាមអ្វីដែលយើងបានត្រៀមទុក ហើយត្រូវតែឈ្នះដាច់ខាត។» នេះបើតាមខ្សែការពារអូស្តា្រលី Riley McGree បាននិយាយថ្ងៃទី៦ ខែមិថុនា។
 
ជំនួបចុងក្រោយរវាងក្រុមទាំងពីរ គឺក្នុងឆ្នាំ ២០១៩ ដោយពេលនោះជាការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Asian Cup ដែលធ្វើឡើងនៅអេមីរ៉ាត់អារ៉ាប់រួម។
អេមីរ៉ាត់អារ៉ាប់រួមវិញ ធ្លាប់ឈានជើងចូលប្រកួត World Cup ជុំផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ ១៩៩០ នៅប្រទេសអ៊ីតាលី។ អេមីរ៉ាត់អារ៉ាប់រួមក៏រំពឹងក្តីស្រមៃទៅកាន់ World Cup ជាលើកទីពីរក្នុងរយៈពេល ៣២ឆ្នាំរបស់ខ្លួនផងដែរ។
 
កីឡាករខ្សែបម្រើក្រុមអេមីរ៉ាត់អារ៉ាប់រួម Abdullah Ramadan បាននិយាយថ្ងៃទី៦ ខែមិថុនាថា ប៉ះអូស្ត្រាលីជារឿងមិនងាយស្រួល ប៉ុន្តែក្រុមទាំងមូលកំពុងត្រូវការកម្លាំងចិត្តពីអ្នកគាំទ្រ។
រុមដែលឈ្នះការប្រកួតដណ្តើមកន្លះកៅអីទ្វីបអាស៊ី ត្រូវបន្តការប្រកួតជម្រុះ Play-Off ម្តងទៀតដោយប៉ះក្រុមប៉េរូ នៅថ្ងៃទី១៤ ខែមិថុនា នាកីឡដ្ឋាន Ahmad Bin Ali ។ ប៉េរូជាក្រុមទទួលបានកន្លះកៅអី ពីប្រកួតជម្រុះទ្វីបអាម៉េរិកខាងត្បូង​ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ៥ ក្នុងពូល៕
 
 
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com