ជាតិ
បោះឆ្នោត
បេក្ខជនបក្សភ្លើងទៀនម្នាក់ ត្រូវស្ថាប័នរៀបចំការបោះឆ្នោត ពិន័យ៥លានរៀល ក្រោមបទចោទ ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរបក្សដទៃ
13, Jun 2022 , 4:16 pm        
រូបភាព
បេក្ខជនពីគណបក្សភ្លើងទៀន ឈ្មោះ សុខ ស្រីនួន ឈរជាសមាជិកក្រុមប្រឹក្សាឃុំនៅឃុំព្រះធាតុ ខេត្តត្បូងឃ្មុំ។ រូបពីគណនីហ្វេសប៊ុកឈ្មោះ Bopha Meanrith
បេក្ខជនពីគណបក្សភ្លើងទៀន ឈ្មោះ សុខ ស្រីនួន ឈរជាសមាជិកក្រុមប្រឹក្សាឃុំនៅឃុំព្រះធាតុ ខេត្តត្បូងឃ្មុំ។ រូបពីគណនីហ្វេសប៊ុកឈ្មោះ Bopha Meanrith
ដោយ៖ វ៉ន ស៊ីចេន
 
បេក្ខជនជាស្រ្តីម្នាក់មកពីគណបក្សភ្លើងទៀន ឈ្មោះ សុខ ស្រីនួន ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ពិន័យឲ្យបង់ប្រាក់៥លានរៀល តាមបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា។ បេក្ខជនពីគណបក្សភ្លើងទៀនរូបនោះ មិនសុខចិត្ត ហើយបានប្តឹងជំទាស់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។


ក្រោយបើកសវនាការ គ.ជ.ប បានបដិសេធការសុំជំទាស់របស់ម្ចាស់បណ្តឹងឈ្មោះ សុខ ស្រីនួន តាមរយៈសេចក្តីសម្រេច ដែលចេញនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ ការបដិសេធរបស់គ.ជ.ប មានន័យថា បេក្ខជនជាស្រ្តីរបស់គណបក្សភ្លើងទៀនរូបនេះ នៅតែត្រូវបង់ប្រាក់៥លានរៀលដដែល។ គ.ជ.ប បញ្ជាក់ថា សេចក្តីសម្រេចរបស់ខ្លួន គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។ 
 
គ.ជ.ប ពិនិត្យឃើញថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ សម្រាលស្ថានទោសដល់ស្រ្តីឈ្មោះ សុខ ស្រីនួន អស់ត្រឹមការពិន័យប្រាក់៥លាននេះហើយ ដោយមិនអាចជួយសម្រាលឲ្យស្រាលជាងនេះទៀតឡើយ ដូច្នេះ ទើប គ.ជ.ប សម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំទុជាបានការ។ នេះជាប្រសាសន៍របស់លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ លោក ថ្លែងដូច្នេះថា៖«ថវិកានោះ ត្រូវបង់នៅ គ.ជ.ប ហើយគ.ជ.ប នឹងបញ្ចូលទៅក្នុងរតនាគារជាតិ។ តែមកដល់ពេលនេះ ខ្ញុំ មិនទាន់ដឹងថា គាត់ បានបង់ហើយ ឬនៅទេ»។ 
 
លោក លើកឡើងថា ក្នុងអំឡុងឃោសនារកសំឡេងឆ្នោត ស្រ្តីឈ្មោះ សុខ ស្រីនួន ប្រើពាក្យវាយប្រហារលើគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យតំណាងគណបក្សប្រជាជនកម្ពុជា ដាក់បណ្តឹងទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ។ បើអ្នកនាំពាក្យ គ.ជ.ប រូបនេះ តំណាងគណបក្សប្រជាជនកម្ពុជា យល់ថា ការវាយប្រហារពីសំណាក់ស្រ្តីឈ្មោះ សុខ ស្រីនួន ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ក៏ជាសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យ គ.ជ.ប ពុំបានចាំឡើយ ចំពោះពាក្យពេចន៍របស់នាង ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា។  
 
លោក ហង្ស ពុទ្ធា បន្តថា តំណាងគណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យស្រ្តីឈ្មោះ សុខ ស្រីនួន សុំទោសជាសាធារណៈ តែនាង ពុំព្រម។ លោក បន្ថែមថា បន្ទាប់មក នាង ក៏យល់ព្រមសុំទោស តែយឺតពេលទៅហើយ ពោលគឺ នាងសុំទោស នៅក្រោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ និងគ.ជ.ប សម្រេចពិន័យនាងទៅហើយ។  
 
សារព័ត៌មានថ្មីៗ ព្យាយាមទាក់ទងទៅសួរស្រ្តីជាបេក្ខជនរបស់គណបក្សភ្លើងទៀនរូបនោះដែរ តែប្រព័ន្ធរបស់នាង មិនអាចហៅចូល។ នាង បានសរសេរលើគណនីហ្វេសប៊ុកឈ្មោះ Bopha Meanrith ថា នាងបានជាប់ឆ្នោតជាសមាជិកក្រុមកប្រឹក្សាឃុំនៅឃុំព្រះធាតុហើយ តែមិនមែនជាប់ជាឃុំនោះទេ។ 
Embed
 


ករណីដែលស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ពិន័យឲ្យបង់ប្រាក់នេះ ធ្លាប់កើតមានលើបេក្ខជនមកពីគណបក្សភ្លើងទៀនរួចមកហើយ។ លោក គង់ រ៉ៃយ៉ា បេក្ខជនរបស់គណបក្សភ្លើងទៀន ដែលឈរជាមេឃុំនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយសារលោក ចែកប្រាក់ទៅឲ្យបេក្ខជនមកពីគណបក្សភ្លើងទៀនដូចគ្នា ក្នុងអំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ ឃុំទាំង១១ ក្នុងស្រុកកងមាស ទទូលបានប្រាក់៥លានរៀលក្នុង១ឃុំៗ ពីលោក គង់ រ៉ៃយ៉ា។ 
 
គណៈកម្មការរៀបចំការបោះឆ្នោយខេត្តកំពង់ចាម បានពិន័យឲ្យលោក គង់ រ៉ៃយ៉ា បង់ប្រាក់៥លានរៀល ហើយលោក បានប្តឹងជំទាស់ទៅគ.ជ.ប។ ខុសពីស្រ្តីឈ្មោះ សុខ ស្រីនួន លោក គង់ រ៉ៃយ៉ា បានឈ្នះក្តីនៅ គ.ជ.ប ដោយគ.ជ.ប សម្រេចមិនឲ្យលោក បង់ពិន័យ៥លានរៀល តាមការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមឡើយ៕ 
 
 

Tag:
 បោះឆ្នោត
  ពិន័យបេក្ខជនបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com