ជាតិ
ពីនេះ ពីនោះ
តើលោកអ្នកដឹងទេថា នៅក្នុងទន្លេមេគង្គកម្ពុជាមានត្រីបបែលយក្សរស់នៅ?
13, Jun 2022 , 10:59 pm        
រូបភាព
ត្រីបបែលយក្សទម្ងន់ ១៤១គីឡូក្រាម ដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយប្រជានេសាទ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ។
ត្រីបបែលយក្សទម្ងន់ ១៤១គីឡូក្រាម ដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយប្រជានេសាទ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ។
ដោយ៖ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

បបែល គឺជាប្រភេទត្រី ដែលមានរស់នៅទាំងក្នុងទឹកប្រៃ (ទឹកសមុទ្រ) ផង និងទឹកសាប (ទឹកទន្លេ) ផងដែរ។ ប្រជាជនកម្ពុជា ​ស្គាល់ត្រីបបែលរស់នៅក្នុងទឹកប្រៃ ច្រើនជាងរស់នៅក្នុងទឹកសាប។ ថ្មីៗនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយប្រជានេសាទនៅក្នុងខេត្តស្ទឹងត្រែង បានលែងត្រីបបែលយក្សចំនួនពីក្បាល ទម្ងន់ ១៨០គីឡូក្រាមមួយក្បាល និងទម្ងន់ ១៤១គីឡូក្រាមមួយក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិ​ក្នុងទន្លេមេគង្គ​វិញ។


យោងតាមសៀវភៅ៖ ​«មគ្គុទ្ទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា» បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា​​ មានត្រីបបែលទឹកសាប​បីប្រភេទ ​ដែលស្ថិតនៅក្នុងលំដាប់ ORDER: MYLIOBATIFORMES​ និងអម្បូរ FAMILY: DASYATIDAE​ មានដូចជា៖ ត្រីបបែលកន្ទុយខ្លី Previtrygon walga ត្រីបបែលភ្លើង Hemitrygon laosensis និងត្រីបបែលយក្ស Urogymnus polylepis កំពុងរស់នៅ។
 
ត្រីបបែលកន្ទុយខ្លី៖ Previtrygon walga ត្រូវបានគេរកឃើញម្ដងម្កាល មានរស់នៅតំបន់ទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) នៃតំបន់ជួរភ្នំក្រវាញ។ ត្រីបបែលប្រភេទនេះ មានប្រវែងទទឹងដងខ្លួនទូទៅ តូចជាង ៣០ ស.ម មានច្រមុះលយស្រួចទៅមុខ និងមានកន្ទុយខ្លី។
 


ត្រីបបែលភ្លើង៖ Hemitrygon laosensis គឺជាប្រភេទត្រីបបែល ដែលត្រូវបានគេរកឃើញ​មានរស់នៅតំបន់ខ្សែទឹកខាងលើ នៃទន្លេមេគង្គ ក្នុង​ប្រទេសកម្ពុជា។ គេអាចកត់សម្គាល់ត្រីបបែលប្រភេទនេះបាន​ ដោយសារវាមានសម្បុរក្រហម ​ជាយខាងមុខព្រុយទ្រូងត្រង់ មិនមានច្រមុះលយចេញឡើយ ហើយ​មានប្រវែងទទឹងដងខ្លួនទូទៅ តូចជាង ៥០ ស.ម។
 

ត្រីបបែលយក្ស៖ Urogymnus polylepis គឺជាត្រីបបែលដែលមានទំហំទទឹងដងខ្លួនធំ រហូតដល់ ២.៥ ម៉ែត្រ ឬលើសពីនេះ​ និងទម្ងន់អាចដល់ ៦០០គីឡូក្រាម។ ជាញឹកញាប់ វាត្រូវបានគេរកឃើញមានរស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ គេអាច​កត់សម្គាល់ត្រីបបែលយក្សនេះ តាមរយៈ​កន្ទុយវែងរបស់វាវែងជាងបណ្តោយដងខ្លួន ដោយភ្ជាប់ជាមួយនឹងក្រើស រាងដូចម្ជុល ដែលមានពិសខ្លាំង អាច​​បង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វផ្សេងៗ បាន។ ជាយផ្នែកពោះរបស់វាមានសម្បុរខ្មៅ និងច្រមុះលយចេញទៅមុខបន្តិច។
 


ពាក់ព័ន្ធនឹងត្រីបបែលយក្សនេះ នៅក្នុងទសវត្សរ៍ទី ៧០, ៨០ ខណៈពេលដែលវាមានរស់នៅច្រើនក្នុងទន្លេមេគង្គ ​ អ្នកស្រុកបានតំណាលតៗគ្នា អំពីត្រីបបែលយក្ស​សម្លាប់ក្របី ដែលហែលឬដើរឆ្លងទន្លេ​។ ធម្មតា ត្រីបបែលយក្ស តែងសម្ងំនៅនឹងខ្សាច់បាតទន្លេដើម្បីចាំចាប់ចំណី។​ ក្នុងរដូវទឹកសម្រក នៅតាមកោះ ឬតាមកាំងនានា ក្នុងទន្លេមេគង្គ ​សម្បូរទៅដោយស្មៅខៀវខ្ចី ដែលជាឱកាសល្អសម្រាប់អ្នកស្រុកដឹកក្របីរបស់គាត់ ឆ្លងកាត់ទន្លេ ទៅស៊ីស្មៅនៅទីនោះ។ ចៃដន្យ ក្នុងពេលឆ្លងកាត់ទន្លេ ក្របីបានដើរជាន់ត្រីបបែលយក្ស ដែលកំពុងក្រាបសម្ងំនៅនឹងខ្សាច់បាតទន្លេ វាក៏ស្ទុះឡើងចាក់ក្របីនឹងក្រើស ​ដែលនៅជាប់នឹងគល់កន្ទុយរបស់វា។ ពេលត្រូវពិសបបែលយក្សហើយ ក្របីមិនអាចកំរើកខ្លួនរួចឡើយ។ ខណៈនោះ ត្រីបបែលយក្ស ក៏ហែលមកគ្របពីលើ សង្កត់ក្របីចុះទៅក្នុងទឹករហូតដាច់ខ្យល់ស្លាប់។ 
 
នៅក្នុងតំបន់នេះ  អ្នកស្រុកតែងតំណាល​តៗ គ្នា អំពីវិធីសង្គ្រោះជីវិតពីត្រីបបែលយក្ស ក្នុងករណីបានជួបវា​ ដោយរាល់ពេលចុះទឹកទន្លេមេគង្គ ត្រូវតែដាក់កូនកាំបិតជាប់ខ្លួនជានិច្ច​ ប​ង្កាក្រែងត្រី​បបែលយក្សមកគ្របពីលើ ដោយប្រើកូនកាំបិតនោះចាក់វាពីក្រោមពោះបបែលយក្ស នោះទើបរួចជីវិតបាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com