ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំកម្ពុជា ស្នើឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា «កុំអនុវត្តទោសប្រហារជីវិតលើអ្នកប្រឆាំង»
10, Jun 2022 , 11:15 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២។
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានសរសេរលិខិតជូនទៅលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា ដើម្បីបង្ហាញការមើលឃើញរបស់សម្តេច អំពីផលមិនល្អនៃគម្រោងអនុវត្តទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា ជាពិសេស ទោសប្រហារជីវិតនេះ គឺមានទិសដៅអនុវត្តលើក្រុមអ្នកប្រឆាំងតែម្តង។



ក្នុងលិខិតដែលផ្ញើជូនលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រធានអាស៊ាន បានសរសេរយ៉ាងដូច្នេះថា៖«ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយមីយ៉ាន់ម៉ាឲ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំ សូមស្នើដោយស្មោះស្ម័គ្រដល់ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ឲ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងចៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ»។

ក្រោយឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង នៅដើមឆ្នាំ២០២១មក ក្រុមយោធា ដែលកំពុងដឹកនាំមីយ៉ាន់ម៉ា បានហៅខ្លួនឯងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។

លិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះកាលបរិច្ឆេទនៅខែមិថុនា ឆ្នាំ២០២២ តែមិនមានចុះថ្ងៃនោះទេ ហើយលិខិតនេះ ត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅយប់ថ្ងៃទី១០ ខែមិថុនានេះ។

តាមរយៈលិខិតរបស់ខ្លួន សម្តេច ហ៊ុន សែន បានជម្រាបលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ថា ការវិវឌ្ឍស្ថានការណ៍នៅមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ និងត្រូវបានតាមដានដោយមនុស្សនៅជុំវិញពិភពលោក។ សម្តេច បន្តថា ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួន ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅអាស៊ាន។

កម្ពុជា ជឿជាក់ថា ផែនការប្រហារជីវិតនេះ បើត្រូវបានអនុវត្តមែន ប្រាកដជាបង្កឲ្យមានប្រតិកម្មអវិជ្ជាមាន ដែលរីករាលដាលពេញសហគមន៍អន្តរជាតិ ហើយក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន រួមទាំងកិច្ចខិតខំប្រែងប្រែងរបស់កម្ពុជាដែលជាប្រធាន ក្នុងការគាំទ្រមីយ៉ាន់ម៉ាឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។ នេះជាប្រសាសន៍របស់មេដឹកនាំកម្ពុជាដដែល ទៅកាន់មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា។ ទោះយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលទៅរកប្រក្រតីភាពដូចមុន។

សូមគូសបញ្ជាក់ថា ការជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ានដែរនោះ គឺជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា ពេលទទួលបានតំណែងជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២នេះ។ សម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន បានទៅជួបពិភាក្សាដោយផ្ទាល់ជាមួយលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដល់មីយ៉ាន់ម៉ា កាលពីដើមឆ្នាំ២០២២ ហើយក្រោយមក មេដឹកនាំទាំង២រូបនេះ បានបន្តជួបគ្នាម្តងជាពីរដងទៀតតាមប្រព័ន្ធវីដេអូ។ បំណងធំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺដើម្បីបញ្ឈប់ការប្រើហិង្សា និងការបាញ់ប្រហារគ្នានៅមីយ៉ាន់ម៉ា ហើយនាំមីយ៉ាន់ម៉ា ឲ្យមករកសភាពដើមវិញ៕

Tag:
 កម្ពុជា-មីយ៉ាន់ម៉ា
  ហ៊ុន សែន
  មីន អ៊ុងឡាំង
© រក្សាសិទ្ធិដោយ thmeythmey.com