អន្តរជាតិ
អូស្ត្រាលី សងលុយ៥៨៥លានដុល្លារឱ្យក្រុមហ៊ុនបារាំងជុំវិញការលុបចោលគម្រោងទិញនាវាមុជទឹក
12, Jun 2022 , 2:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសពីការទូទាត់លុយ៥៨៥លានដុល្លារឱ្យក្រុមហ៊ុនបារាំង Naval Group ជាប្រាក់សងជំងឺចិត្តចំពោះការលុបចោលគម្រោងទិញនាវាមុជទឹក។ បារាំងខឹងសម្បារយ៉ាងខ្លាំងនឹងអូស្ត្រាលីដែលបោះបង់គម្រោងនេះ ហើយចាប់យកគម្រោងសាងសង់នាវាមុជទឹកដែលសហការជាមួយអាម៉េរិក និងអង់គ្លេសវិញ។

 
ការលុបចោលកិច្ចព្រមព្រៀងតម្លៃ៩០ពាន់លានដុល្លារលើការសាងសង់នាវាមុជទឹកដើរដោយថាមពលឥន្ធនៈ១២គ្រឿងជាមួយបារាំង ហើយងាកទៅរកគម្រោងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ​ជាមួយអាម៉េរិក និងអង់គ្លេស ធ្វើឱ្យទំនាក់ទំនងរវាងអូស្ត្រាលី និងបារាំងល្អក់កករយ៉ាងខ្លាំងរហូតមានការហៅទូតចូលប្រទេសពីសំណាក់បារាំងទៀតផង។ បារាំងរិះគន់សម្ព័ន្ធមិត្តថា ចាក់ខ្លួនពីក្រោយខ្នង។
 
ដ្បិតហែកកិច្ចព្រមព្រៀងចោល អូស្ត្រាលី ក៏ត្រូវបង់លុយឱ្យក្រុមហ៊ុនបារាំង Naval Group ។ នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស នៅថ្ងៃទី១១ ខែមិថុនា ប្រកាសផ្ដល់សំណង៥៨៥លានដុល្លារដើម្បីដោះស្រាយបញ្ហានេះ ដោយលោកហៅទំហំលុយនេះ ជាការដោះស្រាយដោយយុត្តិធម៌ និងមានសមភាព។ លោក អាល់បានីស ក៏រំពឹងទំនាក់ទំនងជាមួយបារាំង នឹងល្អប្រសើរឡើងវិញ ហើយត្រៀមធ្វើដំណើរទៅក្រុងប៉ារីសដើម្បីជួបប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ទៀតផង។
 
«យើងកំពុងស្ថាបនាឡើងវិញទំនាក់ទំនងកាន់តែល្អប្រសើររវាងអូស្ត្រាលី និងបារាំង។» ប្រមុខរដ្ឋាភិបាលអូស្ត្រាលី បញ្ជាក់បែបនេះក្រោយសន្ទនាតាមទូរស័ព្ទជាមួយលោក ម៉ាក្រុង ។
 
នាយករដ្ឋមន្រ្តីថ្មីរូបនេះ ក៏ឆ្លៀតរិះគន់លោក ស្កុត ម៉ូរីសុន ចំពោះកិច្ចព្រមព្រៀងជាមួយបារាំងនេះដែរ។ លោកអះអាងថា ការបង់សំណងនេះ និងលុយចំណាយផ្សេងទៀត ជាការខ្ជះខ្ជាយរបស់រដ្ឋាភិបាលដែលបានតែមាត់ តែគ្មានសាច់ការអ្វី។
 
កិច្ចព្រមព្រៀងអូស្ត្រាលី អាម៉េរិក និងអង់គ្លេស ត្រូវមើលឃើញថា​ ជាផ្នែកមួយនៃការទប់ទល់ងឥទ្ធិពលចិនក្នុងតំបន់ដែលកើនឡើងជាលំដាប់។ កន្លងមក ក្រុងកង់បេរ៉ា ក៏មើលមុខគ្នាមិនសូវនឹងក្រុងប៉េកាំងដែរលើបញ្ហាជាច្រើនតាំងពីពាណិជ្ជកម្ម ប្រភពជំងឺកូវីដ-១៩ និងបញ្ហាសិទ្ធិមនុស្សនៅចិនជាដើម៕

Tag:
 អូស្ត្រាលី
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com