អន្តរជាតិ
លោក អាល់បានីស៖ យន្តហោះចិនហោះកាត់មុខយន្តហោះអូស្រ្តាលីក្នុងដែនអាកាសអន្តរជាតិ
08, Jun 2022 , 8:29 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលអូស្រ្តាលី លោក អាន់ថូនី អាល់បានីស។ រូបភាព៖ AFP
ប្រមុខរដ្ឋាភិបាលអូស្រ្តាលី លោក អាន់ថូនី អាល់បានីស។ រូបភាព៖ AFP
ប្រមុខរដ្ឋាភិបាលអូស្រ្តាលី អាន់ថូនី អាល់បានីស នៅថ្ងៃទី៨ ខែមិថុនា បញ្ជាក់ថា យន្តហោះល្បាតរបស់អូស្រ្តាលី បានហោះក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង នៅពេលយន្តហោះចិនបានបើកកាត់មុខ និងបានបញ្ចេញកម្ទេចអាលុយមីញ៉ូមតូចៗ។ រដ្ឋាភិបាលអូស្រ្តាលី បានចាត់ទុកសកម្មភាពបែបនោះថា គ្រោះថ្នាក់យ៉ាងខ្លាំង។


មួយរយៈចុងក្រោយ អូស្រ្តាលី និងចិន បានប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នាយ៉ាងខ្លាំង ជុំវិញឧបទ្ទវហេតុនៅក្នុងសមុទ្រចិនខាងត្បូង ដោយយន្តហោះចិន បានបើកកាត់មុខយន្តហោះអូស្រ្តាលី។ មិនតែប៉ុណ្ណោះ យន្តហោះចម្បាំងចិន ថែមទៀតបញ្ចេញសារធាតុអាលុយមីញ៉ូមថែមទៀត ដែលសកម្មភាពបែបនេះ ត្រូវបានអូស្រ្តាលី យល់ថា បង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់យន្តហោះល្បាតប្រឆាំងនាវាមុជទឹក P-8A។ កម្ទេចអាលុយមីញ៉ូមមួយចំនួន បានហើរចូលក្នុងម៉ាស៊ីនយន្តហោះល្បាតអូស្រ្តាលី។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៨ ខែមិថុនា នាយករដ្ឋមន្រ្តីអូស្រ្តាលី អាន់ថូនី អាល់បានីស បានថ្លែងថា យន្តហោះខ្លួនមិនបានហោះចូលក្នុងដែនអធិបតេយ្យប្រទេសណាឡើយ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei ចាត់ទុកសកម្មភាពយន្តហោះអូស្រ្តាលីគំរាមកំហែងដែនអធិបតេយ្យ និងសន្តិសុខខ្លួន។ 
 
«ហេតុការណ៍នេះ បានកើតឡើងនៅក្នុងដែនអាកាសអន្តរជាតិ...»។ លោក អាល់បានីស បានផ្តល់ចម្លើយទៅអ្នកសារព័ត៌មានបែបនេះ ទាក់ទិននឹងការគំរាមកំហែងរបស់ចិនលើសកម្មភាពយន្តហោះអូស្រ្តាលី។ 
 
ក្នុងថ្ងៃទី៧ ខែមិថុនាកន្លងទៅ អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយការពារថា សកម្មភាពយន្តហោះចម្បាំងរបស់ខ្លួនធ្វើបែបនោះ គឺដោយសារយន្តហោះ P-8A របស់អូស្រ្តាលី បានហោះមកក្បែរដែនអាកាសនៃកោះប៉ារ៉ាសែល (Paracel) ហើយភាគីចិនក៏ប្រាប់ឱ្យយន្តហោះ P-8A ចាកចេញផងដែរ។ 
 
ទំនាក់ទំនងអូស្រ្តាលី-ចិន ហាក់មិនល្អប្រសើរឡើយ បើទោះអូស្រ្តាលីបានប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេស ដែលដឹកនាំដោយបក្សពលករវិញ។ បន្ទាប់ពីលោក អាល់បានីស ស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាល សមភាគីចិន លោកលី ខឹឈាំង បានផ្ញើលិខិតអបអរ ដោយលោកសង្ឃឹមថា ប្រទេសទាំងពីរអាចធ្វើការរួមគ្នា និងពង្រឹងទំនាក់ទំនងក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
កន្លងមក រដ្ឋាភិបាលក្រុងកង់បេរ៉ា និងក្រុងប៉េកាំង ប៉ះសម្តីគ្នាជាច្រើនលើជុំវិញនាវាចិនមានវត្តមាននៅក្បែរមូលដ្ឋានយោធាអូស្រ្តាលី និងនាវាចិនបាញ់ភ្លើងឡាស៊ែរដាក់យន្តហោះអូស្រ្តាលី។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងកង់បេរ៉ា បានបង្ហាញក្តីបារម្ភជាច្រើន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ អូស្ត្រាលី តែងចោទចិនថា អាចរៀបចំមូលដ្ឋានយោធា និងពង្រីកឥទ្ធិពលខ្លួននៅតំបន់នោះ៕ 
 

Tag:
 អូស្រ្តាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com