កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីឡើងទៅWorld Cup ៥លើកជាប់គ្នា ក្រោយបំបាក់ប៉េរូដោយបាល់កាត់សេចក្តី១១ម៉ែត្រ
14, Jun 2022 , 11:09 am        
រូបភាព
អូស្តា្រលី ឈ្នះកៅអីទៅកាន់ World Cup 2022 នៅប្រទេសកាតា​ ថ្ងៃទី១៤ ខែមិថុនា ក្រោយបំបាក់ក្រុមប៉េរូមកទៅទ្វីបអាម៉េរិកខាងត្បូងដោយបាល់កាត់សេចក្តី១១ម៉ែត្រក្នុងលទ្ធផល៥-៤ នាជំនួបជម្រុះអន្តរទ្វីប។ នេះជាលើកទី៥ ជាប់គ្នាដែលអូស្ត្រាលីឡើងទៅជុំចុងក្រោយ World Cup ចាប់តាំងឆ្នាំ២០០៦។


មុនឈានដល់ការស៊ុតបាល់កាត់សេចក្តីរវាងក្រុមទាំងពីរ គ្រូបង្វឹកអូស្ត្រាលីលោក Graham Arnold សម្រេចចិត្តប្តូរអ្នកចាំទី Andrew Redmayne ជំនួសអ្នកចាំទី Mattew Ryan ហើយរូបគេក៏បានជួយសង្រ្គោះបាល់មួយគ្រាប់ចុងក្រោយជួយអូស្ត្រាលីឈ្នះលើបេរ៉ូ លទ្ធផល ៥-៤។
 
មុនពេលឡើងមកជួបប៉េរូ អូស្ត្រាលីបានយកឈ្នះលើក្រុមអេមីរ៉ាត់អារ៉ាប់រួមដោយលទ្ធផល ២-១ ហើយដណ្តើមបានកន្លះកៅអីទ្វីបអាស៊ីកាលពីថ្ងៃទី៧ ខែមិថុនា។
 
នេះជាលើកទី៦ ដែលអូស្ត្រាលីបានឡើងទៅជុំផ្តាច់ព្រ័ត្រ World Cup ចាប់តាំងឆ្នាំ ១៩៧៤ មក។ ឈានចូល World Cup លើកទីពីរក្នុងឆ្នាំ ២០០៦ អូស្ត្រាលីបានបន្តឈ្នះកៅអី World Cup ក្នុងឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង, ២០១៤ នៅប្រទេសប្រេស៊ីល, ២០១៨ ប្រទេសរុស្ស៊ី និង ២០២២ នេះ នៅប្រទេសកាតា។
 
អូស្ត្រាលីក្លាយជាក្រុមទី៣១ ដែលទទួលបានកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតាក្នុងឆ្នាំ ២០២២នេះ។ អូស្ត្រាលីនឹងត្រូវស្ថិតក្នុងពូល ​​​​D ជាមួយក្រុមការពារតំណែងជើងឯក បារាំង, ដាណឺម៉ាក, និងទុយនីស៊ី ក្នុងព្រឹត្តិការណ៍ដែលប្រកួតចាប់ពីថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២។
 
ការប្រកួតដណ្តើមកៅអី World Cup មួយគូទៀតរវាង កូស្តារីកា ទល់ នូវែលសេឡង់ នាជំនួប Play-off អន្តរទ្វីប ធ្វើឡើងនាថ្ងៃទី១៤ ឈានចូលទី១៥ ខែមិថុនា វេលាម៉ោង ១ យប់ (ម៉ោងនៅកម្ពុជា)។ ជំនួបក្រុមទាំងពីរក៏ធ្វើឡើងនៅកីឡដ្ឋាន Ahmad bin Ali ដូចការប្រកួតរបស់អូស្ត្រាលីនិងប៉េរូអ៊ីចឹងដែរ៕
 

Tag:
 Australia
  World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com