ជាតិ
ព្រះបាទស្រីជេដ្ឋា ព្រះរាជាខ្មែរដែលបោះពុម្ព កាសស្លឹង
13, Jun 2022 , 8:59 am        
រូបភាព
ព្រះបាទស្រីជេដ្ឋាបានដណ្តើមយករាជសម្បតិ្ត និងបានឡើងសោយរាជ្យពីឆ្នាំ ១៥១២ រហូតដល់ឆ្នាំ១៥២៦។ ទ្រង់បានឱ្យប្រើលុយជា កាសមាស និងប្រាក់ ដោយមានរូបនាគជាសញ្ញាសម្គាល់ ហៅថា ស្លឹង។ ដូច្នេះ ព្រះបាទស្រីជេដ្ឋា គឺជាព្រះរាជាដំបូងដែលបានផ្តើមប្រើបុព្វសិទ្ធិ ក្នុងការបោះផ្សាយប្រាក់នៅកម្ពុជា។


 
រូបិយវត្ថុ គឺជាការកសាងគ្រឹះមួយនៃសិទ្ធិអំណាច និងអធិបតេយ្យភាព ដែលជាការផ្សំផ្គុំរដ្ឋជាមួយទឹកដី។ រូបិយវត្ថុ ដែលត្រូវបានព្រះបាទស្រីជេដ្ឋា ដាក់ឱ្យប្រើប្រាស់ដំបូងនៅកម្ពុជា គឺជាកាសស្លឹង ដែលមានរាងមូលស្តើង មានទម្ងន់ក្រោម ២ភាគ៣ នៃជី ដែលស្មើនឹង ២,៥ ក្រាម។ សៀវភៅ «រូបិយវត្ថុ និងអធិបតេយ្យភាព» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា នៅឆ្នាំ១៨៨០ លោក Moura ថា មួយស្លឹង ស្មើនឹង ២,៣៤ក្រាម ដោយ ១តម្លឹង មានទម្ងន់ ៣,៧៥ក្រាម ស្មើនឹង១០ជី។ ពោល គឺ ១តម្លឹង មាន១៦ស្លឹង។
 
កាសស្លឹង ត្រូវបានបោះពុម្ពដោយ ស្តេចកន (ព្រះបាទស្រីជេដ្ឋា) នៅដើមសតវត្សរ៍ទី១៦។ នៅក្នុងសម័យដ៏ចម្រូងចម្រាសនេះ អង្គរ គ្មានអំណាចអ្វីទៀតទេ។ ព្រះរាជាណាចក្របានបែកខ្ញែក មានភាគីជម្លោះ៣នាក់ឈ្លោះគ្នា និងបានរត់ទៅពឹងឱ្យសៀមជួយ។ ស្តេចកន បានកសាង ឬយ៉ាងហោច ក៏បានបង្កើតតឹកតាងនៃធម្មានុរូបភាពរបស់ខ្លួន ដោយបោះពុម្ពផ្សាយរូបិយវត្ថុ ដែលមានរូបនាគ ឬ រូបណាហ្គាដ៏ធំ។ ការធ្វើដូចនេះ ព្រះអង្គបានផ្តល់អត្តសញ្ញាណមួយសម្រាប់ទឹកដីដែលទ្រង់កាន់កាប់។ 
 
វិធី ដើម្បីបង្កើតអត្តសញ្ញាណមានច្រើនណាស់ នៅសម័យនោះ។ កាលគ្រានោះ គេត្រូវភ្ជាប់សាច់សាលោហិតជាមួយព្រះរាជាមុន ដើម្បីឱ្យមានធម្មានុរូបភាព ទោះបីជាត្រូវប្រើវិធីប្រហារជីវិតក៏ដោយ។ ការភ្ជាប់ទំនាក់ទំនងគ្នា ជាមួយប្រពន្ធ ប្អូនស្រី ឬកូនស្រីរបស់ស្តេចមុន គឺជាពិធីប្រសិទ្ធី និងការទទួលស្គាល់ខ្លួន ជាសែស្រឡាយស្តេច។ 
 
យើងអាចមើលពីស្លាកស្នាមមត្តេយ្យកា(សម្បត្តិ ឬកេរមរតកខាងមាតា) ដែលបានជ្រាបចូលក្នុងកិច្ចការសង្គមខ្មែរយូរមកហើយ។ រូបិយវត្ថុនាំមកនូវផ្លូវថ្មី។ វាជាអត្តសញ្ញាណរបស់ប្រជាជន ដែលព្រះរាជាបញ្ជា ព្រោះព្រះរាជាជាអ្នកកាន់អត្តសញ្ញាណនោះ។ 
 
ដូច្នេះ ដើម្បីរម្លឹកអនុស្សាវរីយ៍ ចំពោះការប្រើប្រាស់កាសបុរាណខ្មែរ ក្នុងរជ្ជកាលស្តេចកន ធនាគាជាតិនៃកម្ពុជា បានរចនារូបប្រាក់ស្លឹង ធ្វើពីមាស និងប្រាក់ ដែលមានរចនាឲ្យមានរូបនាគក្បាល៧ រំលេចអក្សរបុរាណថា ក្រុងកមពូជា ជាមួយនឹងពាក្យ មួយស្លឹង និងរូបកួរស្រូវ។
 
បើលោកអ្នកចង់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន(ស.ស.រ)៕

Tag:
 សារមន្ទីរ ស.ស.រ
  រូបិយវត្ថុ
  ព្រះបាទជ័យជេដ្ឋា
  ព្រះបាទស្រីជេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com