ជាតិ
ក្ដីស្រឡាញ់ចំពោះធម្មជាតិ​លើ​ភ្នំគូលែន ធ្វើឱ្យយុវជន រ៉ាត់ មាច មិនចង់ទៅធ្វើការកន្លែងផ្សេង
11, Jun 2022 , 10:39 pm        
រូបភាព
រូបភាពភ្នំគូលែន ពីCambodia Amazing Trip Planner
រូបភាពភ្នំគូលែន ពីCambodia Amazing Trip Planner
ដោយ:
លោក រ៉ាត់ មាច ជា​ពលរដ្ឋ​​រស់នៅលើភ្នំគូលែន ដែលពោរពេញដោយសម្បត្តិធម្មជាតិអស់រយៈពេល ២៧ឆ្នាំហើយ។ យុវជនដែលមានដើមកំណើតលើទឹកដីដ៏​ពិសិដ្ឋនេះ មានចិត្តស្នេហាទីកំណើតរបស់ខ្លួន​ជាពន់ពេក។ ទោះមិនបានរៀនខ្ពង់ខ្ពស់ដូចអ្នកដទៃ តែលោក រ៉ាត់ មាច បានក្លាយជាមនុស្សម្នាក់ចូលរួមការពារបរិស្ថាន តាមរយៈការងារល្បាតព្រៃជាមួយសហគមន៍អន្លង់ធំ។ ការងារជាមួយ​បរិស្ថានបានចងចិត្តបុរសរូបនេះ មិនឱ្យចុះពីលើភ្នំទៅធ្វើការងារកន្លែងផ្សេង។


 
ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ឬ «មហិន្ទ្របព៌ត» ជាទីតាំងដែលពោរពេញដោយធនធានធម្មជាតិ ព្រៃឈើធំៗ ជីវចម្រុះ និងជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ប្រជាជនក្នុងខេត្តសៀមរាប។ អន្លង់ធំ ជាភូមិមួយដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន។ ប្រជាជននៅភូមិអន្លង់ធំ បានចងក្រងគ្នាជាសហគមន៍មួយ ដើម្បីធ្វើការងារបរិស្ថានដូចជាល្បាតព្រៃ និងផ្ដល់សេវាកម្មទេសចរណ៍។
 
តាមរយៈដំណើរកម្សាន្តជាមួយក្រុម Cambodia Amazing Trip Planner អ្នកសារព័ត៌មានThmeyThmey25 បានជួបមគ្គទេសក៍ទេសចរណ៍តំបន់ម្នាក់ គឺ លោក រ៉ាត់ មាច ដែលជាមគ្គទេសក៍ក្នុង​សហគមន៍​អន្លង់ធំ។​ ជិះម៉ូតូដឹកអ្នកទេសចរបណ្ដើរ លោក រ៉ាត់ មាច ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានបណ្ដើរ។​ យុវជនរូបនេះ ដែលមានដើមកំណើត និងរស់នៅលើភ្នំគូលែន មានម្ដាយជាអ្នកដេរកន្ទេលលក់ ហើយ​រូបគេត្រូវបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ ព្រោះកត្តាជីវភាព។​ នៅ​វ័យ១២ឆ្នាំ លោក មាច ត្រូវរកចំណូលមកផ្គត់ផ្គង់ប្អូនស្រីរៀន និងឪពុកកំពុងសម្រាកព្យាបាលជំងឺ។

រូបភាពពី Cambodia Amazing Trip Planner
 
«ឪពុកខ្ញុំឈឺ ចឹងខ្ញុំត្រូវបោះបង់ការសិក្សា អាយុ១២ឆ្នាំ។ កាលនោះពុកម៉ែ មានតែរទេះគោ និងគោមួយនឹម ហើយម៉ែបររទេះគោជូនពួកនិស្សិតធ្វើកំណាយលើភ្នំគូលែន។ ខ្ញុំក៏បររទេះជំនួសម៉ែ យកលុយឱ្យប្អូនរៀន និងមើលពុក តែពុកអត់ជា។ កាលនោះខ្ញុំបានចំណូល តែខ្ញុំអត់សប្បាយចិត្តព្រោះអត់បានរៀន។ តែធ្វើម៉េចខ្ញុំត្រូវបោះបង់អ្វីមួយ ដើម្បីអ្វីមួយ»។​ នេះជាការរៀបរាប់របស់យុវជន រ៉ាត់​ មាច។
 
នាឆ្នាំ២០១៧ បងប្រុសរបស់លោក រ៉ាត់ មាច  បានចូលជាសមាជិកសហគមន៍អន្លង់ធំ ហើយលោកក៏បានដើរតាមបង និង​ជាប់ចិត្តនឹងធម្មជាតិចាប់ពីពេលនោះមក។ រហូតដល់ឆ្នាំ២០២០ នៅលើភ្នំគូលែន មានទីស្នាក់ការព័ត៌មានទេសចរណ៍អន្លង់ធំ ដែលផ្ដល់ឱកាសក្លាយជាសមាជិកមួយរូបផងដែរ។ មានវ័យ២២ឆ្នាំ បុរសសម្បុរស្រអែមរូបនេះ បានចូលរួមការងារជាមួយសហគមន៍ ដូចជាការល្បាតព្រៃ និងផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិនៅលើភ្នំគូលែន។ តាមរយៈការងារទាំងនេះបានចងចិត្ត រ៉ាត់ មាច មិនឱ្យទៅធ្វើការកន្លែងផ្សេង ក្រៅតែពីធ្វើជាមគ្គទេសក៍ទេសចរណ៍តំបន់ និងជាអ្នកល្បាតព្រៃ។

លោក រ៉ាត់ មាច មគ្គទេសក៍ទេសចរណ៍តំបន់ ក្នុងមជ្ឍមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ។
 
ជិះម៉ូតូដឹកទេសចរកាត់ព្រៃតូច ធំលើភ្នំគូលែន អមដោយសំឡេងសត្វរៃ លោក រ៉ាត់ មាច បន្តរៀបរាប់ទៀតថា៖ «ខ្ញុំអត់ចង់ចុះទៅក្រោម​(ក្រោមភ្នំគូលែន)ទេ។ ទីមួយអត់ដឹងចុះទៅរកស៊ីអ្វី អត់ដែលធ្លាប់នៅខាងក្រោមផង ហើយនៅក្រោមក្ដៅណាស់ ខ្ញុំនៅមិនបានយូរទេ។ នៅលើនេះពេលអត់ភ្ញៀវខ្ញុំធ្វើចម្ការ។ ខ្ញុំក៏ចូលរួមការងារល្បាតព្រៃជាមួយសហគមន៍ ពេលឃើញបទល្មើសអី យើងទាក់ទងទៅឧទ្យានុរក្ស។ ខ្ញុំពេញចិត្តធ្វើ ទោះអត់មានប្រាក់ខែ ព្រោះបានចូលរួមជួយសង្គមមួយចំណែកតាមរយៈរក្សាព្រៃឈើ»។
 
លោក រ៉ាត់ មាច ទទួលបានចំណូលខ្លះពីការងារជាមគ្គទេសក៍ទេសចរណ៍តំបន់ និងទទួលបានការឧបត្ថម្ភពេលចុះល្បាតព្រៃពីអង្គការHUMY។ លោក អាចរកចំណូលពីទេសចរក្នុងរដូវប្រាំង ព្រោះទេសចរដើរកម្សាន្តបែបផ្សងព្រេង និងបោះតង់លើភ្នំគូលែន។ បើតាមមគ្គទេសក៍ទេសចរណ៍ក្នុងសហគមន៍អន្លង់ធំរូបនេះ ការងារជាអ្នកនាំភ្ញៀវអាចរកចំណូលបានស្រួលជាងការកាប់បំផ្លាញព្រៃឈើ និងមិនប៉ះពាល់ដល់ធនធានធម្មជាតិ។
 
លោក រ៉ាត់ មាច ត្រូវបានសហគមន៍ទទួលស្គាល់ថាជាយុវជនសកម្មម្នាក់ ដែលតែងតែចូលរួមជាមួយសហគមន៍ពេលចុះល្បាត។ លោក ហេង ពុទ្ធា ប្រធានមជ្ឈមណ្ឌលព័ត៌មានអន្លង់ធំ បានប្រាប់សារព័ត៌មានThmeyThmey25ថា យុវជន រ៉ាត់ មាច ជាចំណែកដ៏សំខាន់មួយសម្រាប់សហគមន៍។

លោក រ៉ាត់ មាច កំពុងដឹកអ្នកទេសចរ ដែលទៅកម្សាន្តនៅសហគមន៍អន្លង់ធំ ជាមួយក្រុម Cambodia Amazing Trip Planner
 
«គាត់(រ៉ាត់ មាច) ជាសមាជិកសហគមន៍ដែលសកម្ម។ រាល់ពេលល្បាតគាត់តែងតែទៅ ហើយពេលត្រូវការកម្លាំងសម្រាប់ដាំកូនឈើ គាត់ក៏តែងតែទៅ។​ គាត់បានជួយច្រើន។ គាត់ស្រឡាញ់បរិស្ថាន ទើបគាត់ចូលរួមជាមួយយើង។ យើងលើកទឹកចិត្តគាត់ ដោយពេលមានទេសចរយើងឱ្យគាត់នាំភ្ញៀវដើម្បីផ្ដល់ចំណូលឱ្យគាត់ ព្រោះការល្បាតពីមុនអត់មានចំណូល តែឥឡូវមានអង្គការឧបត្ថម្ភ»។ នេះជាការរៀបរាប់របស់លោក ហេង ពុទ្ធា។
 
យុវជនរស់នៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប រូបនេះ មិនធ្លាប់មានបំណងបោះបង់ការងារជាមគ្គទេសក៍ទេសចរណ៍តំបន់ឡើយ។ លើសពីនេះ លោក​ រ៉ាត់​ មាច តាំងចិត្តចូលរួមថែរក្សាធនធានធម្មជាតិលើភ្នំគូលែន។ លោកក៏បានអំពាវនាវឱ្យទេសចរទៅកម្សាន្តនៅទីនោះ ដើម្បីផ្ដល់ចំណូលដល់ប្រជាជនក៏ដូចជាចូលរួមថែរក្សាបរិស្ថាន៕


លោក​ ហេង ពុទ្ធា ប្រធានមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ។ រូបភាពពីតេឡេក្រាមរបស់លោក។


Tag:
 ជីវព័ត៌មាន
  ThmeyThmey25
  ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com