កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី ផ្ដួលអេមីរ៉ាតអារ៉ាប់រួម ហើយទៅជួបប៉េរូដណ្តើមកៅអីទៅ World Cup នៅកាតា
08, Jun 2022 , 10:55 am        
រូបភាព
អូស្តា្រលីនឹងត្រូវទៅជួបប៉េរូនៅសប្តាហ៍ក្រោយដើម្បីដណ្តើមកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា ក្រោយពេលបំបាក់ក្រុមអេមីរ៉ាត់អារ៉ាប់រួមក្នុងលទ្ធផល ២-១ នាថ្ងៃទី៧ ខែមិថុនា នាជំនួបវគ្គជម្រុះតំបន់ទ្វីបអាស៊ី។


២គ្រាប់របស់អូស្ត្រាលី ធ្វើបានដោយកីឡាករ Jackson Irvine​ នៅនាទី៥៣ និង Ajdin Hrusatic​ នៅនាទី៨៤ ដែលជាគ្រាប់ដែលស៊ុតទៅប៉ះជើងកីឡាករខ្សែការពារ Ali Salmeen ភ្លាត់ចូលទី ហើយបន្តក្តីសង្ឃឹមប្រកួតជម្រុះ World Cup។ ចំណែក ១គ្រាប់របស់អេមីរ៉ាត់អារ៉ាប់រួមធ្វើបានដោយកីឡាករ Caio។
 
ក្រោយទទួលជ័យជម្នះបែបនេះ កីឡាករខ្សែប្រយុទ្ធ Martin Boyle របស់អូស្ត្រាលីបាននិយាយថា ក្រុមរបស់គេធ្វើការងារបានល្អ ហើយក្រុមនឹងបន្តរកឱកាសឈ្នះម្តងទៀតនៅប្រកួតបន្ទាប់។
 
«យើងបានបង្ហាញពីភាពល្អនៃក្រុមរបស់យើង។ ខ្ញុំគិតថាយើងនឹងអាចឈ្នះការប្រកួតបន្តទៀត ហើយយើងនឹងចាប់យកឱកាសទាំងអស់នៅពេលវេលាល្អមកដល់។ ពេលនេះយើងបញ្ចប់ការងារទើបតែបានពាក់កណ្តាលប៉ុណ្ណោះ។ យើងនឹងត្រៀមខ្លួនហើយប្រយុទ្ធម្តងទៀត។«។ កីឡាករ Martin Boyle របស់អូស្ត្រាលីនិយាយបែបនេះក្រោយចប់ការប្រកួត។
 
អូស្ត្រាលី ត្រូវជួបក្រុមប៉េរូ ដែលមានកន្លះកៅអីទ្វីបអាម៉េរិកខាងត្បូង នាកីឡដ្ឋាន Ahmad Bin Ali ក្នុងជំនួបជម្រុះអន្តរទ្វីបដណ្តើមកៅអីទៅ World Cup 2022 នៅប្រទេសកាតានា ខែវិច្ឆិកាខាងមុខ។
 
សម្រាប់ការប្រកួតជម្រុះ Play-Off អន្តរទ្វីបដណ្តើមកៅអី World Cup 2022 មួយគូទៀត កូស្តារីកានៃទ្វីបអាម៉េរិកខាងជើង ត្រូវតទល់ជាមួយនូវែលសេឡង់របស់ទ្វីបអូសេអានីនៅថ្ងៃទី១៥ ខែមិថុនា៕
 

Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com