ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ ទៅអូស្រ្តាលី មុនបក្សប្រជាជនប្តឹង
15, Jun 2022 , 11:02 am        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចាកចេញពីកម្ពុជា ទៅកាន់អូស្រ្តាលី តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ពោលគឺ តាំងពីមុនគណបក្សប្រជាជនកម្ពុជា ដាក់បណ្តឹងប្តឹងលោកទៅទៀត។ នេះបើតាមព័ត៌មានពីលោក ថាច់ សេដ្ឋា ជាអ្នកនាំពាក្យ និងជាអនុប្រធានគណបក្សភ្លើងទៀតម្នាក់ដែរ។



លោក ថាច់ សេដ្ឋា ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖«[លោក សុន ឆ័យ] គាត់ ពិសាបាយជាមួយខ្ញុំ នៅពេលថ្ងៃត្រង់ កាលពីថ្ងៃទី១១ហ្នឹង ហើយប្រហែលម៉ោង២ គាត់ ក៏ចេញទៅមុនខ្ញុំ គាត់ ប្រាប់ថា គាត់ ឡើងយន្តហោះទៅអូស្រ្តាលី»។ 
 
លោក បន្តថា លោក សុន ឆ័យ ទៅអូស្រ្តាលីជាលក្ខណៈគ្រួសារផ្ទាល់ខ្លួន។ លោក បន្ថែមថា លោក សុន ឆ័យ មានសញ្ជាតិអូស្រ្តាលី និងមានផ្ទះនៅអូស្រ្តាលី។ លោក ពុំដឹងថា​ លោក សុន ឆ័យ នឹងវិលមកកម្ពុជាវិញនៅថ្ងៃណាឡើយ។ តែលោក សុន ឆ័យ ប្រាប់លោកថា ទៅអូស្រ្តាលីមួយរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះ លោក សន្និដ្ឋានថា លោក សុន ឆ័យ ប្រហែលជាមកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។ 
 
កាលពីថ្ងៃទី១៣ ខែមិថុនា គណបក្សកាន់អំណាច បានធ្វើបណ្តឹងទៅកាន់តុលាការភ្នំពេញ ដើម្បីសុំទាមទារប្រាក់សងជំងឺចិត្តជិត១លានដុល្លារពីលោក សុន ឆ័យ ដោយសារការធ្វើអត្ថាធិប្បាយរបស់លោកជាមួយសារព័ត៌មាន ឌឹ ខេបូឌា ដេលី កាលពីថ្ងៃទី៧ ខែមិថុនា អំពីចំណុចអវិជ្ជមាននៃដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។

លោក គី តិច ជាមេធាវីរបស់គណបក្សប្រជាជនកម្ពុជា បានស្រង់សម្តី៣ចំណុចរបស់លោក មកធ្វើជាអង្គហេតុ ក្នុងការប្តឹងលោក សុន ឆ័យ គឺ៖
 
ទី១៖«[ការបោះឆ្នោត] លើកនេះ គ្រប់គ្រងដោយគណបក្ស១ទាំងស្រុង ពីលើដល់ក្រោម។ គេ ចង់ធ្វើអ្វីក៏បានដែរ»។ ទី២៖«លទ្ធផលហ្នឹង មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋទេ។ វា មានការបំភ័យ វា មានការទិញ វា មានការលួច បានវាសល់ប៉ុណ្ណឹង»។ ទី៣៖«យើង មិនចង់ប្រៀបធៀបថា ចោរលួចគោទេ។ ចោរលួចគោ វា លួចគោ៣ហើយ យើង ម៉េចក៏មិនឲ្យលួចទាំង៥ទៅ?
នេះជាឆន្ទៈប្រជាពលរដ្ឋ ឆន្ទៈមួយចំនួន ត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួន ដែលយើងការពារបាន យើងយកឆន្ទៈហ្នឹងមក ហ្នឹងជារបស់យើង យើង តស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿងធម្មតា វា មិនដែលអ្នកណាទៅឲ្យគេប្រមូលយកទាំងអស់នោះទេ»។
 
លោក គី តិច សរសេរក្នុងបណ្តឹងដូច្នេះថា៖«ការលើកឡើងរបស់លោក សុន ឆ័យ គឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត»៕ 
 
 
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com