ជាតិ
វីដេអូ
សិល្បះ
ក្រុមហ៊ុន អិមអ ត្រេនីង & យ៉ប សេនធ័រ ផ្សារភ្ជាប់យុវជនទៅនឹងឱកាសការងារនាអនាគត
09, Jun 2022 , 4:54 pm        
រូបភាព
ក្រុមហ៊ុន អិមអ ត្រេនីង & យ៉ប សេនធ័រ (MR Training & Jobs Center) ដែលជាក្រុមហ៊ុន បណ្ដុះបណ្ដាល អភិវឌ្ឍជំនាញ និងស្វែងរកឱកាសការងារដល់យុវជន បានសម្ពោធជាផ្លូវការ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងអគារ Kampus ។

 
ពិធីសម្ពោធផ្លូវការ ក្រុមហ៊ុន MR Training & Jobs Center មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោកស្រី យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងលោក សៀ ឫទ្ធី អភិបាល នៃក្រុមហ៊ុន MR Training & Jobs Center ក៏ដូចជាប្រធានសមាគមធុរកិច្ច ម្ចាស់សហគ្រាស ពីបណ្ដាស្ថាប័នឯកជននានា ជាង២០០នាក់ផងដែរ។
 
ក្រុមហ៊ុន អិមអ ត្រេនីង & យ៉ប សេនធ័រ បង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក្នុងសម័យឌីជីថល ដែលក្រុមហ៊ុនឯកជន ស្ថាប័ន និងសហគ្រាសនានា កំពុងស្វែងរកធនធានមានចំណេះជំនាញពិតប្រាកដ ទៅបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន។
  


គោលដៅចម្បងរបស់ក្រុមហ៊ុន អិមអ ត្រេនីង & យ៉ប សេនធ័រ គឺផ្សារភ្ជាប់យុវជនទៅនឹងឱកាសការងារនាថ្ងៃអនាគត ដែលជាការរួមចំណែកពង្រីកសក្តានុពលរបស់វិស័យឯកជន កសាងធនធានមនុស្ស និងជំរុញកំណើតសេដ្ឋកិច្ចតាមរយៈកំណើនទីផ្សារការងារផងដែរ។ 
 
ក្នុងពិធីសម្ពោធផ្លូវការ ក្រុមហ៊ុន អិមអ ត្រេនីង & យ៉ប សេនធ័រ លោកស្រី យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បានអះអាងថា តាមរយៈសេវាកម្មរបស់ក្រុមហ៊ុន MR Training & Jobs Center និយោជក នឹងអាចទទួលបានបុគ្គលិកដែលមានការត្រៀមខ្លួនរួចរាល់ ក្នុងការបំពេញការងារឲ្យចំគោលដៅ ក្នុងក្រុមហ៊ុនសហគ្រាសរបស់ពួកគេផងដែរ។
 
លោកស្រី បញ្ជាក់ដូច្នេះថា៖« ក្រុមហ៊ុន MR Training & Jobs Center នឹងដើរតួនាទីក្នុងការផ្សារភ្ជាប់យុវជន ដែលមានចំណេះជំនាញ សមត្ថភាព វិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន»។


 
លោក សៀ ឫទ្ធី អភិបាលនៃក្រុមហ៊ុន MR Training & Jobs Center មើលឃើញថា កម្ពុជាមានប្រជាជនវ័យក្មេងជាច្រើន ដែលមានឆន្ទៈ និងភាពស្វាហាប់ ក្នុងការកសាងជីវភាពរស់នៅ និងចូលរួមចំណែកស្ថាបនាប្រទេសជាតិ ឱ្យបានកាន់តែប្រសើរឡើង។ លោក លើកឡើងថា៖ «ពួកគេអាចខ្វះកត្តាជំរុញ ដើម្បីអាចក្លាយជាអ្នកខ្លាំងពូកែប្រកបដោយទេពកោសល្យ ផ្សារភ្ជាប់ជាមួយនឹងការងារដែលរូបគេកំពុងធ្វើ។ ដូច្នេះហើយយើងបានបង្កើត MR Training and Jobs Center នេះឡើង ក្នុងបំណងដើម្បីដោះស្រាយបញ្ហាគម្លាតនេះ នៅក្នុងទីផ្សារកម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងខាងវិជ្ជាជីវៈបន្ថែមដល់ពួកគាត់»។
 
លោកស្រី ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន បានលើកឡើងថា៖«យើងផ្តោតលើសក្តានុពលយុវជន និងសម្លឹងឃើញថាតំណែង និងការងារ ក្នុងកម្រិតដំបូងមានសារៈសំខាន់ MR Training and Jobs Center បានផ្តោតលើតំណែងកម្រិតបឋម (entry level)  ដែលជាចំណុចចាប់ផ្តើមនៃបុគ្គលគ្រប់គ្នា»។ 


 
លោកស្រី ជឿជាក់ថា មនុស្សម្នាក់ៗ សុទ្ធតែចាប់ផ្តើមការងារពីកម្រិតដំបូង ហើយតំណែងនេះ ជាអ្នកអនុវត្ត ប្រតិបត្តិ និងឈរនៅជួរមុខ ជាមួយអតិថិនជនរបស់លោកអ្នក។ ដូច្នេះការជ្រើសរើស និងបំប៉ន តាមរយៈការបណ្តុះបណ្តាល ពីតថភាពជាក់ស្តែង អំពីការងារពិតប្រាកដ គឺរឹតតែសំខាន់។
 
សូមបញ្ជាក់ថា ក្រុមហ៊ុន MR Training and Jobs Center បានបណ្ដុះបណ្ដាល និងចែករំលែកចំណេះជំនាញ ដល់យុវជនមួយចំនួនរួចមកហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន នឹងផ្សារភ្ជាប់យុវជន នឹងឱកាសការងារនាពេលអនាគត ដោយសហការជាមួយក្រុមហ៊ុនល្អៗ ដើម្បីផ្ដល់យុវជន បានហាត់រៀន និងបញ្ចេញសមត្ថភាពផងដែរ៕
 











© រក្សាសិទ្ធិដោយ thmeythmey.com