ជាតិ
វីដេអូ
ប្រើសេវាមគ្គទេសក៍នៅប្រាសាទ! ទេសចរខ្មែរបានចំណេះ អ្នកនាំភ្ញៀវបានចំណូល
11, Jun 2022 , 8:29 am        
រូបភាព
ដោយ:
សៀមរាប៖ ឆ្នាំ២០២២នេះទេសចរជាតិជាច្រើន បានទៅទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបងើបឡើងវិញមួយកម្រិត។ ប៉ុន្តែមគ្គទេសក៍ទេសចរតំបន់ប្រាសាទ នៅទទួលបានចំណូលតិចតួចនៅឡើយពីភ្ញៀវជាតិ ព្រោះជនជាតិខ្មែរមិនសូវប្រើប្រាស់សេវាមគ្គទេសក៍ទេសចរឡើយ។ ទន្ទឹមនេះអ្នកពាក់ព័ន្ធ អំពាវនាវឱ្យពលរដ្ឋខ្មែរជួលមគ្គទេសក៍ទេសចរ ពេលទស្សនាប្រាសាទដើម្បីទទួលបានចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រ វប្បធម៌ និងចូលរួមលើកស្ទួយជីវភាពមគ្គទេសក៍ទេសចរនៅតំបន់អង្គរ។



កម្ពុជាត្រូវបានជាតិសាសន៍ដទៃស្គាល់ថាជាប្រទេសដែលពោរពេញដោយវប្បធម៌ ប្រពៃណី និងអរិយធម៌។ ព័ត៌មានទាំងនោះបានសុសសាយ ព្រោះភ្ញៀវអន្តរជាតិមួយចំនួនចូលមកម្ពុជាមិនត្រឹមដើរកម្សាន្ត តែពួកគេតែងសិក្សាបន្ថែមពីការរស់នៅ និងប្រវត្តិសាស្រ្តខ្មែរ។ ភស្តុតាងដែលបង្ហាញពីវប្បធម៌ខ្មែររុងរឿង គឺចម្លាក់នៅតាមជញ្ជាំងប្រាសាទនានា។ ចម្លាក់នៅតាមជញ្ជាំងប្រាសាទទាំងនោះ មានរឿងរ៉ាវជាច្រើន ក្រៅតែពីភាពអស្ចារ្យនៃក្បូរក្បាច់ និងរចនាបទ។
 
ប្រជាជនខ្មែរមួយចំនួនធំសុទ្ធសឹងតែបានស្គាល់ប្រាសាទខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ទេសចរជាតិមានមោទកភាពចំពោះសំណង់បុរាណ ដែលដូនតាខ្មែរបានបន្សល់ទុក។ ចំណែកប្រជាជនខ្មែរមួយចំនួន ក៏បានជ្រួតជ្រាបពីប្រវត្តិនៃប្រាសាទខ្មែរខ្លះដែរ តែមិនមែនប្រជាជនខ្មែរទាំងអស់ បានយល់លម្អិតពីប្រវត្តិសាស្ត្រ វប្បធម៌ និងតម្លៃនៃប្រាសាទទាំងនោះឡើយ។
ទេសចរជាតិដែលធ្លាប់ទៅកម្សាន្តនៅតាមប្រាសាទនានា តែងដើរមើលចម្លាក់លើផ្ទាំងសិលា។ លើសពីភាពអស្ចារ្យនៃផ្ទាំងសិលាទាំងនោះ មានរឿងរ៉ាវជាច្រើនខុសៗគ្នា ដែលតម្រូវឱ្យអ្នកជំនាញជួយពន្យល់លម្អិតបន្ថែម។ តែយ៉ាងណា ទេសចរជាតិមិនសូវចាប់អារម្មណ៍ប្រើប្រាស់សេវាមគ្គទេសក៍ទេសចរណ៍សម្រាប់ឈ្វេងយល់ពីព័ត៌មានលម្អិតនៅឡើយទេ។
 
ជាមគ្គទេសក៍ទេសចរណ៍ភាសាអង់គ្លេស និងខ្មែរ នៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩១មក លោក គឹម លី ទទួលភ្ញៀវបរទេសច្រើនជាងភ្ញៀវខ្មែរ។ ឆ្លងកាត់ការងារជាមគ្គទេសក៍ប្រមាណ៣ទសវត្សរ៍ ភ្ញៀវខ្មែរដែលប្រើសេវាមគ្គទេសក៍ទេសចរណ៍របស់លោកភាគច្រើនជាក្រុមសិស្ស ដែលដឹកនាំដោយសាលាប៉ុណ្ណោះ។ ចំណែកក្នុងបរិបទកូវីដ-១៩ ក៏មានភ្ញៀវខ្មែរមួយចំនួនតូចចាប់អារម្មណ៍សេវាមគ្គទេសក៍ទេសចរណ៍ផងដែរ។
 
«ខ្ញុំសប្បាយចិត្តក្នុងការជូនភ្ញៀវខ្មែរ ជាងជូនភ្ញៀវបរទេស ព្រោះភ្ញៀវខ្មែរមានភាពស្និទ្ធស្នាលជាងភ្ញៀវបរទេស។ យើងឱ្យតម្លៃគាត់ ព្រោះភ្ញៀវខ្មែរខ្លះគាត់ដើរមើលតែថ្ម អ្នកជួលមគ្គទេសក៍ទេសចរ មានន័យថាគាត់ជ្រួតជ្រាប ពីការវប្បធម៌ និងប្រវត្តិសាស្ត្រ។ ហើយគាត់ចង់សិក្សាបន្ថែមពីអាយុកាលរបស់ជាតិសាសន៍ និងប្រពៃណីផ្សេងៗ»។ នេះជាការលើកឡើងរបស់បុរសវ័យ ៥៤ឆ្នាំរូបនេះ។
 
លោក គឹម លី បន្តថា ការប្រើប្រាស់សេវាមគ្គទេសក៍ទេសចរណ៍ ពិតជាមានសារសំខាន់ណាស់សម្រាប់ភ្ញៀវខ្មែរ។ ទេសចរចំណាយប្រមាណ ៤ម៉ឺនរៀល ហើយពួកគេអាចទទួលបានព័ត៌មានជាច្រើនពីក្រោយផ្ទាំងសិលាខ្មែរ។ ព័ត៌មានទាំងនេះធ្វើឱ្យទេសចរខ្មែរអាចផ្សារភ្ជាប់ពួកគេ ទៅនឹងចម្លាក់ប្រាសាទ និងវប្បធម៌ខ្មែរ។
 
ខុសពីលោក គឹម លី មគ្គទេសក៍ទេសចរមួយរូបទៀត គឺលោក សេង គីមហួត កំពុងនាំភ្ញៀវទេសចរជនជាតិខ្មែរមួយគ្រួសារទស្សនាប្រាសាទអង្គរតូច។ លោក សេង គីមហួត ដែលបានបាត់បង់ការងាររយៈពេល២ឆ្នាំដោយសារជំងឺកូវីដ-១៩ បានបង្ហាញភាពរីករាយជាថ្មីក្រោយទេសចរជាតិ ជ្រើសរើសសេវាមគ្គទេសក៍ទេសចរណ៍របស់លោក។ បើតាមលោក គីមហួត បច្ចុប្បន្នភ្ញៀវខ្មែរមួយចំនួនធំបានជួលសេវាកម្មរបស់លោក។

លោក គឹម​ លី មគ្គទេសក៍ទេសចរណ៍នៅរមណីយដ្ឋានអង្គរ
 
លើសពីភាពរីករាយដែលទទួលបានចំណូល លោក សេង គីមហួត សាទរចំពោះភ្ញៀវខ្មែរមួយចំនួនដែលចាប់អារម្មណ៍ពីការសិក្សាស៊ីជម្រៅពីវប្បធម៌ខ្មែរ។ ឈរក្បែរគ្រួសារដែលជាភ្ញៀវជួលសេវាមគ្គទេសក៍ទេសចរណ៍ លោក គីមហួត ប្រាប់សារព័ត៌មានThmeyThmey25ថា៖«ខ្ញុំសូមអរគុណភ្ញៀវជាតិជួលមគ្គទេសក៍ទេសចរ ផ្ដល់ចំណូលឱ្យមគ្គទេសក៍ដូចជាពួកខ្ញុំ។ ទេសចរជាតិគាត់គួរតែជួលមគ្គទេសក៍ទេសចរ ដើម្បីបានដឹងរឿងរ៉ាវជាច្រើនលើជញ្ជាំងប្រាសាទ ជាពិសេសរឿងរ៉ាវក្នុងសម័យអង្គរ។ ហើយពេលពួកគាត់ឆ្ងល់ គាត់អាចសួរពួកខ្ញុំជាមគ្គទេសក៍ទេសចរ។ ជាពិសេសភ្ញៀវដែលមានកូនតូចៗ កូនរបស់គាត់អាចដឹងពីប្រវត្តិសាស្ត្រ។ កូនៗគាត់អាចមានគំនិតស្នេហាជាតិ និងរក្សាមរតកដូនតា»។


លោក សេង គីមហួត  មគ្គទេសក៍ទេសចរណ៍ភាសាខ្មែរនៅរមណីយដ្ឋានអង្គរ
 
លោក សៅ សម្បត្តិ ជាភ្ញៀវទេសចរខ្មែរ ដែលជួលមគ្គទេសក៍ សេង គីមហួត ពេលទស្សនាប្រាសាទអង្គរវត្ត។ កន្លងមកលោក សៅ សម្បត្តិ ចំណាយពេលដើរកម្សាន្តនៅប្រាសាទ ដោយមិនបានចាប់អារម្មណ៍សេវាមគ្គទេសក៍ទេសចរណ៍ឡើយ។ 
 
បន្ទាប់ពីចំណាយពេលប្រមាណ ៣ម៉ោងដើរជាមួយមគ្គទេសក៍ទេសចរ លោក សម្បត្តិ ដែលមានកូនតូចៗ ២នាក់ផងនោះយល់ថា  ការជួលសេវានេះ ពិតជាមានសារសំខាន់សម្រាប់គ្រួសាររបស់លោក។ លោក សៅ សម្បត្តិ រៀបរាប់ថាតាមរយៈការជួលមគ្គទេសក៍ទេសចរណ៍ ធ្វើឱ្យកូនៗរបស់លោកបានស្គាល់ពីប្រវត្តិសាស្ត្រ និងតម្លៃនៃវប្បធម៌ខ្មែរ។

លោក សៅ សម្បត្តិ និងក្រុមគ្រួសារព្រមទាំងមគ្គទេសក៍ទេសចរណ៍ភាសាខ្មែរ នៅមុខប្រាសាទអង្គរតូចក្នុងរមណីយដ្ឋានអង្គរ។
 
«សម្រាប់យើងបានរៀនចប់សាកលវិទ្យាល័យបានរៀនពីប្រវត្តិសាស្ត្រខ្លះហើយ។ តែសំខាន់កូនៗតូចដែលយើងត្រូវបណ្ដុះឱ្យគាត់ដឹង ឱ្យគាត់យល់ និងស្គាល់អំពីអត្តសញ្ញាណជាតិ ជាពិសេសប្រាសាទអង្គរវត្តជាបេះដូងរបស់កម្ពុជា។ ណាមួយពួកគាត់(កូនៗ)កំពុងរៀន ហើយកូនស្រីខ្ញុំគាត់រៀន មានមេរៀនមួយទាក់ទងជាមួយអង្គរវត្ត ហើយគាត់ចង់មកលេង។ បងមគ្គទេសក៍ គាត់ជួយពន្យល់បន្ថែមថាអង្គរវត្តកសាងឆ្នាំណា និងលម្អិតពីកន្លែងសក្ការនីមួយៗ និងកន្លែងសំខាន់ៗមួយចំនួននៅប្រាសាទអង្គរវត្ត។ គាត់(មគ្គទេសក៍ទេសចរ) រាយរ៉ាប់បានល្អមែនទែន»។ នេះជាការរៀបរាប់របស់លោក សម្បត្តិ។
 
បុរសវ័យ ៣៥ឆ្នាំរូបនេះ អំពាវនាវឱ្យជនជាតិខ្មែរ ជាពិសេសអ្នកមានកូនតូចៗ គួរជួលសេវាមគ្គទេសក៍ទេសចរណ៍ពេលទស្សនាប្រាសាទ។ ការរៀបរាប់ និងពន្យល់របស់អ្នកជំនាញ នឹងធ្វើឱ្យកូនតូចៗរបស់អ្នកទេសចរ អាចយល់បន្ថែមពីតម្លៃនៃប្រាង្គប្រាសាទខ្មែរ ពិសេសធ្វើឱ្យពួកគេមានចិត្តស្រឡាញ់ មានមោទកភាព និងចូលរួមថែរក្សាកេរដូនតាខ្មែរ។
 
ជុំវិញការប្រើប្រាស់សេវាមគ្គទេសក៍ទេសចរណ៍ខ្មែរនេះ លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មិនបន្ទោសប្រជាជនខ្មែរ ដែលមិនជួលមគ្គទេសក៍ទេសចរ ពេលទស្សនាប្រាសាទឡើយ ព្រោះទេសចរជាតិមួយចំនួនបានរៀនពីប្រវត្តិសាស្ត្រខ្មែរក្នុងកម្មវិធីអប់រំ។ ការណ៍នេះធ្វើឱ្យទេសចរទាំងនោះគិតថាពួកគេបានដឹងពីប្រវត្តិរបស់ប្រាសាទហើយ។ ទន្ទឹមនឹងនេះ លោក ឡុង កុសល លើកទឹកចិត្តឱ្យទេសចរជាតិ គួរសិក្សាបន្ថែមពីវប្បធម៌ និងការវិវត្តរបស់ប្រាសាទ។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះរៀបរាប់ដូច្នេះ៖ «ភ្ញៀវខ្មែរមិនបានមើលរំលងសេវាមគ្គទេសក៍ទេសចរណ៍ទេ តែគាត់យល់ថាគាត់បានរៀន និងមានចំណេះដឹងគ្រប់គ្រាន់ពីប្រវត្តិសាស្ត្រ និងទីតាំង។ ប៉ុន្តែនេះក៏ជាមូលហេតុមួយដែលធ្វើឱ្យគាត់ខកខាន ក្នុងការឈ្វេងយល់បន្ថែមពីព័ត៌មាន។ រមណីយដ្ឋានរបស់យើងមានអាយុកាលរាប់ពាន់ឆ្នាំ ការយល់ដឹងរបស់មនុស្សម្នាក់ពីទីកន្លែងនោះមិនអាចគ្រប់គ្រាន់ទេ ហើយមានចំណេះដឹងជាច្រើនដែលត្រូវឈ្វេងយល់បន្តទៀត។ សម្រាប់ខ្ញុំ ខ្ញុំលើកទឹកចិត្តឱ្យភ្ញៀវខ្មែរងាកមកប្រើសេវាមគ្គទេសក៍»។
 
សម្រាប់លោក ឡុង កុសល មគ្គទេសក៍ទេសចរ ជាអ្នកនាំពាក្យពីផ្ទាំងប្រាសាទទៅកាន់មនុស្ស។ មគ្គទេសក៍ទេសចរ ក៏ជាអ្នកបង្ហាញពីប្រវត្តិសាស្ត្រ ដល់ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទ ដោយទេសចរនឹងអាចមើលឃើញរឿងរ៉ាវជាច្រើននៅតាមជញ្ជាំងប្រាសាទ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា
 
ទាក់ទងនឹងបញ្ហានេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវឱ្យភ្ញៀវជាតិ ជួយប្រើប្រាស់សេវាមគ្គទេសក៍ទេសចរណ៍ ដើម្បីផ្ដល់ចំណូលដល់ពួកគេ ក្នុងអំឡុងមិនទាន់ភ្ញៀវអន្តរជាតិមកទស្សនាប្រាសាទអង្គរវត្តច្រើន។ «ដើម្បីរក្សាស្ថេរភាពការងារមគ្គទេសក៍ទេសចរ យើងក៏ជំរុញ និងអំពាវនាវឱ្យភ្ញៀវក្នុងស្រុកដែលជាជនជាតិខ្មែរ បើសិនជាមានចំណាប់អារម្មណ៍មកលេងនៅតំបន់អង្គរ គួរប្រើសេវាមគ្គទេសក៍ទេសចរ។ បើសិនជាភ្ញៀវឆ្ងល់កន្លែងណាបងៗអ្នកមគ្គទេសក៍ទេសចរ គាត់ប្រចាំការនៅទីនោះស្រាប់»។ នេះជាការលើកឡើងរបស់លោក ទៀ សីហា។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសរដ្ឋបាលខេត្តសៀមរាប
 
ក្រៅពីអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យទេសចរជាតិ ប្រើប្រាស់សេវាកម្មមគ្គទេសក៍ទេសចរណ៍នៅរមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ខ្មែរ។ ម៉្យាងទៀត ការចំណាយរបស់ទេសចរជាតិ នឹងអាចទៅដល់មគ្គទេសក៍ទេសចរ នៅតាមប្រាសាទនានា។
 
លោក តុប សុភ័ក បន្ថែមដូច្នេះ៖ «យើងសង្កេតឃើញថាការប្រើប្រាស់សេវាមគ្គទេសក៍ទេសចរណ៍ មិនទាន់មានភាពផុសផុលច្រើននោះទេ បើទោះជាមានការអំពាវនាវយ៉ាងណាក្ដី។ ឆ្លៀតពេលនេះក្នុងនាមក្រសួងទេសចរណ៍សូមអំពាវនាវជាថ្មី ទៅដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ គួរប្រើប្រាស់សេវាមគ្គទេសក៍ដើម្បីបានស្វែងយល់ច្បាស់លាស់ បានយល់ព័ត៌មាននៅគោលដៅទេសចរណ៍ និងប្រាសាទច្បាស់លាស់។ វាជាចំណុចសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលើកស្ទួយវិស័យទេសចរណ៍»។
 
បើតាមលោក តុប សុភ័ក កន្លងមកមគ្គទេសក៍ទេសចរពឹងផ្អែកទាំងស្រុងលើភ្ញៀវទេសចរអន្តរជាតិ។ គិតមកដល់ពេលនេះ ទោះបីកម្ពុជាបើកប្រទេសឡើងវិញ ប៉ុន្តែចំនួនទេសចរអន្តរជាតិចូលមកម្សាន្តនៅមានកម្រិត ដែលធ្វើឱ្យមគ្គទេសក៍ទេសចរមិនទាន់មានការងារធ្វើទាំងស្រុង។ ជាក់ស្ដែងរបាយការណ៍ពីក្រសួងទេសចរណ៍គិតត្រឹមខែមេសាឆ្នាំ២០២២ ភ្ញៀវអន្តរជាតិចូលមកកម្ពុជាមានប្រមាណ ២៤ម៉ឺននាក់ ក្នុងនោះភាគច្រើនជាភ្ញៀវមកពីប្រទេសក្នុងតំបន់អាស៊ាន។ យ៉ាងណាមិញក្រសួងទេសចរណ៍សន្និដ្ឋានថាក្នុងឆ្នាំ២០២៥ ទេសចរអន្តរជាតិនឹងចូលមកកម្ពុជាដូចមុនជំងឺកូវីដ-១៩ដែរ។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបភាពពីគណនីហ្វេសប៊ុករបស់លោក
 
គួរបញ្ជាក់ផងដែរថា ការបាត់បង់ភ្ញៀវអន្តរជាតិដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យមគ្គទេសក៍ទេសចរមួយចំនួនគ្មានការងារធ្វើ។ លើសពីនេះភ្ញៀវជាតិតិចតួចប៉ុណ្ណោះ បានប្រើប្រាស់សេវាមគ្គទេសក៍ទេសចរណ៍។ មគ្គទេសក៍ទេសចរខ្លះទៅធ្វើកសិកម្ម ខ្លះទៅធ្វើជាអ្នកលក់អចលនទ្រព្យ និងអ្នកមួយចំនួនទៀត ត្រូវទៅធ្វើការសំណង់ ព្រោះបាត់ចំណូលពីការងារមគ្គទេសក៍ទេសចរណ៍៕
 

Tag:
 មគ្គទេសក៍ទេសចរណ៍
  បទយកការណ៍
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com