អន្តរជាតិ
ប្រជាជនថៃច្រើនជាង១៥ម៉ឺននាក់ចុះឈ្មោះដាំកញ្ឆា
10, Jun 2022 , 9:29 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ប្រជាជនថៃច្រើនជាង ១៥ម៉ឺននាក់ បានចុះឈ្មោះ ដើម្បីដាំកញ្ឆានៅផ្ទះរបស់ខ្លួន បន្ទាប់ពីការដកកញ្ឆាចេញពីបញ្ជីហាមឃាត់ចូលជាធរមាននៅថ្ងៃទី៩ ខែមិថុនា។ បើទោះកញ្ឆាជារុក្ខជាតិស្របច្បាប់នៅថៃក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលថៃ បានហាមឃាត់មនុស្សចំនួន៣ក្រុម មិនឱ្យទិញកញ្ឆាឡើយ ក្នុងនោះមាន ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងប្រជាជនមានអាយុក្រោម ២០ឆ្នាំ។

 
ចាប់ពីថ្ងៃទី៩ ខែមិថុនា ថៃ បានដកកញ្ឆាចេញពីបញ្ជីចំណាត់ថ្នាក់ទី៥ នៃសារធាតុនីកូទីនជាផ្លូវការ។ បានន័យថា កញ្ឆានឹងជាទំនិញស្របច្បាប់នៅក្នុងប្រទេស ដោយប្រជាជនអាចនាំចូល នាំចេញ ចែកចាយ ប្រើប្រាស់ និងកាន់កាប់ដោយស្របច្បាប់។ 
 
ដោយកញ្ឆាក្លាយជារុក្ខជាតិស្របច្បាប់បែបនេះ ប្រជាជនថៃច្រើនជាង១៥ម៉ឺននាក់ បានចុះឈ្មោះតាមពាក្យសុំ និងតាមវេបសាយ។ នេះបើតាមទិន្នន័យរបស់រដ្ឋបាលថ្នាំពេទ្យ និងអាហារថៃ (FDA) នៅថ្ងៃទី៩ ខែមិថុនា។ 
 
លោកPaisarn Dunkum អគ្គលេខាធិការរដ្ឋបាលថ្នាំពេទ្យ និងអាហារថៃ បានអះអាងថា ច្បាប់ថ្មីអនុញ្ញាតឱ្យប្រជាជនដាំកញ្ឆា លុះត្រាតែមានការចុះឈ្មោះលើវេបសាយរបស់ FDA។ មន្រ្តីថៃរូបនេះ បានបន្តថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា កម្មវិធីចុះឈ្មោះដាំកញ្ឆាត្រូវបានទាញយកនៅលើទូរសព្ទច្រើនជាង ៥ម៉ឺនដង ហើយប្រជាជនច្រើនជាង ១៥ម៉ឺននាក់ បានបញ្ចប់ការចុះឈ្មោះ។ 
 
រដ្ឋបាលថ្នាំពេទ្យ និងអាហារថៃ នឹងចេញលិខិតទទួលស្គាល់ការចុះឈ្មោះនោះតាមប្រព័ន្ធអេឡិចត្រូនិច។ ប៉ុន្តែបើការទទួលស្គាល់នោះ ត្រូវបានរកឃើញថា មានការបំពាននៅពេលក្រោយ FDA នឹងដកអាជ្ញាប័ណ្ណចោល។ រាល់អ្នកទទួលបានអាជ្ញាប័ណ្ណ នឹងអាចដាំកញ្ឆា ក្នុងគោលបំណងសម្រាប់សុខភាព, ការធ្វើថ្នាំបុរាណ, ឧស្សាហកម្ម និងពាណិជ្ជកម្ម។ 
 
មិនតែប៉ុណ្ណោះ ប្រជាជនថៃ ក៏អាចចម្រាញ់យកសារធាតុខ្លះពីកញ្ឆាផងដែរ។ ប៉ុន្តែការចម្រាញ់កញ្ឆា ត្រូវតែស្ថិតក្រោមបរិមាណ ០,២ភាគរយនៃសារធាតុតេត្រាអ៊ីដ្រូកាណាប៊ីណុល។ រាល់ការប្រើប្រាស់លើសពីបរិមាណនេះ អ្នកប្រើប្រាស់ត្រូវស្វែងរកការអនុញ្ញាត។ ម្យ៉ាងបរិមាណលើសពី ០,២ភាគរយនៃសារធាតុតេត្រាអ៊ីដ្រូកាណាប៊ីណុល នឹងត្រូវស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់ទី៥ នៃសារធាតុនីកូទីនដដែល និងស្ថិតនៅក្រោមច្បាប់ទាក់ទងការគ្រប់គ្រង និងបង្រ្កាបសារធាតុនីកូទីន។
 
បើទោះកញ្ឆាជារុក្ខជាតិស្របច្បាប់នៅក្នុងប្រទេសថៃមែន ប៉ុន្តែក្រសួងសុខាភិបានបានហាមឃាត់លក់ទៅឱ្យស្រ្តីមានផ្ទៃពោះ, ស្រ្តីបំបៅដោះកូន និងប្រជាជនមានអាយុក្រោម ២០ឆ្នាំ៕ 
 

Tag:
 ថៃ
  កញ្ឆា
© រក្សាសិទ្ធិដោយ thmeythmey.com