ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ មន្ត្រីមិនបានការ ធ្វើការងារតែ២ទេ គឺរាយការណ៍ទៅថ្នាក់លើ និងស្ដីបន្ទោសថ្នាក់ក្រោម
13, Jun 2022 , 11:31 am        
រូបភាព
«មន្ត្រីមិនបានការ ធ្វើការងារតែ២ទេ គឺរាយការណ៍ទៅថ្នាក់លើ និងស្ដីបន្ទោសថ្នាក់ក្រោម»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាលាភូមិន្ទរដ្ឋបាល និងការបើកវគ្គបណ្ដុះបណ្ដាលឆ្នាំសិក្សា២០២២ នាថ្ងៃទី១៣ មិថុនា។


ប្រមុខរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា រាល់ពេលដែលមានបញ្ហាណាមួយកើតឡើង តែងតែលេចចេញមុខមាត់មន្ត្រី២បែបមក។ នោះគឺមន្ត្រីល្អ និងមន្ត្រីមិនបានការ។ សម្ដេច ហ៊ុន សែន បានបន្ថែមថា មន្ត្រីល្អ ភាគច្រើនជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋតាមមូលដ្ឋាននៅនឹងកន្លែងជាមុនសិន ទើបរាយការណ៍មកថ្នាក់លើ សុំយោបល់ និងអន្តរាគមន៍។ ប៉ុន្តែសម្រាប់មន្ត្រីមិនបានការវិញ គឺចេះតែរាយការណ៍ទៅថ្នាក់លើឱ្យជួយដោះស្រាយបញ្ហា និងស្តីបន្ទោសថ្នាក់ក្រោមខ្លួនប៉ុណ្ណោះ។
 
នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖«ការងារដែលមន្ត្រីមិនបានការមានតែ២ទេ ហ្នឹងទេ ចំណាំមើលទៅ ទៅស្តីបន្ទោសឱ្យខាងក្រោម មួយទៀតរាយការណ៍ឱ្យខាងលើ»។

 
 
បើតាមសម្ដេច ហ៊ុន សែន មន្ត្រីទាំងអស់ត្រូវចេះបំពេញការងារ ក្នុងសភាពការណ៍ធម្មតា និងសភាពការណ៍ចល័ត។ សភាពការណ៍ធម្មតានេះ សម្ដេច ចង់សំដៅលើតម្រូវការប្រជាជនប្រចាំថ្ងៃ ដែលមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើផលប្រយោជន៍ដល់ពួកគេ។ ដោយឡែកសភាពការណ៍ចល័តវិញ សម្ដេច ទំនងចង់សំដៅលើស្ថានភាពប្រែប្រួលលើពិភពលោក ទាំងសេដ្ឋកិច្ច អាកាសធាតុ វិបត្តិនិងជម្លោះភូមិសាស្ត្រនយោបាយ ក៏ដូចជាជំងឺរាតត្បាតនានា ដូចជាជំងឺកូវីដ-១៩ ជាដើម ដែលមន្ត្រីទាំងអស់ត្រូវមានសមត្ថភាពចូលរួមដោះស្រាយបញ្ហាទាំងនេះ ជាមួយរដ្ឋាភិបាល៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com