អន្តរជាតិ
ជប៉ុន ជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២ឆ្នាំ
10, Jun 2022 , 3:34 pm        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
ជប៉ុន ក្នុងចំណោមប្រទេសចំនួន ៥ ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី៩ ខែមិថុនា សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៤។

 
សមាជិកក្រុមប្រឹក្សាសន្តិសុខសរុបមានចំនួន ១៥រដ្ឋ ដោយរដ្ឋចំនួន៥ ជាសមាជិកអចិន្រៃយ៍ និងរដ្ឋចំនួន ១០ ជាសមាជិកមិនអចិន្រ្តៃយ៍ ដែលអាចកាន់តំណែងបានរយៈពេល២ឆ្នាំ។ សមាជិកមិនអចិន្រ្តៃយ៍ចំនួន៥ ត្រូវផ្លាស់ប្ដូររាល់១ឆ្នាំម្តង។ 
 
សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៤ ជប៉ុន ស្វ៊ីស ម៉ូសំប៊ិក ម៉ាល់ត៍ និងអេក្វាទ័រ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជាសម្ងាត់ ឱ្យធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ចាប់ពិថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ប្រទេសទាំង ៥នេះ នឹងជំនួសប្រទេសចំនួន ៥ផ្សេងទៀតដែលត្រូវចប់អាណត្តិនៅចុងឆ្នាំ២០២២ ក្នុងនោះមាន ឥណ្ឌា ន័រវែស កេនយ៉ា ម៉ិកស៊ិក និងអៀរឡង់។ 
 
ក្នុងការបោះឆ្នោតជាសម្ងាត់នោះ ជប៉ុនបានទទួលសំឡេងគាំទ្រចំនួន១៨៤, ម៉ូសំប៊ិក បានចំនួន១៩២សំឡេង, ស៊្វីសទទួលបាន១៨៧សំឡេង, ម៉ាល់ត៍មាន១៨៥សំឡេង និងអេក្វាទ័រទទួលបាន ១៩០សំឡេង។ 
 
មុនពេលចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Odawara Kiyoshi បានបញ្ជាក់ថា ជប៉ុននឹងផ្តោតលើអាទិភាពលើបញ្ហាសន្តិសុខ ស្បៀងអាហារ និងប្រភពថាមពល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ការជាប់ឆ្នោតរបស់ជប៉ុនធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនេះ ធ្វើឡើងស្របពេលកូរ៉េខាងជើង បានសាកល្បងមីស៊ីលប៉ាលីស្ទិកជាច្រើនលើក និងមានការបារម្ភពីការសាកល្បងនុយក្លេអ៊ែរ, សង្រ្គាមនៅអ៊ុយក្រែន, ការកើនឡើងនៃតម្លៃប្រភពថាមពល រួមទាំងវិបត្តិស្បៀងអាហារ និងជំងឺឆ្លងសកលជាដើម។ 
 
សូមបញ្ជាក់ថា​ កន្លងមក ជប៉ុន ជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត បានស្វះស្វែងរកការគាំទ្រធ្វើជាសមាជិកអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដែលមិនទាន់បានបន្ថែមសមាជិកនៅឡើយ ចាប់តាំងអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥។ ការចង់បានកៅអីជាសមាជិកអចិន្រ្តៃយ៍បែបនេះ ត្រូវបានជប៉ុនអះអាងថា ជាការផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមប្រឹក្សាសន្តិសុខ ដើម្បីដោះស្រាយបញ្ហាសកល៕
 

Tag:
 ជប៉ុន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com