សេដ្ឋកិច្ច
អន្តរជាតិ
ធនាគារពិភពលោក៖ សង្រ្គាមនៅអ៊ុយក្រែនធ្វើឱ្យប្រទេសជាច្រើន ប្រឈមនឹងសេដ្ឋកិច្ចថមថយ
10, Jun 2022 , 10:10 am        
រូបភាព
លោកដេវីដ ម៉ាល់ប៉ាស់(David Malpass) ប្រធានធនាគារពិភពលោក ។ រូបថត ៖ World bank ។
លោកដេវីដ ម៉ាល់ប៉ាស់(David Malpass) ប្រធានធនាគារពិភពលោក ។ រូបថត ៖ World bank ។
ដោយ ៖ ធន់ សេងហុង
 
សង្រ្គាមនៅអ៊ុយក្រែន កំពុងធ្វើឱ្យប្រទេសជាច្រើននៅជុំវិញពិភពលោក ប្រឈមនឹងសេដ្ឋកិច្ចថមថយ ស្របពេលវិស័យមួយនេះ ទើបតែរងគ្រោះ ដោយសារជំងឺកូវីដ-១៩ និងការបិទខ្ទប់ប្រទេស។ ធនាគារពិភពលោក បានព្រមានបែបនេះ នៅថ្ងៃទី០៧ ខែមិថុនា។ ភាពអូសបន្លាយនៃសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងហក់ឡើង ដែលនាំឱ្យថ្លៃដឹកជញ្ជូន និងតម្លៃទំនិញកើនឡើង។

 
បន្ថែមពីវិបត្តិជំងឺកូវីដ-១៩​ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចសកលកាន់តែធ្លាក់ចុះ ដោយក្នុងនោះ អតិផរណាបន្តកើនឡើងឥតឈប់ឈរ។ បញ្ហានេះអាចបណ្តាឱ្យប្រទេសដែលមានចំណូលកម្រិតមធ្យម និងកម្រិតទាបជួបផលវិបាក។ ធនាគារពិភពលោក (WB) បានលើកឡើងបែបនេះ នៅក្នុងរបាយការណ៍ចំណងជើង «ទស្សនៈវិស័យសេដ្ឋកិច្ចសកល»។ ។
 
កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងស្រុតចុះពី ៥,៧ភាគរយក្នុងឆ្នាំ២០២១ មកនៅត្រឹម ២,៩ភាគរយក្នុងឆ្នាំ ២០២២  ហើយការរំពឹងទុកកម្រិត២,៩ភាគរយនេះ នឹងបន្តនៅទ្រឹងរហូតដល់ឆ្នាំ ២០២៣ និងឆ្នាំ២០២៤។ 
 
មូលហេតុចម្បងនោះ គឺសង្គ្រាមនៅអ៊ុយក្រែនបន្ទុចបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច​ ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ហើយក្នុងរយៈពេលខ្លីខាងមុខ តម្រូវការអ្នកប្រើប្រាស់នឹងធ្លាក់ចុះ។ ចំណែកគោលនយោបាយអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុ និងរូបិយវត្ថុក៏ត្រូវរឹតបណ្តឹងជាងមុន។ ការអូសបន្លាយនៃជំងឺឆ្លងសកល និងសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យចំណូលមនុស្សនៅបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងឆ្នាំនេះ ថយចុះជិត៥ភាគរយ បើធៀបនឹងរយៈពេលមុនផ្ទុះកូវីដ-១៩។
 
ប្រធាន​ធនាគារពិភពលោក លោក​ដេវីដ ម៉ាល់ប៉ាស់(David Malpass) បានលើកឡើងថា ៖« សង្គ្រាមនៅអ៊ុយក្រែន វិធានការបិទខ្ទប់នៅប្រទេសចិន ការបង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់… នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកមិនអាចងើបឡើងរួច »។ 
 
របាយការណ៍ដែលចេញផ្សាយក្នុងខែមិថុនានេះ ក៏បានលើកឡើងផងដែរថា សង្គ្រាមនៅអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារប្រភពថាមពល ទំនិញជួញដូរគ្រប់ប្រភេទដែលពាក់ព័ន្ធនឹងប្រភពថាមពលសុទ្ធតែឡើងថ្លៃ។ កាលណាប្រភពថាមពលកាន់តែឡើងថ្លៃ វាធ្វើឱ្យថ្លៃដើមផលិតកាន់តែកើនឡើង ស្ថានភាពហិរញ្ញវត្ថុ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែរឹតបណ្តឹង ជាពិសេសនៅបណ្តាប្រទេសដែលនាំចូលប្រភពថាមពលពីក្រៅ ។ 
 
ធនាគារពិភពលោក ណែនាំចំណាត់ការនានា ដើម្បីបញ្ចៀសផលវិបាកពីសង្រ្គាមនៅអ៊ុយក្រែនទៅលើសេដ្ឋកិច្ចពិភពលោក ដោយក្នុងនោះរួមមាន ការខិតខំរួមគ្នាជាសកលដើម្បីទប់ស្កាត់គ្រោះថ្នាក់ទៅលើជនរងគ្រោះដោយសារសង្គ្រាម ការបង្កើតចំណាត់ការនានា​ដែលរងឥទ្ធិពលពីការឡើងថ្លៃប្រេងឥន្ទនៈយ៉ាងគំហុក ការជំរុញល្បឿនឱ្យសម្រាលបន្ទុកបំណុល រួមទាំងការពង្រីងការចាក់វ៉ាក់សាំងនៅតាមបណ្តាប្រទេសមានចំណូលទាប។ 
 
របាយការណ៍ទស្សនសេដ្ឋកិច្ចសកល បានព្រមានអ្នករៀបចំគោលនយោបាយ ឱ្យចៀសវាងការដាក់ចេញគោលនយោបាយបង្ខូចទីផ្សារដូចជា ការគ្រប់គ្រងថ្លៃទំនិញ ឧបត្ថម្ភធន និងការហាមប្រាមការនាំចេញជាដើម ដែលទាំងអស់នេះអាចធ្វើឱ្យមុខទំនិញដែលកំពុងតែឡើងថ្លៃ មានតម្លៃកាន់តែខ្ពស់ថែមទៀត។ ជាមួយការប្រឈមទៅនឹងអតិផរណាខ្ពស់ កំណើនសេដ្ឋកិច្ចទាប ការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ និងលំហគោលនយោបាយសារពើពន្ធកាន់តែចង្អៀតជាងមុន បណ្តារដ្ឋាភិបាលគួរតែរៀបចំអាទិភាពចំណាយឡើងវិញ ដោយតម្រង់ទិសទៅរកគោលដៅជួយសម្រាលការលំបាករបស់ក្រុមប្រជាជនងាយរងគ្រោះ៕
 

Tag:
 អ៊ុយក្រែន អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com