ជាតិ
សេដ្ឋកិច្ច
អភិបាលរងកោះកុង ទទូចឱ្យឈ្មួញជួយទិញទុរេន ដែលប្រឈមគ្មានទីផ្សារ
16, Jun 2022 , 8:59 am        
រូបភាព
( រូបពី ចម្ការទុរេន ទួលគគីរ កោះកុង)
( រូបពី ចម្ការទុរេន ទួលគគីរ កោះកុង)
ភ្នំពេញ៖ ទិន្នផលទុរេនខេត្តកោះកុង ឆ្នាំនេះ បានកើនឡើងគួរឱ្យកក់សម្គាល់ ដែលនាំឱ្យទុរេន រាប់រយតោនប្រឈមគ្មានទីផ្សារ។ កសិករមួយចំនួន បានត្អូញត្អែរពីតម្លៃទុរេនបោះដុំ សល់ត្រឹម ១២ ០០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន មានតម្លៃចន្លោះ ១៨០០០ ទៅជាង ២ ០០០០រៀល។ ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវឱ្យឈ្មួញជួយទិញទុរេន ដើម្បីជួយដោះស្រាយបញ្ហាកសិករក្នុងគ្រាលំបាកនេះ។

 
ថ្មីៗនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបើកកិច្ចប្រជុំជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ មន្ទីរពាណិជ្ជកម្ម និងតំណាងកសិករ ដើម្បីពិភាក្សារកទីផ្សារជូនកសិករ លើកសិផលសំខាន់ៗមួយចំនួន។ ជាពិសេស ទុរេន មង្ឃុត និងសាវម៉ៅ ដែលឈានដល់រដូវប្រមូលផល តែកំពុងខ្វះទីផ្សារលក់ចេញ។   
 
លោក សុខ សុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ផលទុរេនកោះកុងឆ្នាំនេះ កើនឡើងលើសពីការរំពឹងទុក ដែលធ្វើឱ្យចាល់ទីផ្សារ។ មួយវិញទៀត ភ្លៀងធ្លាក់ច្រើននាប៉ុន្មានខែនេះ បានធ្វើឱ្យប៉ះពាល់ដល់ការដើរកម្សាន្តរបស់ភ្លៀវទេសតាមចម្ការទុរេន ហើយឈ្មួញដែលធ្លាប់បញ្ជាទិញតាមបណ្ដាខេត្ត និងភ្នំពេញ ក៏ពុំសូវសម្បូរដូចមុនដែរ។ 
 
លោក បញ្ជាក់ថា បច្ចុប្បន្ន ខេត្តកោះកុង នៅសល់ទុរេន រាប់រយតោន ដែលពុំទាន់រកទីផ្សារលក់ចេញបាន ហើយមិនដល់មួយខែទៀតទេ ផ្លែទុរេន នឹងត្រូវទុំទាំងអស់។
 
លោក សុខ សុទ្ធី បន្ថែមថា៖« ឆ្នាំកន្លងទៅពុំសូវមានបញ្ហារឿងទីផ្សារនោះទេ។ ចូលដល់ឆ្នាំនេះ មានទុរេនដែលទើបដាំ ហើយប្រមូលផលព្រមគ្នា អ៊ីចឹង ធ្វើឱ្យធ្លាក់តម្លៃ។ ខែហ្នឹងភ្លៀងខ្លាំងទៀត ធ្វើឱ្យភ្លៀងទេសចរ និងឈ្មួញអត់សូវមានដែរ។ ឥឡូវ ចម្ការធំៗខ្លះសល់រហូតដល់ ៦០តោន ឯណោះ ដែលអត់មានទីផ្សារ»។ 
 
ដើម្បីដោះស្រាយបញ្ហារបស់កសិករ មន្ទីរកសិកម្ម បានជួយរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីឱ្យកសិករលក់ទុរេនចេញបានខ្លះ។ ជាមួយគ្នានេះ នៅឆ្នាំបន្ទាប់ លោក ស្នើឱ្យកសិករ ចងក្រងជាបណ្ដុំសហគមន៍ ដើម្បីងាយស្រួលគ្រប់គ្រងទីផ្សារ ជាពិសេសធ្វើយ៉ាងណាឱ្យទុរេន មានទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ ក្រៅពីទុរេន ក៏មានដំណាំសក្ដានុពលមួយចំនួនទៀតដែរដូចជា មង្ឃុត សាវម៉ៅ ដែលកំពុងគ្មានទីផ្សារ និងលក់បានតម្លៃថោកផងដែរ។ 
 
លោក ប្រាប់ដូច្នេះ៖«សម្រាប់ស្ថានភាពចំពោះមុខនេះ យើងធ្វើមិចលក់ទុរេនពួកគាត់ឱ្យចេញអស់សិន។ យ៉ាងហោចណាស់ ក៏បានសម្រួលឱ្យពួកគាត់សល់ថវិកាខ្លះដែរ កុំឱ្យខាតពេក។ យើងបានផ្សព្វផ្សាយ រកទីផ្សារ ទាំងសភាពាណិជ្ជកម្មជួយរកទីផ្សារទាំងក្នុងស្រុក និងក្រៅ ដើម្បីជួយលក់កសិករឱ្យដាច់មួយរដូវនេះសិន»។   
 
អ្នកស្រី លី ស្រីមុំ កសិករដាំទុរេនចំនួន ១០០ដើមស្ថិតក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានឱ្យដឹងថា ឆ្នាំនេះទុរេនពិបាករកទីផ្សារលក់ ខណៈតម្លៃបោះដុំថោកជាងឆ្នាំមុន គឺត្រឹម ១៣ ០០០រៀលក្នុងមួយគីឡូក្រាម ធៀបនឹងឆ្នាំបានរហូតដល់ ២០០០០រៀលក្នុង១គីឡូក្រាម។ 
 
កសិកររូបនេះ អះអាងថា មូលហេតុដែលធ្វើឱ្យទុរេនគ្មានទីផ្សារ បណ្ដាលមកពីការបើកឱ្យមានការនាំចូលទុរេន ពីបរទេសច្រើនពេក ជាពិសេសពីប្រទេសវៀតណាម ដែលធ្វើឱ្យទុរេនកកកុញទីផ្សារ។ ការនាំចូលទុរេន ពីបរទេសនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកេរ្តិ៍ឈ្មោះផលិតផលរបស់ខេត្តកោះកុងផងដែរ។ 


 រូបពី ចម្ការទុរេន ទួលគគីរ កោះកុង

អ្នកស្រី លី ស្រីមុំ ប្រាប់ដូច្នេះថា៖«បញ្ហាត្រង់ថា អត់មានអ្នកទិញ ហើយឈ្មួញខ្ញុំដែលធ្លាប់ទិញពីមុនៗ គេអត់មកជួយទិញយើងទៀតទេ ជាពិសេស ធ្លាក់តម្លៃហ្នឹង។ ខ្ញុំជឿថា មកពីទុរេននាំចូលច្រើនពេក ធ្វើឱ្យទុរេនក្នុងស្រុកពិបាកលក់»។
 
បច្ចុប្បន្ន កសិករជួបបញ្ហាច្រើន ដោយសារជី សាំង និងថ្នាំកសិកម្មឡើងថ្លៃទ្វេដង ខណៈពិបាកថែទាំ ដោយសារទុរេន មានជំងឺច្រើនដែលងាយធ្វើឱ្យងាប់ដើម។ កសិកររូបនេះ បន្ថែមថា ស្ថានភាពនេះ កសិករខ្លះអាចប្រឈមខាតបង់ប្រាក់ចំណេញ ដោយសារតម្លៃ និងទីផ្សារទុរេនធ្លាក់ចុះ។ 
 
ជាមួយគ្នានេះ លោកស្រី បានអំពាវនាវ ឱ្យពលរដ្ឋងាកមកគាំទ្រទុរេនខ្មែរវិញ ខណៈទុរេនមួយចំនួន ដែលកំពុងលក់នៅទីផ្សារសព្វថ្ងៃជាទុរេនបរទេស ហើយកុហកថាជាទុរេនខ្មែរ។ 
ចំណែក លោក អ៊ុក រដ្ឋា ជាកសិករដាំទុរេន និងសាវម៉ៅចំនួន ២ហិកតាម្នាក់ទៀតនៅទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង។  ទុរេនរបស់លោក ចាប់ផ្ដើមទុំបណ្ដើរៗហើយ តែពុំអាចរកទីផ្សារលក់ចេញទាន់នោះទេ។ ទុរេន របស់លោក អ៊ុក រដ្ឋា មួយចំនួន ត្រូវទុកចោល និងចែកញាតិ។ 
 
លោក ប្រាប់ដូច្នេះថា៖«ទីផ្សារអត់មានប៉ុន្មានទេ ឥឡូវនៅមានគេត្រូវការ ខ្ញុំកាត់លក់បណ្ដើរៗ ខ្ញុំអត់ហ៊ានកាត់ច្រើនពេក ខ្លាចលក់អត់អស់។ ឥឡូវ ទុរេននៅសល់ខ្លះ លក់ឱ្យឈ្មួញដែលគេមកទិញក្នុងតម្លៃថោកខ្លះ និងមួយចំនួនទៀត មានតែចែកបងប្អូនហូបខ្លះទៅ»។ 
 
លោក បញ្ជាក់ថា ឆ្នាំនេះ ហុចផលច្រើនជាងឆ្នាំមុន ហើយមានចម្ការទុរេនធំៗមួយចំនួន បានដាក់លក់ទុរេនក្នុងតម្លៃថោក ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារប្រជាកសិករក្នុងតំបន់។ លោក អ៊ុក រដ្ឋា បានបន្ថែមថា លោកមិនអាចយកទុរេនទៅលក់នៅភ្នំពេញ ឬបណ្ដាខេត្តផ្សេងដោយខ្លួនឯងនោះទេ ដោយសារត្រូវការឡាន និងចំណាយច្រើន៕  
 
 
 
 
 

Tag:
 ទុរេនកោះកុង
  ទីផ្សារទុរេន
  ផ្លែឈើខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com