អន្តរជាតិ
មន្រ្តីការទូតអាម៉េរិកជួបជាមួយលោក Marcos Jr ដើម្បីពង្រឹងសម្ព័ន្ធភាពយូរអង្វែងជាមួយហ្វីលីពីន
10, Jun 2022 , 8:29 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក Wendy Sherman ចាប់ដៃប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Ferdinand Marcos Jr។ រូបថត Twitter លោកស្រី Wendy Sherman
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក Wendy Sherman ចាប់ដៃប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Ferdinand Marcos Jr។ រូបថត Twitter លោកស្រី Wendy Sherman
ដោយ:
ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Ferdinand Marcos Jr ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក Wendy Sherman ក្នុងទីក្រុងម៉ានីលនៅថ្ងៃទី៩ ខែមិថុនា។ បើតាមលោកស្រី Sherman ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងសម្ព័ន្ធភាពយូរអង្វែងរវាងអាម៉េរិក និងហ្វីលីពីន និងសន្តិសុខក្នុងតំបន់ ស្របពេលទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះអំឡុងអាណត្តិប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។

 
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក Wendy Sherman បានទៅជួបលោក Ferdinand Marcos Jr ប្រធានាធិបតីជាប់ឆ្នោតរបស់ហ្វីលីពីនដល់រដ្ឋធានីម៉ានីលនៅថ្ងៃទី៩ ខែមិថុនា ដោយជជែកពីទំនាក់ទំនងទ្វេភាគីដែលមិនសូវល្អពេលបច្ចុប្បន្ន។ ក្រោមអាណត្តិរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ត្រូវរង្គើ ដោយសារគោលនយោបាយការបរទេសរបស់ក្រុងម៉ានីលបែរទៅរកក្រុងប៉េកាំង។
 
កន្លងមក លោក Marcos Jr ដែលនឹងចូលកាន់តំណែងផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា សន្យាដឹកនាំហ្វីលីពីនមិនឱ្យរេទៅប្រទេសមហាអំណាចមួយណាឡើយ ដោយរក្សាជំហររបស់ប្រទេសឱ្យនៅចំណុចកណ្តាលរវាងអាម៉េរិក និងចិន។ ជំនួបរវាងមន្រ្តីទី២ ក្រសួងការបរទេសអាម៉េរិក និងមេដឹកនាំហ្វីលីពីន 
ផ្ដោតលើបញ្ហាសន្តិសុខក្នុងតំបន់ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅហ្វីលីពីន។
 
«យើងបានពិភាក្សាអំពីការពង្រឹងសម្ព័ន្ធភាពដ៏យូរអង្វែងរបស់យើង ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន លើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ជំរុញសិទ្ធិមនុស្ស និងរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យសេរី និងបើកចំហ»។​ លោកស្រី Sherman សរសេរបែបនេះលើបណ្តាញសង្គម Twitter ក្រោយជំនួបនៅម៉ានីល។ 
 
មេដឹកនាំថ្មីរបស់ហ្វីលីពីនរូបនេះ ក៏ធ្លាប់បញ្ជាក់រួចហើយពីសារសំខាន់នៃកិច្ចព្រមព្រៀងការពារទៅវិញទៅមករវាងហ្វីលីពីនជាមួយអាម៉េរិក។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យអាម៉េរិកជួយហ្វីលីពីនក្នុងករណីរងការវាយប្រហារណាមួយ។ កិច្ចព្រមព្រៀងនេះ នឹងអូសអាម៉េរិកចូលជម្លោះជាមួយចិនមិនខាន ប្រសិនភាពតានតឹងនៅសមុទ្រចិនខាងត្បូងផ្ទុះកម្ដៅខ្លាំងនោះ៕

Tag:
 អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com