ជាតិ
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចងក្រងសៀវភៅទស្សនាវដ្តីទេសចរណ៍បាត់ដំបង
12, Jun 2022 , 7:59 am        
រូបភាព
រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
ដោយ:
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចងក្រងសៀវភៅទស្សនាវដ្តីទេសចរណ៍បាត់ដំបង ជាង៣០ទំព័រ ដែលចងក្រងពីព័ត៌មានពាក់ព័ន្ធនឹងទេសចរណ៍ក្នុងខេត្តនេះ។ ការចងក្រងទស្សនាវដ្ដីនេះ មានគោលបំណងសម្រួលដល់ការធ្វើដំណើររបស់របស់ភ្ញៀវទេសចរ។


 
ក្នុងទស្សនាវដ្តីទេសចរណ៍បាត់ដំបង ដែលមាន៣៤ទំព័រ មានចងក្រងពីព័ត៌មានទេសចរណ៍ ដូចជាគោលដៅទេសចរណ៍បែបសាសនា វប្បធម៌ តំបន់អេកូទេសចរណ៍ ទេសចរណ៍កែច្នៃ និងតំបន់កសិទេសចរណ៍ជាដើម។ បន្ថែមពីនេះ ក្នុងទស្សនាវដ្ដីនេះ ក៏មានព័ត៌មានពាក់ព័ន្ធនឹងសំណង់បុរាណ ក្នុងខេត្តបាត់ដំបងផងដែរ។
 
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាប់សារព័ត៌មាន ThmeyThmey25 ថា ការបោះពុម្ពទស្សនាវដ្ដីទេសចរណ៍បាត់ដំបងនេះ គឺដើម្បីផ្ដល់ព័ត៌មាន និងចំណេះដឹងពីទេសចរណ៍ខេត្តបាត់ដំបង។ ប៉ុន្តែបច្ចុប្បន្ន មន្ទីរទេសចរណ៍ខេត្តបាត់ដំបង មិនទាន់មានលទ្ធភាពសម្រាប់បោះពុម្ពទស្សនាវដ្ដីនេះច្រើនដើម្បីចែកជូនទេសចរឡើយ។

លោក ហម​ អរុណ ប្រធានការិយាល័យឧស្សហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​។
 
លោក ហម អរុណ បញ្ជាក់ដូច្នេះ៖ « លើកទីមួយនេះ ដោយសារថវិកាមានកំណត់ យើងបោះបាន២០០ក្បាលសិន។យើងបានចែកចាយទៅតាមអាជីវកម្មមួយចំនួន និងថ្នាក់ដឹកនាំខេត្ត ក្រសួង និងសាលារៀនមួយចំនួន។ លេខទី១នេះ យើងមិនបានបោះពុម្ពលក់ទេ។ តែលេខក្រោយៗ យើងនឹងបោះច្រើនក្បាលសម្រាប់ចែកចាយតែម្តង»។
 
ជាមួយគ្នានេះ សម្រាប់ទស្សនាវដ្ដីទស្សនាវដ្ដីទេសចរណ៍ខេត្តបាត់ដំបង មិនទាន់មានជាភាសាបរទេសនោះទេ។ ប៉ុន្តែបើសិនជាមានថវិកាពីវិស័យឯកជនចូលរួមនោះ មន្ទីរទេសចរណ៍ខេត្ត នឹងបន្តបោះពុម្ពជាភាសាបរទេសបន្ថែម។ សូមជម្រាបដែរថា ក្រៅពីទស្សនាវដ្ដីនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង គ្រោងបោះពុម្ពសៀវភៅម្ហូបខេត្តបាត់ដំបងផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com