អន្តរជាតិ
UN អំពាវនាវ​រក​យុត្តិធម៌ ​ក្រោយ​បុគ្គលិក WHO ត្រូវបាញ់សម្លាប់នៅមីយ៉ាន់ម៉ា
10, Jun 2022 , 5:15 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៩ ខែមិថុនា បានចេញមុខថ្កោលទោសចំពោះការបាញ់សម្លាប់បុគ្គលិកម្នាក់របស់អង្គការសុខភាពពិភពលោក (WHO)​ នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះកំពុងស្ថិតក្នុងចលាចលចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១​ មក។


បើតាមអង្គការសហប្រជាជាតិ (UN) និងអង្គការសុខភាពពិភពលោក (WHO) លោក Myo Min Htut ដែលជាអ្នកបើកបររបស់ WHO ជាង៥ឆ្នាំមកនេះ ត្រូវបានបាញ់សម្លាប់នៅថ្ងៃទី៨ ខែមិថុនា ខណៈលោកកំពុងជិះម៉ូតូនៅទីក្រុង Mawlamyine ក្នុងរដ្ឋ Mon ជិតប្រទេសថៃក្នុងកាលៈទេសៈមិនច្បាស់លាស់​។ WHO ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ដំណឹង​មរណភាព​របស់លោក Myo Min Htut។ 
 
​ការបាញ់ប្រហារនេះបានកើតឡើងក្រោយក្រុមសិទ្ធិមនុស្ស​រិះគន់ថា មីយ៉ាន់ម៉ាក្រោមការគ្រប់គ្រងរបស់ក្រុមយោធា ពោរពេញដោយហិង្សា ស្របពេលអ្នកគ្រប់គ្រងក្នុងតំបន់​ និងជនសង្ស័យថាជាអ្នកស៊ើបការណ៍របស់របប​យោធាមីយ៉ាន់ម៉ា ត្រូវបានសម្លាប់ស្ទើរតែរាល់ថ្ងៃ។
 
ពាន់ព័ន្ធនឹងករណីនេះ លោក Ramanathan Balakrishnan អ្នកសម្របសម្រួល UN ប្រចាំមីយ៉ាន់ម៉ាលើកឡើងថា ជនដៃដល់ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់​ និងបានអំពាវនាវដល់គ្រប់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់គោរពអព្យាក្រឹតភាពរបស់ UN និងការងារមនុស្សធម៌របស់ខ្លួន។ 
 
ក្រោយការបាញ់ប្រហារនេះ កម្លាំងការពារប្រជាជនដែលធ្វើសកម្មភាពប្រឆាំងយោធានៅទីក្រុង Mawlamyine ក៏បានចេញមុខទទួលខុសត្រូវចំពោះការសម្លាប់លោក Myo Min Htut។ ក្រុមនេះបានចោទប្រកាន់លោកថា ជាជនស៊ើបការណ៍របស់របបយោធា និងបានបៀតបៀនពលរដ្ឋដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារកាលពីឆ្នាំមុន។
 
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ ២០២១ មក ពលរដ្ឋមីយ៉ាន់ម៉ាតែតែងធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់យោធា និងទាមទារឱ្យមានការដោះលែងសមាជិកអតីតរដ្ឋាភិបាលស៊ីវិល។ ក្រុមយោធា ជានិច្ចជាកាល តែងប្រើប្រាស់កម្លាំងលើមហាជនគាំទ្ររដ្ឋាភិបាលស្រមោលរហូតបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស៕
 

Tag:
 UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com