កីឡាអន្តរជាតិ
អន្តរជាតិ
La Liga ប្ដឹង Man City និង PSG ទៅកាន់ UEFA ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ
16, Jun 2022 , 5:00 pm        
រូបភាព
ក្របខណ្ឌ La Liga បានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់អឹរ៉ុប​ (UEFA) ប្រឆាំងក្លិប Paris Saint Germain និង Manchester City ជុំវិញរឿងបំពានច្បាប់ហិរញ្ញវត្ថុ។ នេះបើតាមការប្រកាសរបស់ La Liga នៅថ្ងៃទី១៥ ខែមិថុនា។


រឿងរ៉ាវនៃការប្តឹងប្តល់នេះ កើតឡើងក្រោយពេលក្លិប PSG បានបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ វ័យ២៤ឆ្នាំ Kylian Mbappe រហូតដល់ឆ្នាំ ២០២៥ ហើយធ្វើឱ្យគេជាកីឡាករមានតម្លៃថ្លៃជាងគេក្នុងពិភពលោក ខណៈ Man City ចុះកិច្ចសន្យាជាមួយ ​Errling Haaland ក្នុងតម្លៃជាង៥៣លានដុល្លារ ពី Borussia Dortmund។ ទទួលបានកិច្ចសន្យា៥ឆ្នាំជាមួយ Man City កីឡាករន័វែសរូបនេះជា ក្លាយកីឡាករទីពីរលើពិភពលោកដែលមានតម្លៃផ្តាច់កុងត្រាថ្លៃជាងគេ។
 
ខ្សែប្រយុទ្ធទាំងពីរក៏ត្រូវបានកាសែតជាច្រើនរាយការណ៍ថាជាគោលដៅរបស់ក្លិប Real Madrid របស់អេស្ប៉ាញយកទៅចូលរួមនារដូវកាលនេះ។ ក្តីរំពឹងរបស់ Real ប្រែរសាត់ឆ្ងាយទៅវិញ ជាហេតុធ្វើឱ្យប្រធាន La Liga  ភ្ញាក់ផ្អើល និងបានស្នើ UEFA ឱ្យស៊ើបអង្កេតលើហិរញ្ញវត្ថុរបស់ក្លិបទាំងពីរនេះ ខណៈក្លិបទាំងពីរ នារដូវកាល ២០២០-២១ ប្រកាសថាខាតប្រាក់រៀងៗខ្លួន។
 
បើតាមសេចក្តីប្រកាស La Liga ពាក្យបណ្តឹងប្រឆាំងក្រុមមេឃខៀវ Man City បានដាក់ស្នើទៅ UEFA កាលពីខែមេសាកន្លងទៅ ឯពាក្យបណ្តឹងប្រឆាំងក្រុម PSG ធ្វើកាលពីសប្តាហ៍មុន។ លីគកំពូលអេស្ប៉ាញមួយនេះ ក៏បានអះអាងបន្ថែមថា នឹងចាត់វិធានការប្តឹងបន្ថែមទៀត ទៅកាន់ប្រព័ន្ធយុត្តិធម៌សហភាពអឺរ៉ុប បារាំង និងស្វីសដែរ។ 
 
លីគកំពូលអេស្ប៉ាញមួយនេះ ជឿជាក់ថា ក្លិប​ Man City និង PSG មានម្ចាស់ជាមហាសេដ្ឋីប្រចាំកាតារៀង រំលោភបំពានបទប្បញ្ញាតិ្តហិរញ្ញវត្ថុ (Financial Fair Play) ដោយប្រើប្រាស់លុយផ្ទាល់ខ្លួន មិនមែនជាលុយចំណូលក្លិបឡើយ។
 
«La Liga យល់ថាការផ្តល់ហិរញ្ញវត្ថុដល់ក្លិបទាំងពីរនេះគឺជាការបញ្ចូលដោយផ្ទាល់ ឬតាមរយៈការឧបត្ថម្ភដោយផ្ទាល់ពីម្ចាស់ក្លិបតែម្តង ហើយរាល់កិច្ចសន្យានានា គឺមិនសមស្របទៅតាមលក្ខខណ្ឌទីផ្សារនោះឡើយ។ ពួកគេបានបង្កើនតម្លៃទីផ្សារសប្បនិមិត្ត ជាមួយការបញ្ចូលលុយផ្ទាល់ខ្លួន ដែលមិនមែនជាចំណូលពីបាល់ទាត់។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ La Liga។
 
ក្លិប Man City និង PSG កាលឆ្នាំ ២០១៩ ក៏ធ្លាប់ត្រូវបានសហព័ន្ធបាល់ទាត់ UEFA បានបើកការស៊ើបអង្កេត លើរឿងបំពានច្បាប់ហិរញ្ញវត្ថុនេះម្តងរួចមកហើយ។ ដោយកាលនោះតុលាការបានដាក់បម្រាមលើក្លិប Man City មិនឱ្យប្រកួត Champions League ២ឆ្នាំដោយសារតែរកឃើញបំពានច្បាប់ហិរញ្ញ Financial Fair Play នេះ៕
 
 
 
 

Tag:
 La Liga
  Manchester City
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com