អន្តរជាតិ
ចិន ជំរុញឱ្យអាម៉េរិកលុបចោលគម្រោងលក់គ្រឿងបរិក្ខារថែទាំនាវាទៅតៃវ៉ាន់
10, Jun 2022 , 11:59 am        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាព៖ ក្រសួងការបរទេស
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាព៖ ក្រសួងការបរទេស
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Zhao Lijian នៅថ្ងៃទី៩ ខែមិថុនា បានទទូចឱ្យអាម៉េរិកលុបចោលគម្រោងលក់គ្រឿងបរិក្ខារថែទាំនាវាចម្បាំងទៅតៃវ៉ាន់ ដែលមានទំហំ១២០លានដុល្លារ។ បើតាមមន្រ្តីក្រសួងការបរទេសចិនរូបនេះ កិច្ចសន្យាលក់បែបនេះ​ នឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សន្តិសុខចិន និងបំផ្លាញទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ក៏ដូចជាស្ថិរភាព និងវិបុលភាពនៅច្រកសមុទ្រតៃវ៉ាន់។

 
ក្រសួងការបរទេសអាម៉េរិក ក្នុងថ្ងៃទី៨ ខែមិថុនា បានផ្តល់ភ្លើងបៃតងលើគម្រោងលក់គ្រឿងបរិក្ខារថែទាំនាវាចម្បាំង ក្នុងទំហំ ១២០លានដុល្លារទៅឱ្យតៃវ៉ាន់។ ការឯកភាពពីសំណាក់អាម៉េរិកបែបនេះ ត្រូវបានក្រសួងការបរទេសចិន ថ្កោលទោស និងជំទាស់យ៉ាងដាច់អហង្ការ​នៅ។ 
 
«អាម៉េរិកគួរតែគោរពគោលការណ៍ចិនតែមួយ...លុបចោលគម្រោងលក់អាវុធ និងបញ្ឈប់ការលក់អាវុធ រួមទាំងផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់»។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងនឹងអ្នកសារព័ត៌មានបែបនេះ ជុំវិញសំណួរទាក់ទិននឹងការលក់គ្រឿងថែទាំនាវាចម្បាំងឱ្យកោះតៃវ៉ាន់។ 
 
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី៩ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកគម្រោងខាងលើជាការបំពានគោលការណ៍ចិនតែមួយ និងបទបញ្ញត្តិដែលមានចែងក្នុងសេចក្តីប្រកាសរួមរវាងអាម៉េរិក-ចិនកន្លងមក។ បន្ថែមពីនេះ​ ការលក់សម្ភារនាវាចម្បាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អធិបតេយ្យ រួមទាំងផលប្រយោជន៍សន្តិសុខចិន ហើយថែមទាំងបំផ្លាញទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន-ក្រុងប៉េកាំង និងសន្តិភាព ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផង។ 
 
គម្រោងលក់គ្រឿងបរិក្ខារនាវាចុងក្រោយនេះ ជាការលក់អាវុធលើកទី៤ របស់អាម៉េរិក ទៅឱ្យតៃវ៉ាន់ ចាប់តាំងពីលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចូលកាន់តំណែង នៅដើមខែមករា ឆ្នាំ២០២១ និងជាការលក់អាវុធលើកទី៣ ចាប់តាំងពីដើមឆ្នាំ២០២២។ 
 
គួររំឭកថា នៅក្នុងខែកុម្ភៈ ក្រសួងការបរទេស បានយល់ព្រមលក់គ្រឿងបរិក្ខារ និងសេវាថែទាំប្រព័ន្ធការពារមីស៊ីល Patriot ក្នុងទំហំប្រមាណ ១០០លានដុល្លារ។ នៅក្នុងខែមេសា ក្រសួងការបរទេស បានឯកភាពលក់គ្រឿងបរិក្ខារប្រព័ន្ធការពារមីស៊ីលដដែល ក្នុងទំហំប្រមាណ ៩៥លានដុល្លារ៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com