អន្តរជាតិ
សមុទ្រចិនខាងត្បូង៖​ ឥណ្ឌូណេស៊ីជំរុញឱ្យចិន និងអាម៉េរិកស្តាប់សំឡេងអាស៊ាន
10, Jun 2022 , 9:29 pm        
រូបភាព
ប្រមុខការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto (ខាងឆ្វេង) ជាមួយសមភាគីសិង្ហបុរី លោក Ng Eng Hen។  រូបភាព៖ Twitter-Dewey Sim
ប្រមុខការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto (ខាងឆ្វេង) ជាមួយសមភាគីសិង្ហបុរី លោក Ng Eng Hen។ រូបភាព៖ Twitter-Dewey Sim
ប្រមុខការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto ក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរីនៅថ្ងៃទី១០ ខែមិថុនា បានទទូចឱ្យចិន និងអាម៉េរិក ស្តាប់សម្ដីរបស់អាស៊ានផងក្នុងការដោះស្រាយភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋមន្រ្តីការពារជាតិរូបនេះ បានព្រមានថា បញ្ហាដែលកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង នឹងប៉ះពាល់ដល់ប្រទេសទាំងអស់ ដោយសារផែនដីកាន់តែរួមតូច។

 
សមុទ្រចិនខាងត្បូង ជាតំបន់នៃភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ អាម៉េរិក តែងចោទចិនថាបានធ្វើសកម្មភាពអុងអាត់ និងកសាងមូលដ្ឋានយោធានៅក្នុងសមុទ្រមួយនេះ។ ចំណែកចិនវិញ បានវាយបកវិញថា វត្តមាននាវាយោធាអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់។ 
 
ជុំវិញបញ្ហានេះ អំឡុងទស្សនកិច្ចនៅសិង្ហបុរី ប្រមុខការពារជាតិឥណ្ឌូណេស៊ី Prabowo Subianto បានជំរុញឱ្យមហាអំណាចទាំងពីរ យកចិត្តទុកដាក់ចំពោះអាស៊ាន ដើម្បីឈានទៅរកដំណោះស្រាយលើភាពតានតឹងទាំងនោះ។ 
 
«នោះជាហេតុផលដែលយើងចង់ឃើញតួនាទីស្នូល និងការសាមគ្គីរបស់អាស៊ាន ដែលសំឡេងរបស់យើងនឹងកាន់តែត្រូវបានលឺជាងមុនដោយមហាអំណាចទាំងពីរ»។ លោក លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី បានឆ្លើយបែបនេះទៅកាន់អ្នកសារព័ត៌មាន ដែលបានចោទសំណួរជុំវិញការខិតខំរបស់អាម៉េរិកដើម្បីទប់ស្កាត់ឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូងក្រោយជំនួបជាមួយសមភាគី Ng Eng Hen។
 
ប្រមុខការពារជាតិឥណ្ឌូណេស៊ីរូបនេះ បានចាត់ទុករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងជាមិត្តល្អជាមួយអាស៊ាន។ ត្រង់ចំណុចនេះ លោក Subianto បានអះអាងថា ប្រសិនបើមិត្តល្អទាំងពីរមានបញ្ហា ក្នុងនាមជាមិត្ត អាស៊ាន ត្រូវតែធ្វើជាស្ពាន ដើម្បីឈានទៅរកដំណោះស្រាយលើភាពតានតឹង។ រដ្ឋមន្រ្តីការពារជាតិរូបនេះ បានយល់ថា ប្រសិនបើមានបញ្ហាអ្វីកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង វានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ប្រទេសទាំងអស់ ដោយសារផែនដីកាន់តែរួមតូច ដ្បិតប្រទេសទាំងអស់ធ្វើសមាហរណកម្មទៅវិញទៅមកនោះ 
 
ក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរីជាលើកដំបូង ប្រមុខការពារជាតិឥណ្ឌូណេស៊ី បានបន្តថា អាស៊ានត្រូវការគតិបណ្ឌិត និងភាពមេត្តារបស់មហាអំណាច ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់។ ចំណែកសមភាគីសិង្ហបុរី លោក Ng Eng Hen បានឯកភាពទាំងស្រុងទៅនឹងការលើកឡើងរបស់ភាគីឥណ្ឌូណេស៊ី។ លោក Ng ក៏បានជំរុញឱ្យមានការគោរពបទដ្ឋានអន្តរជាតិផងដែរ ដើម្បីឱ្យអាស៊ាន រួមទាំងអាម៉េរិក និងចិន អាចរីកចម្រើនរួមគ្នា។ 
 
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី មិនមានជាភាគីនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងទេ។ ប៉ុន្តែ កន្លងមកទូកនេសាទចិន តែងចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ឥណ្ឌូណេស៊ីដែលនៅជាប់ដែនសមុទ្រនេះជាញឹកញាប់  ដែលធ្វើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ទូក និងមនុស្សនៅក្នុងទូកទុក៕ 
 

Tag:
 ចិន
  អាម៉េរិក
  សមុទ្រចិនខាងត្បូង
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com