អន្តរជាតិ
ចិន ផ្តល់លុយលើកទឹកចិត្តដល់ប្រជាជនដែលរាយការណ៍ពីទង្វើគំរាមសន្តិសុខជាតិ
09, Jun 2022 , 9:29 pm        
រូបភាព
ដោយ:
ពលរដ្ឋចិនអាចទទួលបានសាច់ប្រាក់រហូតដល់១៥០០០ដុល្លារសម្រាប់ការផ្តល់ព័ត៌មានទាក់ទិននឹងជនសង្ស័យចារកម្មបរទេស និងសកម្មភាពណាដែលបំពានដល់សន្តិសុខជាតិ។ នេះយោងតាមវិធានការថ្មីដែលចេញដោយក្រសួងសន្តិសុខចិននៅសប្តាហ៍នេះ។

 
ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលចិន បានផ្តល់រង្វាន់សម្រាប់ជនណាដែលផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការបំពានសន្តិសុខជាតិ។ ប៉ុន្តែវិធានការដែលទើបតែចេញដោយក្រសួងសន្តិសុខនៅសប្តាហ៍នេះ សំដៅដល់ការអនុវត្តឱ្យស្របតាមស្តង់ដារ ជាមួយនឹងការលើកទឹកចិត្តបន្ថែមដើម្បីឱ្យប្រជាជនចូលរួមរាយការណ៍ពីសកម្មភាព ឬទង្វើណាដែលគំរាមដល់សន្តិសុខប្រទេស និងការគំរាមពីភ្នាក់ងារស៊ើបការណ៍បរទេស។ 
 
«​វិធានការការនេះគឺអំណោយផលដល់ការរួមគ្នារបស់សាធារណជនទូទៅក្នុងការគាំទ្រ និងជួយដល់ការងារសន្តិសុខជាតិ ក៏ដូចជាការពួតដៃគ្នាយ៉ាងទូលំទូលាយរវាងប្រជាជនទាំងចិត្តគំនិត សីលធម៌ ប្រាជ្ញា និងកម្លាំង»។ តំណាងក្រសួងសន្តិសុខចិនប្រាប់កាសែតរដ្ឋ Legal Daily បែបនេះនៅថ្ងៃទី៧ ខែមិថុនា។
 
យោងតាមគោលការណ៍ណែនាំថ្មី ពលរដ្ឋណាផ្តល់ព័ត៌មានដែលអាចជាតម្រុយឈានដល់ការរកឃើញអំពើបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាចទទួលបានទឹកប្រាក់ចាប់ពី១៥០០ដុល្លារដល់១៥០០​ដុល្លារទៅតាមការរួមចំណែកជាក់ស្តែងក្នុងការទប់ស្កាត់ ឬដោះស្រាយករណីនោះ។ ពួកគេព្រមទាំងអាចទទួលបានរង្វាន់លើកទឹកចិត្ត​ក្នុងទម្រង់ជាវិញ្ញាបនបត្រផងដែរ។ ក្នុងការណែនាំដដែល ក្រសួងអាចរៀបចំពិធីប្រគល់រង្វាន់ដល់អ្នកផ្តល់ព័ត៌មានទាំងនោះថែមទៀត ប្រសិនបើពួកគេយល់ព្រម។
 
ទន្ទឹមនេះ ព័ត៌មានដែលផ្តល់ឱ្យនោះគួរតែបញ្ជាក់ជាក់លាក់អំពីមនុស្ស ឬសកម្មភាពជាប់ពាក់ព័ន្ធ ហើយអាចផ្តល់តាមរយៈបណ្តាញអ៊ីនធឺណិត តាមទូរស័ព្ទ តាមប្រៃសណីយ៍ ឬបណ្តាញទូរស័ព្ទបន្ទាន់របស់ក្រសួងសន្តិសុខជាតិ។ លើសពីនេះ ព័ត៌មានទាំងនោះត្រូវតែថ្មី ហើយប្រសិនបើមនុស្សពីរនាក់បញ្ជូនព័ត៌មានដូចគ្នា មានតែអ្នកទីមួយទេទើបអាចទទួលបានរង្វាន់។
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងព្យាយាមលើកទឹកចិត្តដល់សង្គមទាំងមូលចូលរួមការពារសន្តិសុខជាតិ។ ក្រសួងសន្តិសុខចិននៅសប្តាហ៍នេះថែមទាំងបាននិយាយចំៗពីភ្នាក់ងារចារកម្មបរទេស និងកងកម្លាំងអរិភាពផ្សេងៗទៀតដែលកំពុងបង្កើនសកម្មភាពជ្រៀតជ្រែកចូលទឹកដីចិនផង។
 
គួររំឭកថា បន្ទាប់ពីលោក ស៊ី ជិនភីង កាន់តំណែងជាប្រធានាធិបតីចិន គណៈកម្មការសន្តិសុខជាតិត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ហើយដឹកនាំដោយលោកផ្ទាល់ក្នុងកិច្ចប្រឹងប្រែងពង្រឹងសន្តិសុខជាតិ។ នៅឆ្នាំ២០១៥ ចិនបានអនុម័តច្បាប់សន្តិសុខជាតិគ្របដណ្តប់លើវិស័យជាច្រើនរួមមានវិស័យការពារជាតិ នយោបាយ សេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា អ៊ីនធឺណិត វប្បធម៌ លំហអាកាស មនោគមន៍វិជ្ជា និងសាសនា។ ក្រុងប៉េកាំងក៏បានបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ពលរដ្ឋរាយការណ៍ពីករណីសង្ស័យថាជាចារកម្មផងដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com