ជាតិ
ក្រសួងកសិកម្ម ប្រាប់ឱ្យមន្រ្តីខ្លួន ជួយរំដោះទឹកចេញពីស្រែកសិករ ដែលរងគ្រោះជំនន់ទឹកភ្លៀង
10, Jun 2022 , 9:59 pm        
រូបភាព
 (រូបពី ហ្វេសបុក លោក វេង សាខុន)
(រូបពី ហ្វេសបុក លោក វេង សាខុន)
ភ្នំពេញ៖ រដូវវស្សាឆ្នាំ២០២២នេះ មានភ្លៀងច្រើនជាងឆ្នាំមុនៗ ដែលធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវវស្សារបស់កសិករ។ មិនតែប៉ុណ្ណោះ ស្រូវពង្រោះជាច្រើនហិកតានៅតំបន់វាលទំនាបកណ្ដាល ត្រូវរងផលប៉ះពាល់ និងខូចខាតយ៉ាងគំហុកដោយសារជំនន់ទឹកភ្លៀង។


យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដាំដុះស្រូវវស្សាឆ្នាំនេះមានសភាពយឺតយ៉ាវ។ ជាក់ស្ដែង មកដល់ពេលនេះ ការដាំដុះស្រូវវស្សាអនុវត្តបាន ៧៦២ ៥៤២ហិកតា ស្មើ ២៩ភាគរយនៃផែនការ ២៦១ ៩៥០០ហិកតា ធៀបនឹងឆ្នាំ២០២១ ថយចុះប្រមាណ ៦៥០ ០០០ហិកតា។
 
ក្នុងស្ថានភាពដ៏លំបាកនេះ ក្រសួងកសិកម្ម បានប្រាប់ឱ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តនានា ជួយភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ជាពិសេសគ្រួសារក្រីក្រ។ តំបន់ដែលមានការដាំដុះយឺត ត្រូវផ្សព្វផ្សាយបច្ចេកទេសដាំដុះឱ្យសមស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ។
 
អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ត្រូវសហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារ បង្កបង្កើនផលជាក់ស្ដែង ដើម្បីកំណត់មូលហេតុចម្បងដែលបណ្ដាលឱ្យការងារបង្កបង្កើនផលស្រូវយឺតយ៉ាវ។ ជាពិសេស ត្រូវចេញវិធានការបន្ទាន់ ដោះស្រាយបញ្ហារាំងស្ទះដល់ការងារបង្កបង្កើនផលក្នុងភូមិសាស្រ្តរៀងៗខ្លួន។ 
 
មន្ទីរកសិកម្មខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន វាយតម្លៃ ផលស្រូវដែលខូខាតដោយសារជំនន់ទឹកភ្លៀងឱ្យបានរួសរាន់ ហើយត្រូវដាក់សំណើរទៅកាន់លេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យបានទាន់ពេលវេលា។ 
 
ក្រសួងកសិកម្ម បង្ហាញក្ដីបាម្ភថា ស្ថានភាពស្រូវខូចខាត និងការដាំដុះយឺតយ៉ាវនៅពេលនេះ អាចប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ និងសន្តិសុខស្បៀង ជាពិសេសគោលនយោរបស់រដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ៕ 
 
 
 
 

Tag:
 ក្រសួងកសិកម្ម
  ការដាំដុះស្រូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com