កីឡាអន្តរជាតិ
អន្តរជាតិ
Hazard ៖ ខ្ញុំត្រលប់ទៅភាពខ្លាំងវិញដូចដែលមានកាលពីមុន
09, Jun 2022 , 3:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Eden Hazard ថ្ងៃទី៨ ខែមិថុនា បាននិយាយថា​ រូបគេវិលត្រលប់ទៅកាន់ភាពខ្លាំងដូចកាលពីមុនវិញ ក្រោយពេលជួយក្រុមជម្រើសជាតិបែលហ្ស៊ិកឈ្នះលើប៉ូឡូញលទ្ធផល ៦-១ ក្នុងជំនួប UEFA Nations League។



ជ័យជម្នះរបស់បែលហ្ស៊ិកទាំង៦គ្រាប់ ធ្វើបានដោយកីឡាករ Axel Witsel, Kevin De Bruyne, Leandro Trossard, Leander Dendoncker និង Lois Openda។ ចំណែក Eden Hazard ក៏បានចូលរួមចំណែកបញ្ជូនបាល់ឱ្យ De Bruyne មួយគ្រាប់។ រីឯ ១គ្រាប់របស់ប៉ូឡូញជាការស៊ុតបើកឆាកដោយ Robert Lewandowski នៅនាទី២៨ វគ្គទីមួយ។
 
និយាយប្រាប់ទៅកាន់ទូរទស្សន៍ RTL Sport ក្រោយឈ្នះការប្រកួត Hazard បាននិយាយថា ពេលវេលាលេងគ្រប់គ្រាន់ជាកូនសោរសម្រាប់រូបគេវិលត្រលប់ទៅកាន់ទម្រង់លេងដ៏ខ្លាំងវិញ។
«ខ្ញុំកំពុងវិលត្រលប់ទៅកាន់ភាពខ្លាំងដូចដែលខ្ញុំធ្លាប់មានកាលពីមុន។ ខ្ញុំក៏នឹងក្លាយជាកីឡាករខ្លាំងម្តងទៀតដូចកាលពីមុន ដោយអាចលេងរាល់ការប្រកួត និងមានពេលវេលាលេងគ្រប់គ្រាន់ឡើងវិញ។»។ Hazard និយាយបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ Hazard ក៏បានអះអាងទៀតថា រូបគេរំពឹងអាចបន្តបង្ហាញខ្លួនបានជាប់លាប់ជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក និងជាប់ជាជម្រើស១១នាក់ដំបូង។
 
ចាប់តាំងពីចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៩ មក រូបគេមិនសូវទទួលបានពេលវេលាបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូងឡើយ ជាហេតុធ្វើឱ្យកីឡាកររូបនេះមានទម្រង់លេងមិនសូវល្អរយៈពេលចុងក្រោយនេះ។
 
Hazard បានបង្ហាញខ្លួនជាមួយ Real Madrid ចំនួន៨០ប្រកួត រាល់គ្រប់កម្មវិធី ដោយរកគ្រាប់បានត្រឹមតែ៧គ្រាប់ ហើយបញ្ជូនបាល់១១ដង និងលេងបានត្រឹមតែជាង ៤,១៦១នាទីតែប៉ុណ្ណោះ៕
 

Tag:
 Eden Hazard
  Nations League
© រក្សាសិទ្ធិដោយ thmeythmey.com