ជាតិ
សង្គមជាតិ
ក្នុងខែឧសភា សម្តេច ស ខេង បានដោះស្រាយបញ្ហាពលរដ្ឋ៨ករណី ដែលសុំអន្តរាគមន៍តាមហ្វេសប៊ុក
14, Jun 2022 , 7:59 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង
ដោយ៖ វ៉ន ស៊ីចេន
 
 
ភ្នំពេញ៖ នៅខែឧសភា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដោះស្រាយសំណើរ និងបញ្ហានានា ដល់ប្រជាពលរដ្ឋដែលស្នើសុំលើទំព័រហ្វេសប៊ុករបស់សម្ដេច ៨ ករណី និងកំពុងពិនិត្យ១៣២ករណីទៀត។ នេះបើតាមការចេញផ្សាយទំព័រហ្វេសប៊ុក សម្តេច ស ខេង។

 
មតិយោបល់ សំណូមពរ​ និងបញ្ហានានា ដែលប្រជាពលរដ្ឋបានស្នើទៅសម្ដេច ស ខេង សុំជួយអន្តរាគមន៍ និងដោះស្រាយនោះ មានចំនួន៣២ ករណី នៅក្នុងខែឧសភា ។ 
ក្នុងនោះក្រុមការងារសម្ដេច ស ខេង បានជួយដោះស្រាយ៨ករណី។ ដោយឡែកក្រុមការងារសម្ដេច ស ខេង ក៏កំពុងត្រួតពិនិត្យ និងដោះស្រាយបញ្ហាពលរដ្ឋនៅសល់សេសសរុប១៣២ករណីទៀត។
 
ជុំវិញបញ្ហានេះ សម្ដេច ស ខេង បានស្នើដល់មន្រី្តពាក់ព័ន្ធយ៉ាងដូច្នេះ៖​ «ខ្ញុំសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយការដោះស្រាយទាំងអស់នោះត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដនៃបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលនោះទេ»។ 
 
ជាមួយគ្នានេះ រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឲ្យពលរដ្ឋដែលជួយប្រទះបញ្ហានោះ ដាក់សំណូមពរមកសម្ដេច តាមហ្វេសប៊ុកបែបនេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ក្រៅប្រព័ន្ធតុលាការ។ បើតាមសម្ដេច ស ខេង ការធ្វើបែបនេះ គឺជាផ្នែកមួយជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។
 
ដោយឡែក គណនីដែលនៅសល់ក្នុងឆ្នាំ២០២១ ក្រុមការងារសម្ដេច នឹងដោះស្រាយបន្តទៀត ហើយក៏ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋផងដែរ។ សំណុំរឿងក្នុងឆ្នាំ២០២១ មានមិនទាន់បានពិនិត្យ៦៥០គណនី, កំពុងពិនិត្យដោះស្រាយមាន៥២២គណនី និងបានដោះស្រាយរួម១២៨គណនី។ នេះបើតាមរបាយការណ៍ក្រុមការងារសម្ដេច ស ខេង ៕ 
 
 

Tag:
 សម្ដេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com