ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរខេត្តបាត់ដំបង ស្នើADB ពន្លឿនការសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់
11, Jun 2022 , 11:59 am        
រូបភាព
កិច្ចប្រជុំ ពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីវឌ្ឍនភាពអនុគម្រោង នៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២ ។ រូបពីរដ្ឋបាលខេត្តបាត់ដំបង
កិច្ចប្រជុំ ពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីវឌ្ឍនភាពអនុគម្រោង នៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២ ។ រូបពីរដ្ឋបាលខេត្តបាត់ដំបង
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយពន្លឿនការសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ខណៈការសាងសង់មានភាពយឺតយ៉ាវជាងផែនការប្រមាណ២០ភាករយ។ ការស្នើសុំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ពីវឌ្ឍនភាពអនុវត្តន៍គម្រោងនៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ នៅរសៀលថ្ងៃទី៩មិថុនា ឆ្នាំ២០២២។


ក្នុងជំនួបនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ពលរដ្ឋក្នុងខេត្តបាត់ដំបង ទន្ទឹងរង់ចាំគម្រោងមួយនេះ បញ្ចប់សាងសង់ជាស្ថាពរនាដើម្បីបង្ការជំនន់ទឹកភ្លឿងនៅក្នុងក្រុងបាត់ដំបង។ ក្រៅពីស្នើពន្លឿនការសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ អភិបាលខេត្តបាត់ដំបង ក៏លើកឡើងពីកង្វល់របស់ខ្លួន ជុំវិញបញ្ហាសំរាមក្នុងក្រុងដែរ។ លោក សុខ លូ បញ្ជាក់ថា សំរាមដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺជាបញ្ហាប្រឈម ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈបច្ចុប្បន្នការទុកដាក់សំរាម និងដឹកជញ្ជូនសំរាមមានភាពយឺតយ៉ាវ។

រូបគម្រោងក្នុងស្លាយ ពេលអាជ្ញាធរខេត្តបាត់ដំបងប្រជុំ នៅថ្ងៃទី៩ ខែមិថុនា
 
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ក៏បានណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង រៀបចំបង្កើតយន្តការនៃគណៈកម្មការមួយដើម្បីគ្រប់គ្រងទីលានចាក់សំរាមឱ្យបានត្រឹមត្រូវបន្ទាប់ ពីទីលានចាក់សំរាមស្ដង់ដារអន្តរជាតិមួយនេះ ត្រូវបានដាក់ដំណើរការប្រើប្រាស់នាពេលខាងមុខ។ 
 
ជាមួយគ្នានេះ ប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានសន្យាផ្ដល់ការបណ្ដុះបណ្ដាលជំនាញគ្រប់គ្រង និងអំពីការបែងចែកញែកសំរាម ឱ្យបានស្របតាមលក្ខណៈស្ដង់ដារបច្ចេកទេស។
 
សូមជម្រាបថា ទីលានចាក់ និងកប់សំរាមដែលមានលក្ខណៈតាមស្ដង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ២៥ហិកតា ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានតម្លៃប្រមាណ ៦,៥ លានដុល្លារ៕

រូបគម្រោងក្នុងស្លាយ ពេលអាជ្ញាធរខេត្តបាត់ដំបងប្រជុំ នៅថ្ងៃទី៩ ខែមិថុនា
 
 

Tag:
 ADB
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com