ជាតិ
អាជ្ញាធរក្រុងភ្នំពេញ បញ្ចេញឡានបូមលូ១៦គ្រឿង រំដោះទឹកចេញពីតំបន់ដែលជន់លិចខ្លាំង
11, Jun 2022 , 4:29 pm        
រូបភាព
សកម្មភាពអាជ្ញាធរបូម រំដោះទឹកនៅម្ដុំវត្តដំបូងខ្ពស់ (រូបពី កញ្ញា អ៊ូ សុខមាន)
សកម្មភាពអាជ្ញាធរបូម រំដោះទឹកនៅម្ដុំវត្តដំបូងខ្ពស់ (រូបពី កញ្ញា អ៊ូ សុខមាន)
ភ្នំពេញ៖ ភ្លៀងធ្លាក់ប្រហែល ២ម៉ោង បានធ្វើឱ្យតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ រងការជន់លិចធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃទី១០ មិថុនា។ ភ្លាមនោះ អាជ្ញាធរក្រុងភ្នំពេញ បានចុះអន្តរាគមន៍កាយសំរាម និងបញ្ចេញឡានបូមលូ ១៦គ្រឿងទៀត ដើម្បីរំដោះទឹកចេញពីតំបន់ដែលជន់លិចខ្លាំង។


 
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា កាលពីយប់មិញមានភ្លៀងខ្លាំងក្នុងកម្រិត១១០មីលីម៉ែត្រ ក្នុងរយៈពេល២ម៉ោង ដែលធ្វើឱ្យតំបន់មួយចំនួននៅក្រុងភ្នំពេញរងការជន់លិច។ ជាពិសេស សង្កាត់ តំបន់បឹងទំពុន ទឹកថ្លា និងអូរបែកក្អម ប៉ះពាល់ធ្ងន់ធ្ងរជាងគេ ខណៈបឹងកេងកង និងចំការមន មិនសូវជន់លិចយូរនោះទេ។
 
ក្រោយភ្លៀងរាំង អាជ្ញាធរ បានបញ្ចេញរថយន្ត១៦គ្រឿង ដើម្បីបូមទឹកនៅកន្លែងស្ទះខ្លាំង ឱ្យហូរលឿនទៅកាន់ស្ថានីយផ្សេងទៀត។ ជាពិសេស ជួយលាងសម្អាតផ្លូវ និងផ្ទះពលរដ្ឋនៅពេលទឹកស្រក។ មកដល់ពេលនេះ ទឹកបានស្រកស្ទើរតែទាំងស្រុងហើយ ហើយសមត្ថភាពបូមទឹកកើនឡើងរហូតដល់៣ដង។ 


 
លោក ប្រាប់ដូច្នេះថា៖«ឡាន ១៦គ្រឿង ដែលយើងបញ្ចេញនេះ គឺអន្តរាគមន៍តំបន់ដែលស្ទះលូ ឬហូរយឺត។ ខ្ញុំចង់បញ្ចាក់ថា កម្រិតទឹក១១០មីលីម៉ែត្រនេះ គឺជាកម្រិតខ្ពស់ខ្លាំងណាស់​។ ជាធម្មតាកម្រិតភ្លៀងត្រឹមតែ ៤០មីលីម៉ែត្រក្នុងមួយម៉ោង ទើបដោះស្រាយបញ្ហាទឹកលិចបាន។ »។
 
ឆាប់ៗនេះ ស្ថាននីយបូមទឹកបឹងទំពុន់ នឹងដាក់ឱ្យដំណើរការ ដូច្នេះ លោក សាំ ពិសិដ្ឋ រំពឹងថា នឹងអាចកាត់បន្ថយការលិចលង់ ក្នុងទីក្រុងភ្នំពេញ ព្រោះស្ថានីយនេះ មានសមត្ថភាពបូមទឹកកើនឡើងរហូតដល់ ៣៣ម៉ែត្រគីប ក្នុងមួយវិនាទី។ 
 
យោងតាម ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត ចាប់ពីថ្ងៃទី៧ ដល់១៤ មិថុនា ដោយសារឥទ្ធិពលជ្រលងសម្ពាធទាប។ តំបន់ទំនាបកណ្ដាល និងខេត្តនានា មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។    
 
តំបន់វាលទំនាបកណ្ដាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ តំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯ តំបន់មាត់សមុទ្រ អាចនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម៕ 







Tag:
 ជំនន់ទឹកភ្លៀង
  មន្ទីរសារធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com