ជាតិ
រូបសំណាក«ក្រូចពោធិ៍សាត់» ក្នុងស្រុកភ្នំក្រវាញ បង្ហាញពីកំណើតនៃដំណាំនេះ
11, Jun 2022 , 7:59 am        
រូបភាព
រូបសំណាកក្រូចពោធិ៍សាត់ នៅរង្វង់មូលផ្សារដើមគរស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់។
រូបសំណាកក្រូចពោធិ៍សាត់ នៅរង្វង់មូលផ្សារដើមគរស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់។
ដោយ:
រដ្ឋបាលស្រុកភ្នំក្រវាញ សាងសង់រូបសំណាកក្រូចពោធិ៍សាត់ នៅផ្សារដើមគរ ត្រង់ចំណុចផ្លូវបំបែករវាងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ៥។ រង្វង់មូល ដែលមានក្រូចពោធិ៍សាត់៥ផ្លែនៅលើល្អីនេះ រួមចំណែកបង្ហាញពី ដំណាំអត្តសញ្ញាណ និងដើមកំណើតនៃដំណាំក្រូចពោធិ៍សាត់នេះ។

 
ក្រូចពោធិ៍សាត់ ជាដំណាំល្បីល្បាញមួយក្នុងខេត្តពោធ៍សាត់។ ដំណាំប្រភេទនេះភាគច្រើនដាំនៅតាមមាត់ស្ទឹងពោធិ៍សាត់ នាស្រុកភ្នំក្រវាញ។ រដ្ឋបាលស្រុកភ្នំក្រវាញ បានសម្រេចសាងសង់រូបសំណាកក្រូចពោធិ៍សាត់ដែលមានអង្កត់ផ្ចិតប្រមាណ ១៥ម៉ែត្រ និងកម្ពស់ប្រមាណ៥ម៉ែត្រ ដែលចំណាយពេលសាងសង់ប្រមាណ ៥ខែ។ 
 
លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ ប្រាប់សារព័ត៌មានThmeyThmey25 ថារូបសំណាកក្រូចពោធិ៍សាត់នៅផ្សារដើមគរ ស្រុកភ្នំក្រវាញ ចំណាយថវិកាសាងសង់ប្រមាណ ៨៤លានរៀល ដោយបូកទាំងរូបសំណាកដំរីសមួយទៀតនៅស្រុកភ្នំក្រវាញនេះដែរ។ បើតាមលោក សុភាណា ការជ្រើសរើសធ្វើរង្វង់មូលរូបក្រូចពោធិ៍សាត់ព្រោះដំណាំនេះមានដើមកំណើតដំបូងក្នុងខេត្តពោធិ៍សាត់។
 
លោក ហេង សុភាណា បញ្ជាក់ដូច្នេះ៖ «ក្រូចពោធិ៍សាត់មានប្រវត្តិជាមួយខេត្តពោធិ៍សាត់តាំងពី សម័យអាណានិគមមកម្លេះ។ បារាំងយកពូជក្រូចនេះមកដាំនៅខេត្តពោធិ៍សាត់នៅតំបន់ ១០បាតស្រុកភ្នំក្រវាញយើងនេះ។ ម្យ៉ាងប្រជាជនយើង ជាពិសេសអ្នកនៅតាមដងស្ទឹងពោធិ៍សាត់មានដាំក្រូចពោធិ៍សាត់ច្រើន ។ គាត់ក៏ទទួលបានផលច្រើន ដូច្នេះយើងក៏ជំរុញឱ្យមានភូមិមួយ ផលិតផលមួយ ដើម្បីជំរុញការដាំដុះរបស់បងប្អូនប្រជាពលរដ្ឋ ហើយឱ្យទេសចរបានស្គាល់សក្តានុពលរបស់ស្រុកភ្នំក្រវាញផង»។

លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ។ រូបភាពពីទំព័រហ្វេសប៊ុកស្រុកភ្នំក្រវាញ
 
រង្វង់មូលក្រូចពោធិ៍សាត់នេះ ជារង្វង់មូលដំបូងក្នុងស្រុកភ្នំក្រវាញ។ អភិបាលស្រុកភ្នំក្រវាញរូបនេះរំពឹងថា តាមរយៈរូបសំណាកក្រូចពោធិ៍សាត់នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់ ឱ្យចូលទស្សនាចម្ការក្រូចរបស់កសិករ និងទិញទិន្នផលទាំងនេះ។ រង្វង់មូលនេះត្រូវបានសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ ដោយក្រុមជាងនៅបន្តលាបថ្នាំពណ៌។ លើសពីនេះរដ្ឋបាលស្រុកភ្នំក្រវាញ នឹងបំពាក់អំពូលសូឡា ១២គ្រឿងដើម្បីបំភ្លឺផ្លូវនៅចំណុចរង្វង់មូលនេះ។
 
យ៉ាងណាមិញ លោក ឃុន សុភាព ជាកសិករ និងជាប្រធានសមាគមក្រូចពោធិ៍សាត់ក្នុងខេត្តពោធិ៍សាត់ យល់ថាការធ្វើរង្វង់មូលក្រូចពោធិ៍សាត់នៅភ្នំក្រវាញ បានរួមចំណែកលើកស្ទួយកសិផលរបស់កសិករ និងបង្ហាញពីដំណាំអត្តសញ្ញាណរបស់ខេត្តនេះផ្ទាល់។ លើសពីនេះតាមរយៈសោភ័ណ្ឌភាពនៃរង្វង់មូលនេះនឹងជួយដល់ទីផ្សារក្រូចពោធិ៍សាត់ តាមរយៈភ្ញៀវទេសចរ នឹងចូលទិញក្រូចពេលធ្វើដំណើរឆ្លងកាត់។
 
លោក ឃុន សុភាព បន្តដូច្នេះ «រង្វង់មូលនេះនឹងបញ្ជាក់ពីអត្តសញ្ញាណភូមិសាស្ត្រដំណាំ ព្រោះដែនដីនេះសម្បូរដោយក្រូចពោធិ៍សាត់។ ក្រូចពោធិ៍សាត់ក្នុងខេត្តពោធិ៍សាត់ ប្រៀបដូចទុរេនក្នុងខេត្តកំពតអ៊ីចឹង។ ទីមួយទាក់ទាញទេសចរ។ ចាប់ពីផ្លូវលេខ៥៦ទៅ គឺសម្បូរដោយតំបន់ទេសចរណ៍ ភ្ញៀវជិះមកឃើញរូបសំណាកក្រូច ក៏អាចនឹងឃើញដល់ក្រូចពោធិ៍សាត់ដែរ។ មួយទៀតក្រូចពោធិ៍សាត់យើងមានភាពល្បីល្បាញយូរហើយ»។
 
ជាមួយគ្នានេះលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានThmeyThmey25 ថា ស្រុកភ្នំក្រវាញមានផ្ទៃដីដាំដុះក្រូចពោធិ៍សាត់ច្រើនជាងគេក្នុងខេត្តពោធិ៍សាត់។ ជាក់ស្ដែងស្រុកក្រវាញមាន ដំណាំប្រភេទនេះប្រមាណ ៧ពាន់ហិកតា ក្នុងចំណោម ផ្ទៃដីដំាំណាំក្រូចទូទាំងខេត្តមាន ៨ពាន់ហិកតា។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកណ្ដាល។ រូបភាពពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
មូលហេតុដែលប្រជាជនក្នុងស្រុកក្រវាញដាំក្រូចពោធិ៍សាត់ច្រើនព្រោះ ស្ថានភាពដីនៅតំបន់នោះសាកសមនឹងដំណាំប្រភេទនេះ ដែលធ្វើឱ្យពួកគេទទួលបានទិន្នផលល្អ។ «ក្រូចពោធិ៍សាត់ជាដំណាំសំខាន់ជាងគេក្នុងខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកភ្នំក្រវាញ។ ដីដែលមានសក្តានុពលពិសេសសម្រាប់ដំណាំក្រូចនេះបានឆ្ងាញ់គឹនៅឃុំសំរោង ឃុំរកាត និងឃុំផ្ទះរុង តែឥឡូវឃុំផ្ទះរុង ប្ដូរទៅស្រុកតាឡូសែនជ័យហើយ»។ នេះជាការបញ្ជាក់របស់លោក ឡាយ វិសិដ្ឋ។
 
បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ទីផ្សារក្រូចពោធិ៍សាត់សំខាន់ៗ មានខេត្តបាត់ដំបង សៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ លោកថាក្រូចពោធិ៍សាត់ពេញនិយមក្នុងខែកញ្ញា ដល់ខែវិច្ឆិកា ព្រោះក្រូចក្នុងខែទាំងនោះទទួលបានទឹកគ្រប់គ្រាន់ ហើយមានរសជាតិ ជូរ ផ្អែម។ លោក ឡាយ វិសិដ្ឋ រំពឹងថារង្វង់មូលក្រូចពោធិ៍សាត់ នឹងអាចទាក់ទាញទាញទេសចរ ឱ្យចូលទស្សនាតំបន់កសិ-ទេសចរណ៍របស់ប្រជាជនក្នុងស្រុកភ្នំក្រវាញ៕
 

រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលស្រុកភ្នំក្រវាញ

 

Tag:
 រង្វង់មូលក្រូចពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com