អន្តរជាតិ
ចិន និងរុស្ស៊ី ការពារការប្រើសិទ្ធិវ៉េតូប្រឆាំងទណ្ឌកម្មកូរ៉េខាងជើង
09, Jun 2022 , 4:35 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ​ នៅថ្ងៃទី៨ ខែមិថុនា ចិន និងរុស្ស៊ីបានការពារការប្រើសិទ្ធិវ៉េតូរបស់ខ្លួនពាក់ព័ន្ធសេចក្តីព្រាងសេចក្តីសម្រេច ដែលបានស្នើដោយអាម៉េរិកដើម្បីដាក់លើកូរ៉េខាងជើង ព្រោះចាប់ផ្ដើមបាញ់មីស៊ីលប៉ាលីស្ទិកអន្តរទ្វីបជាថ្មី។ នេះជាកិច្ចប្រជុំលើកដំបូងរបស់មហាសន្និបាតសម្រាប់ទុកឱកាសសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខបកស្រាយពីការប្រើប្រាស់សិទ្ធិវ៉េតូរបស់ខ្លួន។



 
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែមិថុនា បានរៀបចំកិច្ចប្រជុំលើកដំបូង ដែលតម្រូវឱ្យចិន និងរុស្ស៊ី ពន្យល់ពីហេតុផលនៃការប្រើប្រាស់សិទ្ធិវ៉េតូលើសេចក្តីព្រាងសេចក្តីសម្រេចដាក់ទណ្ឌកម្មលើកូរ៉េខាងជើងពីសំណាក់អាម៉េរិកនៅថ្ងៃទី២៦ ខែឧសភាកន្លងទៅ។ ក្នុងកិច្ចប្រជុំមួយនេះ អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានទម្លាក់កំហុសលើគោលនយោបាយអាម៉េរិក ដែលជំរុញឱ្យឧបទ្វីបកូរ៉េ មានភាពតានតឹងខ្លាំង ហើយលោកបានជំរុញឱ្យអាម៉េរិកស្វែងរកដំណោះស្រាយ រួមទាំងលើកចោលទណ្ឌកម្មលើកូរ៉េខាងជើង។ 
 
«វាមានរឿងជាច្រើនដែលអាម៉េរិកអាចធ្វើបាន ដូចជាការបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ក្នុងវិស័យណាមួយ និងបញ្ចប់សមយុទ្ធជាមួយកូរ៉េខាងត្បូងជាដើម»។ លោក Zhang បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខប្រេសិតរបស់រដ្ឋផ្សេងៗ ដោយបន្តថា អាម៉េរិកត្រូវតែដាក់ចេញដំណោះស្រាយ ដោយមិនមែនគ្រាន់តែនិយាយពីការត្រៀមខ្លួនរួចរាល់លើកិច្ចចរចា ដែលគ្មានលក្ខខណ្ឌជាមុននោះឡើយ។ 
 
ស្រដៀងនឹងប្រេសិតចិនដែរ អគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Anna Evstigneeva បានទទូចឱ្យលើកទណ្ឌកម្មលើកូរ៉េខាងជើងចោល ស្របពេលប្រទេសមួយនេះ កំពុងត្រូវការជំនួយមនុស្សធម៌ជាច្រើន។ បន្ថែមពីនេះ លោកស្រី Evstigneeva បានអំពាវនាវឱ្យប្រទេសលោកខាងលិច ឈប់បន្ទោសក្រុងព្យុងយ៉ាងពីការបង្កភាពតានតឹងនៅក្នុងតំបន់។ 
 
កិច្ចប្រជុំនេះ ត្រូវបានរៀបចំលើកដំបូង បន្ទាប់ពីមហាសន្និបាត បានអនុម័តសេចក្តីសម្រេចមួយនៅថ្ងៃទី២៦ ខែមេសា ដែលតម្រូវឱ្យសមាជិកអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ត្រូវពន្យល់ពីការប្រើសិទ្ធិវ៉េតូរបស់ខ្លួន។ កិច្ចប្រជុំបែបនេះ ត្រូវធ្វើឡើង ក្នុងរយៈពេល ១០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីសិទ្ធិវ៉េតូត្រូវបានប្រើប្រាស់។ 
 
ចំណែក អគ្គរដ្ឋទូតរងរបស់អាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Jeffrey DeLaurentis បានជំទាស់ការបកស្រាយរបស់ចិន និងរុស្ស៊ី ដោយចាត់ទុកការពន្យល់របស់តំណាងចិន និងរុស្ស៊ីពីការអនុវត្តសិទ្ធិវេតូ គឺមិនគ្រប់គ្រាន់ មិនអាចទុកចិត្តបាន និងមិនអាចជឿជាក់បាន។ បើតាមលោក DeLaurentis អាម៉េរិកសង្ឃឹមថា ចិន និងរុស្ស៊ី នឹងមិនបង្ហាញភាពជាដៃគូជាមួយកូរ៉េខាងជើង តាមរយៈការប្រើសិទ្ធិវ៉េតូ។ ប្រេសិតអាម៉េរិក រិះគន់ភាគីចិន និងរុស្ស៊ីថា សិទ្ធិវ៉េតូ មិនត្រូវបានប្រើប្រាស់ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពសមូហភាពឡើយ។
 
លោក DeLaurentis បានបន្ថែមថា សំណើដាក់ទណ្ឌកម្ម ជាការឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលជាច្រើនលើករួមទាំងមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប ខណៈអាម៉េរិកបានព្យាយាមស្វែងរកកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរជាថ្មី។ 
 
គួររំឭកថា ក្រុងព្យុងយ៉ាង នៅក្នុងខែមីនា និងខែឧសភា បានបាញ់មីស៊ីលប៉ាលិស្ទិកអន្តរទ្វីបជាថ្មី បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ ២០១៧ មក។ លើសពីនេះ មួយរយៈចុងក្រោយ អាម៉េរិក និងកូរ៉េខាងត្បូង បានព្រួយបារម្ភថា កូរ៉េខាងជើង អាចសាកល្បងនុយក្លេអ៊ែរជាថ្មី បើគិតចាប់តាំងពីឆ្នាំ២០១៧ ផងដែរនោះ៕ 
 

Tag:
 ចិន
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com