កីឡាអន្តរជាតិ
អន្តរជាតិ
Bordeaux ត្រូវទម្លាក់ទៅលីគទី៣ ដោយសារជាប់បំណុលជាង៤០លានដុល្លារ
15, Jun 2022 , 2:38 pm        
រូបភាព
ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់បារាំង (LFP) នៅថ្ងៃទី១៤ ខែមិថុនា បានសម្រេចកាត់ក្រុម Girondins de Bordeaux ទៅក្របខណ្ឌលំដាប់ទី៣ (Championnat de France National) ដោយសារក្លិបជួបបញ្ហាហិរញ្ញវត្ថុ។ ម្ចាស់ក្លិប Bordeaux លោក Gerard Lopez នឹងប្តឹងចំពោះការសម្រេចរបស់ LFP។


Bordeaux ម្ចាស់ជើងឯកលីគកំពូលបារាំង ៦ សម័យកាល បានធ្លាក់ទៅលីគទីពីរ (Ligue 2) ក្រោយបញ្ចប់នៅបាតតារាង Ligue 1 រដូវកាលមុន។ ដោយសារក្លិបជាប់បំណុល ៤១,៦៦ លានដុល្លារ ទើបតម្រូវឱ្យ Bordeaux ត្រូវកាត់ទៅលេងលីគទី៣នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត RMC Sport ។
 
អ្នកឃ្លាំមើលហិរញ្ញវត្ថុរបស់លីគបាល់ទាត់បារាំង DNCG មើលឃើញថា Bordeaux មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវិត្ថុក្នុងការដោះស្រាយបំណុលរបស់របស់ពួកគេបានទេ នៅរដូវកាលថ្មីខាងមុខ។ ដោយសារមូលហេតុនេះ DNCG និង LFP សម្រេចគ្នាកាត់ Bordeaux ទៅលីគទី៣តែម្តង។
 
ក្លិប Bordeaux ដែលគ្រប់គ្រងដោយអ្នកជំនួញ Gerard Lopez ចាប់តាំងពីឆ្នាំមុន នឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ DNCG និង LFP។
 
ក្នុងសេចក្តីប្រកាសមួយរបស់ក្លិប Bordeaux សរសេរថា៖ «Girondins de Bordeaux នឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ DNCG ដែលទម្លាក់ពួកគេទៅ Championnat de France National»។
 
Bordeaux បន្ថែមថា ក្លិបនៅតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការបង្ហាញពីគម្រោងហិរញ្ញវត្ថុដ៏រឹងមាំនៅក្របខណ្ឌ Ligue 2 របស់បារាំងសម្រាប់ដូវកាល ២០២២-២៣៕
 

Tag:
 Bordeaux
  DNCG
  LFP
© រក្សាសិទ្ធិដោយ thmeythmey.com