អន្តរជាតិ
ក្រសួងការបរទេសអាម៉េរិក ឯកភាពលក់គ្រឿងបរិក្ខារថែទាំនាវាឱ្យតៃវ៉ាន់ ក្នុងតម្លៃ១២០លានដុល្លារ
09, Jun 2022 , 8:29 pm        
រូបភាព
អាម៉េរិក, តៃវ៉ាន់, ចិន
អាម៉េរិក, តៃវ៉ាន់, ចិន
ក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងបៃតងសម្រាប់គម្រោងទិញគ្រឿងបរិក្ខារថែទាំនាវាចម្បាំង ក្នុងទំហំប្រមាណ ១២០លានដុល្លាររបស់តៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពនាវាចម្បាំងទប់នឹងការគំរាម ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ក្រសួងការពារជាតិតៃវ៉ាន់សង្ឃឹមថា ការស្នើមួយនេះ អាចនឹងចូលជាធរមានក្នុងរយៈពេល១ខែ។

 
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី៨ ខែមិថុនា បានអះអាងថា ខ្លួនបានជូនដំណឹងទៅសភាពីការយល់ព្រមរបស់ក្រសួងការបរទេសអាម៉េរិកលើការលក់គ្រឿងបរិក្ខារ និងបច្ចេកទេសឱ្យតៃវ៉ាន់។ ការលក់នេះ ធ្វើឡើងតាមសំណើការិយាល័យតំណាងវប្បធម៌ និងសេដ្ឋកិច្ចរបស់តៃវ៉ាន់នៅក្នុងក្រុងវ៉ាស៊ីនតោន។ 
 
សំណើនៃការលក់នោះ ត្រូវបានរួមបញ្ចូលគ្រឿងបន្លាស់ និងបរិក្ខារសម្រាប់ជួសជុលនាវា, ប្រព័ន្ធនាវាចម្បាំង និងជំនួយបច្ចេកទេស។
 
«សំណើលក់មួយនេះ នឹងចូលរួមក្នុងការទ្រទ្រង់កងកម្លាំងកងនាវា រួមទាំងពង្រឹងសមត្ថភាពរបស់ខ្លួនទល់នឹងការគំរាម ក្នុងពេលបច្ចុប្បន្ន និងអនាគត»។ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក បានបញ្ជាក់បែបនេះ។ 
 
ក្រសួងការពារជាតិតៃវ៉ាន់ បានអរគុណអាម៉េរិក ដែលជួយគាំទ្រអភិវឌ្ឍសមត្ថភាពការពារខ្លួន។ បើតាមតៃវ៉ាន់ សំណើលក់នោះ នឹងធ្វើឱ្យនាវាចម្បាំងតៃវ៉ាន់ មានគ្រឿងបរិក្ខារបំពាក់បានត្រឹមត្រូវ និងអាចជួសជុលឡើងវិញ។
 
ក្រសួងការពារជាតិដែនកោះមួយនេះ បានបន្ថែមថា ផែនការទិញគ្រឿងបរិក្ខារនេះ ជាការឆ្លើយតបនឹងការកើនឡើងសកម្មភាពរបស់នាវាចម្បាំងចិន នៅក្នុងដែនទឹកជុំវិញតៃវ៉ាន់។ នាវាចម្បាំងរបស់តៃវ៉ាន់ភាគច្រើន ត្រូវបានអភិវឌ្ឍដោយអាម៉េរិក។ 
 
កន្លងមក ចិនបានធ្វើសមយុទ្ធយោធាញឹកញាប់នៅក្បែរកោះតៃវ៉ាន់ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន និងព្រមានរដ្ឋាភិបាលកោះមួយនេះ មិនឱ្យប្រកាសឯករាជ្យ។ មិនតែប៉ុណ្ណោះ យន្តហោះចម្បាំងចិនជាច្រើនគ្រឿង តែងហោះចូលដែនកំណត់ការពារដែនអាកាសតៃវ៉ាន់ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងតៃប៉ិបញ្ជូនយន្តហោះចម្បាំងទៅឃ្លាំមើល៕ 
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com