អន្តរជាតិ
វៀតណាម និងឥណ្ឌា ឯកភាពគ្នាពង្រីងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី
09, Jun 2022 , 12:03 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិវៀតណាម លោក  Phan Van Giang (ខាងឆ្វេង) ជាមួយសមភាគីឥណ្ឌា លោក Rajnath Singh នៅក្នុងក្រុងហាណូយ។ រូបភាព៖ VNA
រដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Phan Van Giang (ខាងឆ្វេង) ជាមួយសមភាគីឥណ្ឌា លោក Rajnath Singh នៅក្នុងក្រុងហាណូយ។ រូបភាព៖ VNA
រដ្ឋមន្រ្តីការពារជាតិវៀតណាម លោក  Phan Van Giang នៅថ្ងៃទី៨ ខែមិថុនា បានជួបជជែកដោយផ្ទាល់ជាមួយសមភាគីឥណ្ឌា លោក Rajnath Singh នៅក្នុងក្រុងហាណូយ។ ភាគីទាំងពីរ បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របពេលទំនាក់ទំនងឥណ្ឌា និងវៀតណាម ឈានចូលដល់៥០ឆ្នាំ។

 
លោក Rajnath Singh បានធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅវៀតណាម ដោយផ្តើមពីថ្ងៃទី៧ ខែមិថុនា ដើម្បីស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនងទ្វេភាគី ដែលឈានចូលដល់រយៈពេល ៥០ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Phan Van Giang  និងសមភាគីឥណ្ឌា លោក Singh បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមសម្រាប់ភាពជាដៃគូការពារជាតិដល់ឆ្នាំ២០៣០»។ សេចក្តីថ្លែងការណ៍រួមមួយនេះ នឹងពង្រីកទំហំកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងឥណ្ឌា។ 
 
«កិច្ចសហប្រតិបត្តិការការពារជាតិ ជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។ ប្រមុខការពារជាតិឥណ្ឌា បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា រដ្ឋាភិបាលក្រុងញូវដែលី ចាត់ទុកក្រុងហាណូយ ជាដៃគូដ៏សំខាន់មួយនៃ«គោលនយោបាយមកកាន់ភាគខាងកើត» របស់ខ្លួន។ ត្រង់ចំណុចនេះ លោក Singh បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគី នឹងបន្តរីកចម្រើន រួមទាំងអាចមាននៅគ្រប់វិស័យ។ 
 
ទស្សនកិច្ចរបស់ប្រមុខការពារជាតិឥណ្ឌានៅវៀតណាមបែបនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាការពង្រឹងទំនាក់ទំនងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនបានបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងសេរីជាដើម។
 
ចំណែកសមភាគីវៀតណាមវិញ បានសាទរចំពោះការគាំទ្ររបស់ឥណ្ឌាមកលើខ្លួន នៅក្នុងវិស័យជាច្រើន ក្នុងនោះមានដូចជាសមត្ថភាពកសាង និងជំនួយសម្រាប់វិស័យការពារជាតិ។ បើតាមលោក Giang ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិឥណ្ឌា គឺមានអត្ថន័យសំខាន់ណាស់ ស្របពេលប្រទេសទាំងពីរមានទំនាក់ទំនងមានរយៈពេល៥០ឆ្នាំហើយ។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ ក៏បានពិភាក្សាពីបញ្ហានៅក្នុងតំបន់ផង។ លោក Giang និងលោក Singh បានយល់ថា នយោបាយ និងសន្តិសុខសកលលោក មានការវិវដ្តទៅរកភាពស្មុគស្មាញយ៉ាងខ្លាំង ខណៈតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងប្រឈមហានិភ័យខ្ពស់។ បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ បានទទូចឱ្យមានការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការគោរពតាមច្បាប់អន្តរជាតិ។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានជួបជាមួយលោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម និងលោកង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាមផងដែរ។ 
 
សូមបញ្ជាក់ថា វៀតណាម និងឥណ្ឌាកន្លងមក បានពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងខ្លាំង។ នៅក្នុងឆ្នាំ២០០៧ ប្រទេសទាំងពីរ បានដំឡើងទំនាក់ទំនងទៅកម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» មុននឹងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទៅកម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់គ្រងជ្រោយ» នៅក្នុងឆ្នាំ២០១៦ ៕ 
 

Tag:
 វៀតណាម
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com