កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
U23 Asian Cup ៖ អ៊ូសបេគីស្ថាន ជួប អារ៉ាប៊ីសាអូឌីត វគ្គផ្តាច់ព្រ័ត្រ
16, Jun 2022 , 10:33 am        
រូបភាព
ដោយ៖ហៀក ឆក

ម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ត្រូវទទួលក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត ថ្ងៃទី​១៩ ខែមិថុនា នាពហុកីឡដ្ឋាន Pakhtakor ដើម្បីប្រជែងដំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC Asian Cup U23 ។


អ៊ូសបេគីស្ថាន បានយកឈ្នះ ជប៉ុន ដោយលទ្ធផល ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC Asian Cup 2022។ ក្រុមទាំងពីរគ្មានគ្រាប់បាល់បញ្ចូលទីឡើយក្នុងវគ្គទី១។ ឈានចូលដល់វគ្គទី២ នាទី ៦០ ប្រធានក្រុម អ៊ូសបេគីស្ថាន Jaloliddinov បានស៊ុតជើងឆ្វេងពីចម្ងាយកោងចូលទីបានសម្រេច ក្រោយបញ្ជូនបាល់ពីខ្សែប្រយុទ្ធស្លាបស្តាំ khoshimov និងគ្រាប់ទី២ ខ្សែប្រយុទ្ធ Norchayev បញ្ចប់គោលដៅបាន ១គ្រាប់ទៀត បន្ទាប់ពីការបញ្ជូនបាល់ពីខ្សែបម្រើ Kholmatov នៅនាទី ៨៩។
 
ដោយឡែកមួយគូទៀត ក្រុមអូស្ត្រាលី បានរងបរាជ័យក្រោមថ្វីជើង អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-០។ ក្នុងវគ្គទី១ អូស្ត្រាលី បើកការវាយសម្រុកទៅលើក្រុម អារ៉ាប៊ីសាអូឌីត ខ្លាំងដែរ ប៉ុន្តែមិនមានសំណាងក្នុងការរកគ្រាប់បាល់ឡើយ។ ផ្ទុយទៅវិញ អារ៉ាប៊ីសាអូឌីត វាយបកមកវិញ ដោយសម្រេចបាន ១គ្រាប់ នៅនាទី ២០ ដោយកីឡាករ Hussian Al-Issa ដែលទើបប្តូរជំនួស Asiri Haitham មានបញ្ហារបួសកជើងខាងស្តាំ នៅនាទី ៩ ។ បញ្ចប់វគ្គទី១ អារ៉ាប៊ីសាអូឌីត នាំមុខ អូស្ត្រាលី បណ្តោះអាសន្ន ១-០។
 
ការប្រកួតនៅវគ្គទី២ ក្រុមទាំងពីរបន្តសម្រុកគ្នាដដែល លុះដល់នាទី៧២ ខ្សែប្រយុទ្ធ Yahya ស៊ុតទម្លាយសំណាញ់ទីអូស្ត្រាលី បានសម្រេច១គ្រាប់ទៀត ក្រោយការបញ្ជូនបាល់ពីខ្សែបម្រើ Buraikan ។ ដោយសារក្រុមទាំងពីរ មានការប៉ះទង្គិចគ្នាច្រើននោះ អាជ្ញាកណ្ដាល ក៏សម្រេចថែមម៉ោងរហូតដល់១២នាទីសម្រាប់ការប្រកួតនេះ។
 
ឈានចូលម៉ោងបន្ថែមនាទី៩០+៦ ខ្សែប្រយុទ្ធអូស្រ្តាលី Ramy មានឱកាសរ៉ាប់រងទាត់បាល់ពិន័យ១១ ម៉ែត្រ ក្រោយខ្សែការពារអារ៉ាបីសាអូឌីត បង្កកំហុងក្នុងតំបន់គ្រោះថ្នាក់ដែរ ប៉ុន្តែមិនអាចសម្រេចទីបាន ដោយត្រូវបានអ្នកចាំទី Al- Aqidi ជួយសង្រ្គោះបាន។ ចំណែក អារ៉ាប៊ីសាអូឌីត នៅនាទី ៩០+១២ ខ្សែប្រយុទ្ធ Hadi Radif ប្តូរជំនួសកីឡាករ Buraikan នៅនាទី ៩០+២ ទទួលរ៉ាប់រងស៊ុតបាល់ ១១ម៉ែត្រ តែពុំអាចរកគ្រាប់បាល់ទី៣ បានឡើយដោយការសង្រ្គោះបានពីអ្នកចាំទី Gauci។ បញ្ចប់វគ្គទី២ អារ៉ាប៊ីសាអូឌីត ២-០ អូស្ត្រាលី។
 
ម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ជួបក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត ម៉ោង៨៖០០ នាទីល្ងាចថ្ងៃទី​១៩ ខែមិថុនា នាពហុកីឡដ្ឋាន Pakhtakor ដើម្បីប្រជែងដំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC Asian Cup 2022 Uzbekistan។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៤លើក អ៊ូសបេគីស្ថាន ពុំដែលស្គាល់ពាក្យឈ្នះឡើយ។ ក្នុងនោះ ២០១៤ អ៊ូសបេគីស្ថាន ចាញ់ ៣-២ ,២០២០ ចាញ់ ១-០, ២០២១ ស្មើ ២-២ និង ២០២២ ចាញ់ ២-០។
 
ដោយឡែកក្រុមបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំ អូស្ត្រាលី ប្រកួតជាមួយ ជប៉ុន ដើម្បីប្រជែងយកលេខ៣។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែមិថុនា នាពហុកីឡដ្ឋាន Milliy ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន៕
 

Tag:
 បាល់ទាត់
  AFC Asian Cup
 ផ្តាច់ព្រ័ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com