កីឡាអន្តរជាតិ
អន្តរជាតិ
ពុករលួយក្នុង FIFA៖ ​លោក Blatter ​​បដិសេធផ្ដល់លុយពុករលួយ​ឱ្យលោក​ Platini
10, Jun 2022 , 11:02 am        
រូបភាព
លោក Sepp Blatter អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)
លោក Sepp Blatter អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Sepp Blatter បដិសេធផ្តល់លុយពុករលួយទៅឱ្យលោក Michel Platini អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នៅជំពោះមុខតុលាការស្វ៊ីសនៅថ្ងៃទី៩ ខែមិថុនា។ Blatter ថាលុយដែលបានផ្ទេរទៅលោក Platini អនុវត្តតាមកិច្ចព្រមព្រៀងត្រឹមត្រូវដែលហៅថា«កិច្ចព្រមព្រៀង​របស់​សុភាព​បុរស»។


រដ្ឋអាជ្ញាប្រទេសស្វីសបានចោទលោក Blatter ថា បានរៀបចំការបង់ប្រាក់ដោយខុសច្បាប់ចំនួន២,៤លានដុល្លារ ទៅឱ្យលោក Platini នៅឆ្នាំ២០១១ សម្រាប់ការងារពិគ្រោះយោបល់ ដែលលោកជាប្រធានក្រុមជម្រើសជាតិបារាំងឱ្យទទួលជ័យជម្នះជើងឯកអឺរ៉ុប Euro ឆ្នាំ ១៩៨៤។ យ៉ាងណាក៏ដោយ Blatter និង Platini ដែលធ្លាប់ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតក្នុងកីឡាបាល់ទាត់បដិសេធការចោទប្រកាន់នេះ។
 
នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មសហព័ន្ធស្វីស លោក Blatter ដែលបដិសេធបទចោទពុករលួយម្តងហើយម្តងទៀត និយាយថាខ្លួនបានស្នើសុំឱ្យ Platini ធ្វើជាទីប្រឹក្សាក្រោយលោកត្រូវបានជ្រើសរើសជាប្រធាន FIFA ជាលើកដំបូងក្នុងឆ្នាំ ១៩៩៨។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
កាលនោះ Platini បានទារប្រាក់ឈ្នួល ១ លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែលោក Blatter បានប្រាប់បុរសសញ្ជាតិបារាំងវិញថា FIFA គ្មានលទ្ធភាពផ្តល់ប្រាក់ឈ្នួលច្រើនបែបនេះទេ។ ជំនួសមកវិញ Blatter បានយល់ព្រមថា Platini ដែលជាកីឡាករដ៏អស្ចារ្យបំផុតនៅជំនាន់នោះ នឹងទទួលបានប្រាក់ឈ្នួលជាង៣សែនដុល្លារក្នុងមួយឆ្នាំ ហើយប្រាក់ដែលនៅសល់នឹងត្រូវបង់នៅពេលក្រោយ។
 
«ខ្ញុំដឹងថានៅពេលដែលយើងចាប់ផ្តើមការងារជាមួយ Michel Platini ទឹកប្រាក់នោះមិនមែនជាចំនួនសរុបទេ ដោយត្រូវពិនិត្យមើល និងផ្តល់បន្ថែមតាមក្រោយទៀត»។ បុរសសញ្ជាតិស្វ៊ីសវ័យ៨៦ឆ្នាំ ប្រាប់តុលាការដូច្នេះ ដោយសំដៅប្រាក់ឈ្នួលជាង៣០ម៉ឺនដុល្លារ ជាកិច្ចព្រមព្រៀងគ្នាសម្រាប់ការងារទីប្រឹក្សាបច្ចេកទេសរបស់ Platini។
  

លោក Michel Platini អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)

លោក Blatter បន្ថែមថា​ការ​រៀបចំ​នេះ​ត្រូវបានលោកចាត់ទុកជា​ កិច្ចព្រមព្រៀង​របស់​សុភាព​បុរស ហើយនេះជាកិច្ចព្រមព្រៀងរវាងមនុស្សពីរនាក់ដែលមិនមានអ្វីខុសច្បាប់នោះទេ។ Platini អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំងប្រាប់តុលាការដោយ​សង្កត់ធ្ងន់ថា ខ្លួន​ជឿជាក់​លើ Blatter ហើយ​ជឿជាក់​ថា​ខ្លួននឹង​ទទួលបាន​ប្រាក់​ឈ្នួល​គ្រប់ពេញលេញ។
 
យ៉ាងណាក៏ដោយ ក្នុងកិច្ចព្រមព្រៀងនោះ Platini បានចុះហត្ថលេខាលើកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយ FIFA ក្នុងឆ្នាំ ១៩៩៩ មែន ប៉ុន្តែមានការបញ្ជាក់ត្រឹមតែប្រាក់ឈ្នួលជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ ដោយមិនមានការបញ្ជាក់ពីការបង់ប្រាក់បន្ថែមអ្វីនោះទេ។
 
ជុំវិញក្តីក្តាំពុករលួយក្នុងបាល់ទាត់ លោក Blatter ដែលបានដឹកនាំ FIFA រយៈពេល១៧ឆ្នាំ លាលែងពីតំណែងនៅឆ្នាំ ២០១៥ មុនលោក Platini វ័យ៦៦ឆ្នាំ ដែលបានចុះពីតំណែងប្រធាន UEFA ឆ្នាំ ២០១៦។ អ្នកទាំងពីរត្រូវហាមក្នុងសកម្មភាពបាល់ទាត់៦ឆ្នាំ ជុំវិញការបំពានក្រមសីលធម៌ក្នុងវិស័យបាល់ទាត់។
 
រឿងក្តីរបស់ Blatter ជាមួយ Platini ត្រូវបន្តឡើងតុលាការជាថ្មីទៀត ដោយអ្នកទាំងពីរអាចប្រឈមជាប់ទោសពន្ធធនាគាររយៈពេល៥ឆ្នាំ៕
 

Tag:
 FIFA
  Sepp Blatter
  Michel Platini
© រក្សាសិទ្ធិដោយ thmeythmey.com