កីឡាអន្តរជាតិ
អន្តរជាតិ
Luka Modric បន្តកិច្ចសន្យាជាមួយ Real Madrid ដល់ឆ្នាំ២០២៣
09, Jun 2022 , 11:08 am        
រូបភាព
ខ្សែបម្រើក្រូអាស៊ី Luka Modric នៅថ្ងៃទី៨ ខែមិថុនា បានចុះកិច្ចសន្យាបន្ថែមមួយឆ្នាំទៀតជាមួយក្លិប Real Madrid។ រូបគេក៏នឹងស្នាក់នៅជាមួយក្រុមម្ចាស់ជើងឯក Champions League​ ១៤សម័យ រហូតដល់ខែមិថុនា ឆ្នាំ​ ២០២៣។​



ការប្រកាសបន្តកិច្ចសន្យាជាមួយ Real Madrid ធ្វើឡើងក្រោយពេលកីឡាករវ័យ៣៦ឆ្នាំរូបនេះ ជួយក្លិបអេស្ប៉ាញ ឈ្នះពានរង្វាន់ Champions League លើកទី១៤ និងជាលើកទី៥ សម្រាប់រូបគេ ក្នុងអាជីពជាមួយក្លិបអធិរាជសចាប់តាំងពីចូលរួមក្នុងឆ្នាំ២០១២ មក។ ក្នុងរដូវកាល២០២១-២២ Modric ក៏បានរួមចំណែកជួយ Real ឈ្នះជើងឯក La Liga។ 
 
នេះជាការបន្តកិច្ចសន្យាលើកទី២ សម្រាប់កីឡាករសញ្ជាតិក្រូអាស៊ីដែលបានចុះកិច្ចសន្យាបន្តជាមួយ ​Real Madrid ក្នុងពេល២ឆ្នាំមកនេះ។ Luka Modric ក៏ជាកីឡាករធ្លាប់បានឈ្នះពានរង្វាន់ឯកត្តជន Ballon d’Or ក្នុងឆ្នាំ ២០១៨ ដែលពេលនោះប្រជែងជាមួយ Cristiano Ronaldo, Antoine Griezmann និង Kylian Mbappe។
 
Modric ចាប់តាំងចូលរួមជាមួយ Real បានបង្ហាញខ្លួនចំនួន៤៣៦ប្រកួតរាល់គ្រប់កម្មវិធីប្រកួត ហើយរកគ្រាប់បាល់បាន ៣១គ្រាប់ និងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម៧៣លើក។ ខ្សែបម្រើក្រូអាស៊ីរូបនេះ ជាកីឡាករទី២០ប្រចាំប្រត្តិសាស្ត្រក្លិប Real ដែលបានបង្ហាញខ្លួនច្រើនប្រកួត ខណៈ Ronaldo ស្ថិតនៅលេខទី១៨។
 
ក្រៅពីឈ្នះពានរង្វាន់ Champions league ៥លើក Modric ក៏បានជួយ Real ឈ្នះពានរង្វាន់ La Liga ៣លើក, Copa del Rey ១លើក, Spain Super Cups ៤លើក, ​European Super Cups ៣លើក និង ​FIFA Club World Cups ៤លើក៕
 

Tag:
 Luka Modric
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com