ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប នឹងមិនបន្ធូរដៃឲ្យអ្នកណាដែលនិយាយខុសការពិតពីការបោះឆ្នោតឡើយ
14, Jun 2022 , 1:49 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន និងលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប (រូបពីទំព័រហ្វេសប៊ុករបស់គ.ជ.ប)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន និងលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប (រូបពីទំព័រហ្វេសប៊ុករបស់គ.ជ.ប)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអាចធ្វើមិនដឹងមិនឮតទៅទៀតឡើយ ចំពោះអ្នក ដែលចោទប្រកាន់ខុសការពិត អំពីដំណើរការរៀបចំការបោះឆ្នោត។ គ.ជ.ប បានយកយន្តការច្បាប់ មកដាក់ពីមុខ ដើម្បីទប់ស្កាត់កុំឲ្យអ្នកទាំងនោះ បន្តទិតៀនខុសការពិតអំពីដំណើរការរៀបចំការបោះឆ្នោត។



តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលចេញកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ព្រមានទុកជាមុនយ៉ាងដូច្នេះថា៖«ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន, គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ចំពោះការចោទប្រកាន់ទាំងឡាយណា ដែលផ្ទុយពីការពិត»។

ការព្រមានរបស់គ.ជ.ប ក្នុងការប្រើប្រាស់វិធានការច្បាប់នេះ គឺជាការឆ្លើយតបនឹងការធ្វើអត្ថាធិប្បាយរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គឺក្រោយ២ថ្ងៃនៃការបោះឆ្នោត។ ក្នុងកិច្ចសន្ទនាជាមួយ ឌឹ ខេមបូឌា ដេលី លោក បានរៀបរាប់ពីភាពមិនប្រក្រតីជាច្រើន ដែលកើតឡើងក្នុងថ្ងៃបោះឆ្នោត ហើយថែមទាំងរំលេចពីចំណុចអវិជ្ជមានរបស់គ.ជ.ប ផងដែរ។

លោក សុន ឆ័យ ថ្លែងថា ចាប់តាំងការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣មក កម្ពុជា មិនដែលមានថ្នាក់ដឹកនាំ គ.ជ.ប ដែលមកគណបក្សកាន់អំណាចតែមួយដូចសព្វថ្ងៃឡើយ។ លោក បរិយាយថា នៅថ្ងៃបោះឆ្នោត អាជ្ញាធរ បានប្រើអំណាចបំភិតបំភ័យប្រជាពលរដ្ឋជាអ្នកបោះឆ្នោត។ លោក ចាត់ទុកការបោះឆ្នោតនេះ ថាមិនមានលក្ខណៈប្រជាធិបតេយ្យ មិនសេរី មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងដូច្នេះថា៖«ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ វាអាក្រក់ជាងពេលណាទាំងអស់»។

ក្នុងសេចក្តីថ្លែងការណ៍ គ.ជ.ប បានចាត់ទុកការបរិយាយទាំងអប្បាលម៉ានរបស់លោក សុន ឆ័យ ថា មិនអាចទទួលយកបាន ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ គ.ជ.ប ថែមទាំងចាត់ទុកសម្តីរបស់លោក ថាធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ព្រមទាំងធ្វើឲ្យមានការភាន់ច្រលំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត។

សូមរម្លឹកថា លទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គណបក្សភ្លើងទៀន ទទួលបានអាសនៈជាង២ពាន់ ឯគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈជាង៩,៣ពាន់។ អាសនៈឃុំ-សង្កាត់ទាំងអស់សម្រាប់អាណត្តិទី៥នេះ មានជាង១,១ម៉ឺន៕

Tag:
 គណបក្សភ្លើងទៀន
  សុន ឆ័យ
  គជប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com