ជាតិ
សង្គមជាតិ
យុវជនមួយក្រុមឆ្លៀតទំនេរពីការសិក្សា ទៅល្បាតព្រៃឈើ ជាមួយប្រជាសហគមន៍ព្រៃឡង់
12, Jun 2022 , 9:19 pm        
រូបភាព
ក្រុមយុវជនរបស់CYN ចូលរួមល្បាតព្រៃជាមួយប្រជាសហគមន៍ព្រៃឡង់។  រូបថត៖ CYN
ក្រុមយុវជនរបស់CYN ចូលរួមល្បាតព្រៃជាមួយប្រជាសហគមន៍ព្រៃឡង់។ រូបថត៖ CYN
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
 
យុវជនខ្មែរមួយក្រុមតែងតែឆ្លៀតពេលទំនេរពីការសិក្សា ទៅចូលរួមសកម្មភាពល្បាតព្រៃនៅក្នុងព្រៃឡង់ ដើម្បីជួយទប់ស្កាត់ការកាប់ទន្រ្ទានព្រៃឈើ សង្កេតពីបទល្មើសព្រៃឈើ និងចូលរួមថែទាំធនធានធម្មជាតិនៅកម្ពុជា។ ទោះបីការងារល្បាតព្រៃនេះ មានការប្រឈមច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែយុវជនទាំងនោះនៅតែតាំងចិត្តខ្ពស់ក្នុងការបន្តសកម្មភាព និងលើកទឹកចិត្តដល់យុវជនដទៃទៀត ឱ្យស្រលាញ់ព្រៃឈើ ជាពិសេសចូលរួមថែរក្សាធនធានធម្មជាតិនៅកម្ពុជា ដែលកំពុងរងការបាត់បង់។

 
ជាការពិតណាស់ ការចូលព្រៃដើរល្បាតដើម្បីឃាត់បទល្មើសព្រៃឈើ និងប្រមូលយកភស្តុតាងមកប្រគល់ជូនមន្រ្តីបរិស្ថាននៅជុំវិញព្រៃឡង់ គឺជារឿងមួយដែលយុវជនកម្ពុជាសម័យថ្មីនេះតិចណាស់មានការចាប់អារម្មណ៍ ក៏ព្រោះតែមានការប្រឈមគ្រោះថ្នាក់ខ្ពស់។ ប៉ុន្តែ យុវជន ម៉េត រ៉ូពី ជានិស្សិតដែលកំពុងសិក្សាជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យផ៉ារ៉ាហ្គន បានចូលរួមសកម្មភាពដើរល្បាតព្រៃជាមួយសហគមន៍ព្រៃឡង់អស់រយៈពេលជាង៣ឆ្នាំមកហើយ។
 
មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ និស្សិតឆ្នាំទី៤រូបនេះចាប់ផ្ដើមចូលរួមការល្បាតព្រៃនៅចុងឆ្នាំ២០១៨ ពោលគឺនាអំឡុងពេលដែលរូបលោកឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ។​ រ៉ូពី មានចំណូលចិត្តចង់ការពារព្រៃឈើតាំងពីរៀនថ្នាក់ទី៨មកម្លេះ ព្រោះតែឃើញអ្នកភូមិនាំគ្នា ទៅទន្រ្ទានដីព្រៃនៅខេត្តក្រចេះ។ «ខ្ញុំអត់ពេញចិត្តក្នុងការឱ្យប្រជាពលរដ្ឋទៅកាប់បំផ្លាញព្រៃឈើទេ។ កាលនោះមិនដឹងធ្វើអី គ្រាន់តែមានអារម្មណ៍ថាអត់ពេញចិត្ត»។ នេះជាការលើកឡើងរបស់ រ៉ូពី។ បើតាមយុវជនវ័យ រូបនេះ កន្លងមកផ្លូវខាងមុខផ្ទះរបស់លោក គឺ​ជាផ្លូវដែលគេដឹកឈើចេញពីខេត្តក្រចេះ រតនគីរី និងមណ្ឌលគីរី ទៅកាន់ប្រទេសវៀតណាម។
 
ស្ថិតនៅក្នុងវ័យ២២ឆ្នាំ យុវជនរូបនេះបានចុះល្បាតព្រៃឡង់ចំនួន៥លើកមកហើយ ដោយមួយលើកៗរ៉ូពីចំណាយពេល២ទៅ៣ថ្ងៃ ដែលតម្រូវឱ្យស្នាក់នៅជាមួយប្រជាសគមន៍។ បើតាម​ រ៉ូពី ការចំណាយពេលល្បាតព្រៃនេះ ក៏ប៉ះពាល់ដល់ការសិក្សារបស់ខ្លួនផងដែរ តែព្រោះតែចិត្តស្រលាញ់ព្រៃឈើ យុវជនរូបនេះ ព្យាយាមស្វះស្វែងសិក្សាបន្ទាប់ពីបេសកកម្មល្បាតព្រៃត្រូវបានបញ្ចប់។


យុវជន ម៉េត រ៉ូពី
 
ការដើរល្បាតនេះ រ៉ូពី ត្រូវ​ដើរ​រាប់​គីឡូម៉ែត្រ​នៅក្នុង​ព្រៃជ្រៅជាមួយនឹងសំពាយសម្ភារនានាខាងក្រោយខ្នង។ ការដើរល្បាតនោះរាងកាយរ៉ូពីត្រូវរងរបួសដោយមុតមែកឈើ ឬដើរដួលជាដើម និងប្រឈមប្រទះនូវសត្វកាចសាហាវ​ជាដើម។ រ៉ូពី បន្តលើកឡើងថា៖ «សកម្មភាពទាំងនេះ យើងរៀនសូត្រពីមួយលើកទៅមួយលើក អ៊ីចឹងលើកចុងក្រោយយើងយល់ថាអ្វីដែលយើងគួរតែដាក់ទៅតាមខ្លួន! អ្វីដែលយើងគួរធ្វើពេលធ្វើសកម្មភាពចុះល្បាតជាមួយសមាជិកផ្សេងទៀត»។ លោកបានបញ្ជាក់ថា៖ «​ ការរៀនសូត្រជាបំណិនជីវិត អ៊ីចឹងវាអាចមានច្រើនយ៉ាង តែអ្វីដែលសំខាន់វាធ្វើឱ្យយើងមានភាពតស៊ូ និងអំណត់អត់ធ្មត់ក្នុងការធ្វើសកម្មភាពណាមួយ ព្រោះការដើរក្នុងព្រៃ យើងមិនដែលធ្លាប់ច្បាស់ជាមានភាពភ័យខ្លាច តែវាធ្វើឱ្យយើងមានភាពតស៊ូក្នុងជីវិត»។
 
បើតាមយុវជនរូបនេះ ការចូលរួមសកម្មភាពល្បាតព្រៃ គឺមិនត្រឹមតែជាបុព្វហេតុមួយដែលការពារធនធានធម្មជាតិប៉ុណ្ណោះទេ តែវាជារឿងរ៉ាវមួយដែលមនុស្សគ្រប់រូប ពិសេសយុវជន​អាចរៀនសូត្របានសម្រាប់បំពេញបន្ថែមក្នុងជីវិត។ 


យុវជន ហៀម ផេត
 
សម្រាប់យុវជន ហៀម ផេត​ ដែលមានកំណើតរស់នៅក្នុងខេត្តកំពង់ឆ្នាំង គឺ​បានចូលរូមសកម្មភាពល្បាតព្រៃតាំងពីនៅក្មេង ជាមួយឪពុកម្តាយរបស់ខ្លួន និងជាមួយអ្នកភូមិ។  យុវជនដែលបច្ចុប្បន្ន​ មានវ័យ២១ឆ្នាំរូបនេះ គឺជាប្រជាសហគមន៍ក្បាលខ្លា ដែលមានទីតាំងស្ថិតនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់។
 
បើតាម ផេត ឪពុកម្តាយរបស់ខ្លួន គឺស្ថិតក្នុងចំណោមអ្នកភូមិដែលដើរល្បាតព្រៃយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបរបាញ់សត្វព្រៃ និងការកាប់ឈើខុសច្បាប់។ មុនពេលមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅភ្នំពេញ យុវជនរូបបនេះ តែងតែ​ដើរ​ល្បាត​ព្រៃ​ក្រោយ​ចេញពីរៀន ចាប់ម៉ោង៤រសៀល រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ។​ ផេក បាននិយាយដូច្នេះ៖ «ចិត្តស្រលាញ់ ចង់ឃើញព្រៃឈើនៅគង់វង្សដល់ជំនាន់ក្រោយ ព្រោះពេលចូលដល់ព្រៃឡង់មានអារម្មណ៍មួយថា[ខ្ញុំ]សប្បាយចិត្តមែនទែន ពេលឃើញព្រៃនៅ។ តែពេលទៅតាមទាន់គេគាប់[ឈើវិញ]មានអារម្មណ៍អត់ស្រួលក្នុងចិត្ត»។ 
 
បច្ចុប្បន្ន ទោះបី ផេក មមាញឹកនឹងការសិក្សានៅទីក្រុងក្តី ប៉ុន្តែរូបគេនៅតែឆ្លៀតចុះបេសកកម្មល្បាតព្រៃ​ជាមួយប្រជាសហគមន៍ជានិច្ច ក្នុងគោលដៅចូលរួមថែរក្សាធនធានព្រៃឈើសម្រាប់ជាប្រយោជន៍ដោយនិរន្តរ៍ភាពដល់សត្វព្រៃ ប្រជាសហគមន៍។ ព្រៃ​ឈើប្រមាណ៨០ភាគរយនៃព្រៃឈើសរុប​ក្នុងសហគមន៍​ក្បាល​ខ្លា​បាន​បំផ្លាញ។ ប៉ុន្តែក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​សហគមន៍​ត្រូវបាន​ថយ​ចុះ ព្រោះតែមាន​ការ​ចូល​រួម​ឥត​ឈប់​ឈរ​ពីក្រុមប្រជាពលរដ្ឋ​ដែល​​ព្រួយ​បារម្ភ​អំពី​ព្រៃឈើ និងចូលរួមយ៉ាងសកម្មក្នុងការការពារធម្មជាតិ។ នេះជាការកត់សម្គាល់របស់ ​​ហៀម ផេត។​
 
ស្រីណុច ក៏មានលក្ខណៈមិនខុសពីយុវជនទាំង២ខាងលើប៉ុន្មាន ផងដែរ។​ នាង បានយកឱកាសដែលទំនេរពីការសិក្សាទៅ ចូលរួមដើរល្បាតព្រៃជាមួយសហគមន៍ នៅខេត្តស្ទឹងត្រែង។ ដំណើរការចុះល្បាតព្រៃនាកន្លងមក  ជា ស្រីណុច ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​សត្វ​ក្តាន់​មួយ​ក្បាល​កាត់​ មុខ​ការិយាល័យ​មន្ទីរបរិស្ថានខេត្ត។ តែបុរសនោះត្រូវបានចាប់ខ្លួន ព្រោះតែក្រុមរបស់នាង និងអ្នកភូមិបានរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ។ នេះបទពិសោធន៍ល្អរបស់ស្រីណុច ដោយបានចូលរួមបង្កាប់ជនល្មើសដើម្បីសត្វព្រៃដទៃទៀតដែលមានកំពុងរស់នៅក្នុងព្រៃ។ នាងបាននិយាយដូច្នេះ៖​«​បើ​គ្មានក្រុម​យុវជន និង​សហគមន៍​ទេ គាត់​ [បុរសដឹកក្តាន់ ]​នោះ​នឹង​រត់បាត់ហើយ​»​។ 


កញ្ញា ជា ស្រីណុច 
 
ឆ្នាំ២០២១ ស្ត្រីរូបនេះ សម្រេចចូលប្រឡូកក្នុងកិច្ចការងារអភិរក្សព្រៃឡង់ តាមរយៈការដើរល្បាតព្រៃក្នុងមួយម្តងៗ គឺមានរយៈពេល៣ថ្ងៃ២យប់ ជាមួយនឹងការលាក់អត្តសញ្ញារបស់ខ្លួន។​ «យើង​ទៅ​រស់​នៅ​ក្នុង​សហគមន៍​ដើម្បី​សង្កេត​មើល​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់។ យើង​នៅក្នុងនាមជាក្មួយ​របស់អុំៗ[ប្រជាសហគមន៍] ដើម្បី​ការពារសុវត្ថិភាព»។ នេះ ជាការលើកឡើងរបស់ ស្រីណុច។​
 
ការចង់ឃើញព្រៃឡង់ដែលជាព្រៃដ៏ក្រាស់នៅកម្ពុជា ដោយផ្ទាល់ភ្នែក គឺជាកត្តាយ៉ាងចម្បង​ដែលជំរុញឱ្យស្រីណុចចូលរួមល្បាតព្រៃ ទាំងដឹងថា​សកម្មភាពនៃការងារទាំងនេះ គឺមានភាពលំបាក និងប្រឈមគ្រោះថ្នាក់​ ជាពិសេសសម្រាប់មនុស្សស្រី។ កាលពីឆ្នាំ២០១៧ ស្រីណុចបានឃើញវីដេអូមួយដែលផ្សព្វផ្សាយអំពីព្រៃឡង់ដែលមានដើមធំៗដ៏ស្កឹមស្កៃ។ តាំងពីពេលនោះមក នាងក៏ចិញ្ចឹមចិត្តចង់ចូលទៅក្នុងព្រៃឡង់ដោយផ្ទាល់ ដោយនាងស្វែងរកកម្មវិធីផ្សេងៗដែលអាចចូលទៅព្រៃឡង់បាន ប៉ុន្តែហាក់ដូចជាមិនប្រទះសោះ។  លុះដល់ឆ្នាំ២០២១ នាងក៏បានចូលរួមជាមួយនឹងបណ្ដាញយុវជនកម្ពុជាដែលហៅកាត់ថា CYN។ 
 
CYN មានកម្មវិធីមួយដែលឱ្យយុវជនកម្ពុជាអាចកសាងទំនាក់ទំនងជាមួយសហគមន៍ព្រៃឡង់ និងចុះល្បាតព្រៃដើម្បីស្វែងយល់ពីស្ថានភាពព្រៃឈើនៅកម្ពុជា។​ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានលើកឡើងថា CYN ផ្តល់ឱកាសឱ្យយុវជនចូលរួមល្បាតព្រៃតាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងយុវជនជាមួយសហគមន៍មូលដ្ឋាន ដែលធ្វើកិច្ចការអភិរក្ស និងការពារធនធានធម្មជាតិ ឬព្រៃឈើ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គីមហុង បាននិយាយដូច្នេះ៖​«CYN ពុំសូវមានសកម្មភាពល្បាតដោយផ្ទាល់ឡើយ។ តែនៅពេលណាដែលយើងរៀបចំសកម្មភាពទស្សកិច្ចសិក្សា ឬការបោះជំរុំ យើងតែផ្តល់ឱកាសដល់ក្រុមយុវជនដែលចូលរួមសកម្មភាពជាមួយយើងទាំងមកពីក្រុង ឬសហគមន៍ផ្សេងៗឱ្យមានឱកាសចូលល្បាតព្រៃពេញមួយថ្ងៃ ឬកន្លះថ្ងៃ ដើម្បីឱ្យពួកគេបានឃើញព្រៃឈើ ឬបទល្មើសព្រៃឈើដោយផ្ទាល់»។ លោក បានបញ្ជាក់បន្ថែមថា​ ពេលចុះល្បាតព្រៃ ក្រុមយុវជនអាចស្វែងយល់ពីព្រៃឈើ អាចឃើញដើមឈើធំៗដែលបានការពារដោយសហគមន៍ ទេសភាពព្រៃត្រូពិចបៃតងរបស់កម្ពុជា ហើយក៏អាចជួបបទល្មើសដោយផ្ទាល់ ផងដែរ។ ទន្ទឹមនឹងគ្នានេះ យុវជនក៏មានឱកាសបានជួបដោយផ្ទាល់នូវបទល្មើសនានា ដោយក្នុងនោះមាន៖ ការទន្ទ្រានដីយកជាកម្មសិទ្ធិដោយខុសច្បាប់, ការកាប់ ឬដឹកជញ្ជូនឈើ, ការដាក់អន្ទាក់សត្វ, ការបោះជំរុំដើម្បីកាប់ឈើឬទន្ទ្រានដី ព្រៃជាដើម។
 
បើតាមប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជារូបនេះ ការចូលរួមចំណែករបស់យុវជនខាងលើក្នុងការការពារព្រៃឈើ និងបរិស្ថាននេះ គឺជារឿងសំខាន់សម្រាប់ការពារធនធានធម្មជាតិកម្ពុជា ដោយសារតែពួកគេអាចយករឿងរ៉ាវទាំងនេះមកផ្សព្វផ្សាយដល់យុវជ និង​ប្រជាពលរដ្ឋផ្សេងទៀត ពីការចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ។ 
 
«តួនាទីយុវជនសំខាន់ណាស់ ពួកគេនឹងមិនចូលរួមកាប់បំផ្លាញ់ព្រៃឈើ ហើយពួកគេនឹងនាំអនុសាសន៍ដើម្បីតស៊ូមតិឱ្យមានភាពល្អប្រសើរសម្រាប់ការពង្រឹង ឬជំរុញអនុវត្តគោលនយោបាយការពារធនធានធម្មជាតិដោយស្ថាប័នពាក់ព័ន្ធកាន់តែប្រសើរនាពេលអនាគត»។ នេះជាការលើកឡើងរបស់លោក គីមហុង។​  ជាមួយគ្នា លោក គីម ហុង លើកទឹកចិត្តនិងចង់ឱ្យយុវជនចូលរួមកាន់តែច្រើនក្នុងការកិច្ចការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា​សម្រាប់មនុស្សជាតិគ្រប់ជំនាន់។ 
 
តាម​ការ​វាយ​តម្លៃ​ធនធាន​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២​០​១​៨​ ​ដែលជា​លទ្ធផល​ចុងក្រោយ​ ​ផ្ទៃដី​ព្រៃឈើ​កម្ពុជាមាន​ប្រមាណ​​៨​,​៥​លាន​ហិកតា​ ​ដែលស្មើនឹង​​៤​៦​,​៨​៦​ភាគរយ ​ធៀប​នឹង​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងបបរិស្ថាន៕ 
 
 

Tag:
 បរិស្ថាន
  ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com