ជាតិ
អាម៉េរិកអនុវត្តគម្រោង «USAID មរតកបៃតង» នៅកម្ពុជា ក្រោមថវិកាសរុប២៤លានដុល្លារ 
×![]()
«USAID មរតកបៃតង» ជាគម្រោងថ្មីមួយដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកប្រកាសអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ក្រោមថវិកាសរុប២៤លានដុល្លារអាមេរិក និងរយៈពេល៥ឆ្នាំ គម្រោងថ្មីតាមរយៈទីភ្នាក់ងារជំនួយអាម៉េរិក USAID នេះ បន្តគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលនៅរស់នៅក្បែរតំបន់ការពារនានា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ USAID នាថ្ងៃទី១៦ ខែមិថុនា គម្រោង «USAID មរតកបៃតង» (USAID Morodok Baitang) អនុវត្តដោយក្រុមហ៊ុន Tetra Tech ARD លើការប្រើវិធីសាស្រ្ត ប្រព័ន្ធទីផ្សារដើម្បីគាំទ្រដល់ការ អភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់កែវសីមាក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនគិរី តំបន់សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។

លោក Benjamin Wohlauer ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា គម្រោង USAID មរតកបៃតង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតឱកាសការងារ និងគំរូអាជីវកម្មវៃឆ្លាតចំពោះអាកាសធាតុ ដែលលើកកម្ពស់ការអភិរក្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។
គម្រោង USAID មរតកបៃតង មានគោលបំណងពង្រីកការលក់ឥណទានកាបូននៅតំបន់កែវសីមា និងជួរភ្នំ ក្រវាញ ខណៈបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍ដែលពឹងអាស្រ័យលើព្រៃឈើ។

គម្រោងដែលដឹកនាំដោយ លោកស្រី វ៉េនេស្កា លីស (Vaneska Litz) នេះ នឹងគាំទ្រដល់និរន្តរភាពនៃមរតកព្រៃបៃតងរបស់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទីផ្សារប្រកប ដោយចីរភាពនិង មានលក្ខណៈអំណោយផលដល់អាកាសធាតុ។
លោក កែវ សុជាតិ នាយកប្រតិបត្តិនៃអង្គការ សន្សំម្លប់ព្រៃ បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមជីវភាពរស់នៅនិង សកម្មភាពរបស់កម្មវិធីស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ (Ibis Rice រឺស្រូវត្រយ៉ង) បានផ្តល់អត្ថប្រយោជន៍ ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។ វាមានសារសំខាន់ណាស់ដែលយើងបន្តថែរក្សានិងការពារធនធានធម្មជាតិ ដែលសហគមន៍ទាំងនេះពឹងអាស្រ័យយ៉ាងខ្លាំង»៕

© រក្សាសិទ្ធិដោយ thmeythmey.com