កីឡាអន្តរជាតិ
អន្តរជាតិ
Dane Alves ប្រកាសចាកចេញពី Barcelona ជាលើកទីពីរ
16, Jun 2022 , 2:39 pm        
រូបភាព
កីឡាករខ្សែការពារស្លាប Dani Alves ថ្ងៃទី១៥ ខែមិថុនា បានប្រកាសចាកចេញពីក្លិបអ្នកមានបុណ្យ Barcelona លើកទីពីរក្នុងអាជីពរបស់ខ្លួន។


កាលពីឆ្នាំ ២០១៦ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ​ក៏ធ្លាប់បានប្រកាសចាកចេញពីក្លិប Barcelona ម្តងរួចមកហើយក្រោយរួមរស់រយៈពេល ៨ឆ្នាំ នឹងបានឈ្នះពានជាច្រើនជាមួយក្លិប។ បន្ទាប់ពីចាកចេញពីក្រុមអ្នកមានបុណ្យ Alves បានចូលរួមជាមួយក្រុម Juventus ក្នុងកិច្ចសន្យា១រដូវកាលកាលឆ្នាំ ២០១៦ ចូលរួមជាមួយក្រុម Paris Saint Germain ពីររដូវកាលឆ្នាំ ២០១៧ និង ២០១៨ ហើយឆ្នាំ ២០១៩ ចូលរួមជាមួយក្លិបប្រេស៊ីល Sao Paulo។ 
 
ឆ្នាំ ២០២១ ខ្សែការពារស្លាបរូបវ័យ ៣៩ឆ្នាំរូបនេះ បានវិលត្រលប់មកក្រុមយក្សរបស់អេស្ប៉ាញនេះវិញ ពេលក្រុម Barcelona ស្ថិតក្រោមការកាន់កាប់ពីសំណាក់អតីតមិត្តរួមក្រុម និងជាគ្រូបង្វឹកក្រុមដល់បច្ចុប្បន្ន។ វិលមកក្លិបចាស់ Alves រកបានគ្រាប់បាល់១គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤លើក នៅក្នុងចំណោមការបង្ហាញខ្លួន ១៧ប្រកួតគ្រប់កម្មវិធីប្រកួតរបស់ក្រុម ហើយរូបគេក៏ចូលរួមចំណែកជួយ Barca បញ្ចប់ចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ La Liga។
 
ខ្សែការពាររូបនេះក៏ធ្លាប់បាននិយាយប្រាប់អ្នកកាសែតថារូបគេនឹងស្នាក់នៅជាមួយ Barca មួយរដូវកាលទៀតក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួត​ World Cup នាចុងឆ្នាំ ២០២២។ តែថ្ងៃទី១៥ ខែមិថុនា Alves បដិសេធមិនបាននិយាយបែបនោះទៅអ្នកកាសែតឡើយ ព្រមទាំងប្រកាសចាកចេញពីក្លិប។
 
«ពេលនេះគឺជាពេលវេលាដ៏ល្អសម្រាប់ការនិយាយលាគ្នារបស់យើង។[…] ខ្ញុំក៏សង្ឃឹមចំពោះអ្នកដែលស្នាក់នៅក្លិបអាចនឹងបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លិបដ៏ស្រស់ស្អាតមួយនេះ ខ្ញុំជូនពរចេញពីចិត្ត។ ការជ្រើសរើសចាកចេញនេះក៏ដើម្បីបានផ្តល់កន្លែងដែលទំនេរដល់កីឡាករដទៃទៀតឱ្យទទួលបានការប្រកួតប្រជែងដ៏អស្ចារ្យមួយនេះ។» Alves បានសរសេរលើ Instagram ផ្ទាល់ខ្លួនបែបនេះ។
 
ខ្សែការពារស្លាបវ័យ៣៩ឆ្នាំរូបនេះ ក៏បានផ្ញើសារអរគុណទៅដល់ក្រុមបុគ្គលិកក្លិបដែលបានផ្តល់ឱកាសដល់រូបគេបានវិលចូលរួមក្លិបជាថ្មីម្តងទៀតបែបនេះ។
 
Dani Alves ធ្លាប់បានឈ្នះពានរង្វាន់ជាមួយក្លិប Barcelona រហូតដល់ទៅ២៣លើក អំឡុងស្នាក់នៅរយៈពេល៨ឆ្នាំ តាំងពីឆ្នាំ ២០០៨ រហូតដល់ ២០១៦។ ពានរង្វាន់ ​Alves ឈ្នះជាមួយ Barcelona រួមមាន La Liga ៦លើក, Copa del Rey ៥លើក, Spain Super Cup ៤លើក, Champions League ៣លើក, UEFA Super Cup ៣លើក និង FIFA Club World Cup ៣​លើក៕
 

Tag:
 Dani Alves
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com