កីឡាអន្តរជាតិ
អន្តរជាតិ
Salah ឈ្នះពានរង្វាន់ PFA Player of the Year ឯ Ronaldo មានឈ្មោះក្នុង Team of the Year
10, Jun 2022 , 6:19 pm        
រូបភាព
ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool និងកីឡាការិនី Sam Kerr របស់ Chelsea ថ្ងៃទី៩ ខែមិថុនា បានឈ្នះពានរង្វាន់ឯកត្តជនរបស់កម្មវិធី Professional Footballers Association (PFA) ជា កីឡាករល្អប្រចាំឆ្នាំ (Player of the Year)។ ចំណែកឯ Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករជម្រើស១១នាក់ល្អប្រចាំឆ្នាំ (PFA Team of the Year)។



ការជាប់ជាកីឡាករល្អប្រចាំឆ្នាំរបស់ PFA ក្នុងឆ្នាំនេះ ជាលើកទីពីររបស់ Mohamed Salah ចាប់តាំងពីរដូវកាល ២០១៧-១៨។ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរបស់ Liverpool ក៏ឈ្នះស្បែកជើងមាន​ Premier league ក្រោយរកបាន២៣គ្រាប់។ រដូវកាលនេះ​ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ រកបានគ្រាប់បាល់ ៣១គ្រាប់រាល់គ្រប់កម្មវិធីប្រកួតរបស់ Liverpool ហើយជួយក្រុមឈ្នះពានរង្វាន់ League Cup និង FA Cup។
 
«ពានមួយនេះគឺជាពានមួយដ៏ល្អក្នុងការឈ្នះ ជាពិសេសវាត្រូវបានបោះឆ្នោតដោយកីឡាករ។ ពាននេះបង្ហាញថាអ្នកបានធ្វើការងារខ្លាំងក្លាក្នុងការទទួលបាននូវសមិទ្ធិផលមួយនេះ ហើយនៅបន្ទប់គេងរបស់ខ្ញុំមានកន្លែងដាក់តាំងពានរង្វាន់ ហើយខ្ញុំក៏បានទុកកន្លែងទំនេរច្រើនសម្រាប់ពានរង្វាន់បន្ថែមទៀត។»។ Salah និយាយក្នុងកម្មវិធី PFA បែបនេះ។
 
ចំណែកកីឡាការិនីខ្សែប្រយុទ្ធ Sam Kerr ក្រុមតោខៀវ Chelsea  បានក្លាយជាកីឡាការិនីសញ្ជាតិអូស្ត្រាលីលើកដំបូងដែលឈ្នះពានកីឡាការិនីល្អប្រចាំឆ្នាំ PFA Player of the Year។


 
សម្រាប់ពានរង្វាន់កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ Young Player of the Year បានទៅលើកីឡាករខ្សែបម្រើ Phil Foden និង កីឡាការិនី Lauren Hemp របស់ក្រុមមេឃខៀវ Manchester City។
 
រីឯខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរបស់ក្រុម Manchester United បានជាប់ជាកីឡាករជ្រើស ១១នាក់ល្អប្រចាំឆ្នាំ Team of the Year ក្នុងចំណោមកីឡាករចាំទី Alisson Becker ខ្សែការពារ Trent Alexander Arnold, Antonio Rudiger, Virgil Van Dijk, Joao Cancelo ខ្សែបម្រើ Kevin De Bruyne, Thiago Alcantara, Bernardo Silva និងខ្សែប្រយុទ្ធ Mohamed Salah រួមជាមួយ Sadio Mane។
 
នេះជាលើកទី៥របស់ Ronaldo បានត្រូវបានជាប់ឈ្មោះជាកីឡាករជម្រើស១១នាក់ល្អប្រចាំឆ្នាំរបស់​ PFA ប្រចាំនៅក្របខណ្ឌកំពូលអង់គ្លេស។ Ronaldo ធ្លាប់បានត្រូវជ្រើសរើសក្នុងឆ្នាំ ២០០៥-០៦, ២០០៦-០៧, ២០០៧-០៨ និងឆ្នាំ ២០០៨-០៩៕
 



Tag:
 Mohamed Salah
  PFA Player of the Year
© រក្សាសិទ្ធិដោយ thmeythmey.com