ជាតិ
លោក សុខ លូ បញ្ជាអាជ្ញាធរចាត់វិធានការក្ដៅចំពោះ អ្នកកាប់បំផ្លា​ញព្រៃនៅតំបន់ភ្នំ នៅបាត់ដំបង
11, Jun 2022 , 12:59 pm        
រូបភាព
លោក សុខ លូ អភិបាលខេត្តបាត់ដំបង ពេលចុះត្រួតពិនិត្យស្ថានភាពព្រៃឈើនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត នៅថ្ងៃទី១០មិថុនា ឆ្នាំ២០២២។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង ពេលចុះត្រួតពិនិត្យស្ថានភាពព្រៃឈើនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត នៅថ្ងៃទី១០មិថុនា ឆ្នាំ២០២២។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង។
ដោយ:
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យមន្ទីរបរិស្ថាន និងរដ្ឋព្រៃឈើខេត្តបាត់ដំបង ចាត់វិធានការក្ដៅលើអ្នកកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំក្នុងស្រុកសំឡូត និងកន្លែងផ្សេងទៀត។ លើសពីនេះរដ្ឋបាលខេត្តបាត់ដំបង​នឹងដាំកូនឈើឡើងវិញនៅតំបន់ភ្នំ ដែលទទួលរងផលប៉ះពាល់ដោយសារកាប់បំផ្លាញ។


 
រដ្ឋបាលខេត្តបាត់ដំបងបានចុះត្រួតពិនិត្យស្ថានភាពព្រៃឈើ និងការកាយដីភ្នំខុសច្បាប់ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ឱ្យអាជ្ញាធរពង្រឹងការការពារតំបន់ការពារព្រៃឈើ ជាពិសេសតំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ។
 
អភិបាលខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរស័ព្ទថា ការចាត់វិធានការក្ដៅលើអ្នកប្រព្រឹត្តបទល្មើសព្រៃឈើមិនមែនធ្វើឡើងតែក្នុងស្រុកសំឡូតនោះទេ ។ ពោលអាជ្ញាធរនឹងបន្តតាមដាន និងការពារព្រៃឈើនៅតំបន់ផ្សេងទៀតក្នុងខេត្តបាត់ដំបង ដោយសង្កត់ធ្ងន់លើតំបន់ភ្នំ។

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
 
លោក សុខ លូ បញ្ជាក់ដូច្នេះ៖  «យើងផ្ដោតសំខាន់លើតំបន់ភ្នំ។ ការកាប់បំផ្លាញមិនច្រើនអីប៉ុន្មានទេ ពេលយើងចាត់វិធានការនោះយើងនឹងអាចទប់ស្កាត់បាន។ ជារួមយើងមិនមែនធ្វើតែតំបន់សំឡូតទេ គឺយើងធ្វើទាំងអស់ គ្រប់កន្លែង។ ខ្ញុំបានដាក់វិធានការទៅកាន់រដ្ឋបាលព្រៃឈើ​ និងបរិស្ថាន មើលតំបន់ដែលខ្លួនគ្រប់គ្រងទាំងអស់ ជាពិសេសគឺភ្នំ ដែលត្រូវតែថែជាដាច់ខាត»។
 
រដ្ឋបាលខេត្ត​បាត់ដំបង និងមន្ទីរពាក់ព័ន្ធ នឹងដាំកូនឈើឡើងវិញនៅតាមភ្នំដែលរងការបំផ្លាញ ដើម្បីរក្សាគម្របព្រៃឈើឡើងវិញ។ យ៉ាងណាមិញ លោក សុខ​ លូ មិនទាន់អាចបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey បានទេថា លោកគ្រោងនឹងដាំកូនឈើឡើងវិញប៉ុន្មានហិកតា។ «ជារួមយើងមិនទាន់ក្ដាប់បានដីប៉ុន្មានទេ តែតំបន់ភ្នំយើងត្រូវតែមានគោលការណ៍ថែរក្សា អ៊ីចឹងយើងដាំកូនឈើឡើងវិញទាំងអស់កន្លែងដែលបំផ្លាញ។ ប៉ុន្តែផ្ទៃដីសរុបប៉ុន្មានយើងមិនទាន់ដឹងទេ។ យើងកំពុងស្រាវជ្រាវបន្តបន្ទាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់អភិបាលខេត្តបាត់ដំបង។
 
ជាមួយគ្នានេះ លោក សុខ លូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាធនធានធម្មជាតិ ជាពិសេសតំបន់ភ្នំ ដែលជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យទៅកម្សាន្តនៅខេត្តបាត់ដំបងកាន់តែច្រើន។ ការចូលរួមរបស់ប្រជាពលរដ្ឋនឹងអាចរក្សាបាននូវធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ៕
 

ភ្នំ នៅក្នុងស្រុកសំឡុត។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

 

© រក្សាសិទ្ធិដោយ thmeythmey.com