កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag ដឹកនាំបិសាចក្រហមប្រកួតដំបូងទល់នឹង Rayo Vallecano
15, Jun 2022 , 8:29 am        
រូបភាព
លោក ​Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហម Manchester United នឹងដឹកនាំការប្រកួតក្នុងទឹកដីកីឡដ្ឋាន Old Trafford លើកដំបូងទល់ក្រុម Rayo Vallecano របស់អេស្ប៉ាញនាចុងខែកក្កដា។ Manchester United ប្រកាសបែបនេះថ្ងៃទី១៣ ខែមិថុនា។


ការប្រកួតរបស់លោក Ten Hag នៅកីឡដ្ឋាន Old Trafford នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ដែលជាការប្រកួតមិត្តភាពត្រៀមមុនការបើករដូវកាលថ្មីរបស់ Premier League។ លីគកំពូលអង់គ្លេសចាប់ផ្តើមរដូវកាលថ្មីនៅថ្ងៃទី៦ ខែសីហា។
 
បិសាចក្រហមដែលដឹកនាំដោយលោក Ten Hag នៅខែកក្កដាខាងមុខ ក៏ត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីប្រកួតជំនួបមិត្តភាពទល់ក្រុម Liverpool មុនពេលធ្វើដំណើរទៅអូស្ត្រាលីជួបក្រុម Melbourne Victory, Crystal Palace និង Aston Villa។ 
 
មុនការប្រកួតទល់ក្រុម Rayo Vallecano Man United ក៏ត្រូវជួបក្រុមខ្លាំងរបស់អេស្ប៉ាញ Atletico Madrid ដែរ។
 
«ការត្រៀមខ្លួនមុនបើករដូវកាលនេះគឺជារឿងមួយដ៏ល្អ ហើយការប្រកួតចុងក្រោយក៏ជាឱកាស​សម្រាប់សមាជិកក្នុងក្រុមដែលមិនបានធ្វើដំណើរទៅប្រកួតជាមួយយើង។ ការប្រកួតនោះនឹងជាការប្រកួតរបស់អ្នកចាត់ការលើកដំបូងនៅទឹកដី Old Trafford ហើយយើងពិតជាសង្ឃឹមថាអ្នកគាំទ្រនឹងចូលរួមស្វាគមន៍យ៉ាងកក់ក្តៅបំផុត។»។ ប្រធានផ្នែកកីឡារបស់ Man United លោក John Murtough បាននិយាយក្នុងការប្រកាសរបស់ក្លិបនៅថ្ងៃទិ១៣ ខែមិថុនា។
 
លោក Ten Hag បានចូលមកកាន់កាប់តួនាទីក្លិប Man United ជំនួសលោក Ralf Rangnick កាលពីដើមខែមិថុនា ក្រោយក្រុមបានបញ្ចប់រដូវកាលរបស់ខ្លួននៅ ​​​​Premier League ត្រឹមចំណាត់ថ្នាក់លេខ៦។ រដូវកាលក្រោយ Manchester United មិនមានឈ្មោះប្រកួតក្នុងពានរង្វាន់ UEFA Champions League ឡើយ ដោយបានត្រឹមប្រកួតក្នុងពានរង្វាន់ ​​Europa League តែប៉ុណ្ណោះ៕
 
 

Tag:
 Erik ten Hag
  Rayo Vallecano
© រក្សាសិទ្ធិដោយ thmeythmey.com