អន្តរជាតិ
ក្រុមសិទ្ធិមនុស្ស អំពាវនាវឱ្យប្រមុខសិទ្ធិមនុស្ស UN លាលែងពីតំណែង ក្រោយទស្សនកិច្ចនៅចិន
09, Jun 2022 , 7:29 pm        
រូបភាព
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ។ រូបថត Xinhua
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ។ រូបថត Xinhua
ដោយ:
អង្គការសិទ្ធិមនុស្សជាច្រើនក្រុម នៅថ្ងៃទី៨ ខែមិថុនា ចេញសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet លាលែងពីតំណែង ។ ក្រុមអង្គការទាំងនេះ ចោទលោកស្រី Bachelet ថា បិទបាំងអំពើឃោឃៅផ្នែកសិទ្ធិមនុស្សរបស់ក្រុងប៉េកាំងក្រោយបំពេញទស្សនកិច្ចនៅចិនកាលពីចុងខែឧសភា។

 
អំឡុងទស្សនកិច្ច៦ថ្ងៃនៅចិនកាលពីចុងខែឧសភា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet រងការរិះគន់យ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសខាងលិច និងក្រុមសិទ្ធិមនុស្ស។ ទន្ទឹមនេះ សកម្មជន និងរដ្ឋាភិបាលលោកខាងលិចក៏បានទាមទារឱ្យលោកស្រីបញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងដែរដែលបានពន្យាពេលប្រកាស ទោះបានបញ្ចប់តាំងពីចុងឆ្នាំ២០២១ មកក្ដី។ 
 
អង្គការសិទ្ធិមនុស្សជាង២៣០ដែលភាគច្រើនជាក្រុមគាំទ្រសិទ្ធិរបស់ជនជាតិវីហ្គ័រ ទីបេ និងហុងកុងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវឱ្យលោកស្រី Bachelet លាលែងពីតំណែងជាបន្ទាន់។ បន្ថែមពីលើនេះ ក្រុមសិទ្ធិមនុស្សទាំងនោះក៏បានជំរុញឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស កុំបើកផ្លូវសម្រាប់អាណត្តិទីពីរឱ្យលោកស្រី Bachelet ទៀតផងដខណៈអាណត្តិទីមួយ នឹងបញ្ចប់នៅចុងខែសីហាខាងមុខ។
 
« លោកស្រី Bachelet បានខ្ជះខ្ជាយឱកាសដ៏កម្រមួយដើម្បីជំរុញឱ្យមានការទទួលខុសត្រូវ ដោយបរាជ័យរកអំណះអំណាងពីការំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលប្រព្រឹត្តដោយអាជ្ញាធរចិន»។ ទីភ្នាក់ងារព័ត៌មាន AFP ស្រង់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសិទ្ធិមនុស្សនៅថ្ងៃទី៨ ខែមិថុនា។ បើតាមសេចក្តីថ្លែងការណ៍រួមដដែល ទស្សនកិច្ចគ្មានបានការរបស់ឧត្តមស្នងការសិទ្ធិមនុស្ស មិនត្រឹមតែធ្វើឱ្យវិបត្តិសិទ្ធិមនុស្សរបស់អ្នកក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនកាន់តែអាក្រក់នោះទេ តែក៏ធ្វើឱ្យខូចកិត្តិយសនៃសុចរិតភាពរបស់​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​សាកលទៀតផង។
 
ពាក់ព័ន្ធនឹងរឿងនេះ ក្រុមសិទ្ធិមនុស្សទាំងនោះអះអាងថា ប្រមុខសិទ្ធិមនុស្សសញ្ជាតិស៊ីលី បានបិទបាំងអំពើឃោឃៅ និងធ្វើឱ្យការព្យាយាមបិទបាំងឧក្រិដ្ឋកម្មរបស់ក្រុងប៉េកាំងស្របច្បាប់ថែមទៀត។ ពួកគេក៏បានរិះគន់លោកស្រី Bachelet ជុំវិញការប្រើប្រាស់ពាក្យមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួសឱ្យពាក្យជំរំឃុំឃាំងនៅតំបន់ស៊ីនជាំងផងដែរ។ កន្លងមក ប្រទេសលោកខាងលិចចោទចិនថា បានឃុំជនជាតិវីហ្គ័រប្រមាណ១លាននាក់ក្នុងជំរំលត់ដំទាំងនោះ។ 
 
អំឡុងសន្និសីទក្រោយចប់ទស្សនកិច្ច លោកស្រី Bachelet បាននិយាយការពារខ្លួនថា ទស្សនកិច្ចរបស់លោកស្រីនៅចិនមិនសំដៅលើការស៊ើបអង្កេតនោះទេ តែជាឱកាសសម្រាប់ពិភាក្សាពីបញ្ហាសិទ្ធិមនុស្សជាមួយមន្រ្តីជាន់ខ្ពស់ចិន ហើយបើកផ្លូវសម្រាប់កិច្ចចរចាបន្ត។ ជាមួយគ្នានេះ លោកស្រីអំពាវនាវឱ្យរដ្ឋាភិបាលចិនត្រួតពិនិត្យមើលវិធានការបង្រ្កាបភេរវកម្មរបស់ខ្លួនឡើងវិញកុំឱ្យបំពានដល់សិទ្ធិជនជាតិវីហ្គ័រ និងជនជាតិមូស្លីមដទៃទៀត។
 
ថ្វីបើយ៉ាងនេះក្តី នៅសប្តាហ៍ក្រោយ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លោកស្រី Bachelet អាចនឹងប្រឈមពីការសួរដេញដោលពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនៅចិនទៀតផង៕
 
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com