ជាតិ
ក្រសួងធម្មការ ​រៀបចំការប្រកួតប្រជែងសូត្របាតិមោក្ខ សម្តែងធម្មទេសនា និង​សូត្រធម៌បទនៅខែតុលា
18, Jun 2022 , 8:59 am        
រូបភាព
សម្តេចព្រះពោធិវ័ង្ស អំ លីមហេង_ ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ
សម្តេចព្រះពោធិវ័ង្ស អំ លីមហេង_ ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ
​ភ្នំពេញ៖​ អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិនៃក្រសួងធម្មការនិង​សាសនា នឹង​រៀប​ចំ​ការ​ប្រឡង​ប្រជែង សូត្រ​បាតិមោក្ខ​ សម្ដែង​​ធម្មទេសនា និង​សូត្រ​ធម៌​បទ​នៅ​ថ្ងៃ​អង្គារ ថ្ងៃទី៤​ ដល់ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០២២​។



លក្ខណៈ​ជ្រើស​រើស​ សូត្រ​បាតិមោក្ខ​ ភិក្ខុសាមណេរ តម្រូវ​ឱ្យ​បួស​បាន​៥​វស្សា​យ៉ាង​តិច​។ មាន​លិខិត​បញ្ជាក់​ពី​ព្រះ​ចៅ​អធិការវត្ត (ទីលំនៅ​បច្ចុប្បន្ន​ វស្សា​បួសនិង​ចំណេះ​ដឹង​បាតិមោក្ខ)។ មាន​ឆាយា ឬ​សង្ឃ​ដីកាត្រឹម​ត្រូវ​។ សម្ដែង​ធម៌​ទេសនាភិក្ខុ សាមណេរ តម្រូវ​ឱ្យ​បួសបាន​៥វស្សាយ៉ាងតិច​។ មាន​លិខិត​បញ្ជាក់​ពី​ព្រះ​ចៅ​អធិការ (ទីលំនៅបច្ចុប្បន្ន​ វស្សាបួស​ និង​បទ​ពិសោធន៍​ទេស​នា)។ មាន​ឆាយា ឬ​សង្ឃដីកាត្រឹម​ត្រូវ​។ មាន​វិញ្ញាបនបត្រ​​ធម្មវិន័យ​ទាំង​បីថ្នាក់​ (ត្រី ទោ ឯក) ឬ​វិញ្ញាបនបត្រ​ពុទ្ធិកបឋម​សិក្សា​ (សាលាបាលីរង​)​។ ចំណែក​សូត្រ​ធម៌​បទ បព្វជិត និង​គ្រហស្ថ
តម្រូវ​ឱ្យ​មាន​អាយុ​យ៉ា​ងតិច​១៥​ឆ្នាំ​។ មាន​លិខិត​បញ្ជាក់​ពី​ព្រះ​ចៅ​អធិការឬ​អាជ្ញាធរ (ទីលំនៅបច្ចុប្បន្ន​ និង​បទ​ពិសោធន៍)។ មាន​ឆាយា សង្ឃដីកាអត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រ​កំណើត​។ 
 
លោក ញាណ ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថាការ​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ សូត្រ​បាតិមោក្ខ សម្ដែង​ធម្មទេស​នានិង​សូត្រ​ធម៌​បទ​ឡើងគឺ​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ពី​ឱវាទ​របស់​ព្រះ​ពុទ្ធ​សាសនា​។ 
 
លោក​រដ្ឋ​លេខាធិការ បាន​បន្ថែម​ថា​ ការ​សូត្រ​បាតិមោក្ខ​ដើម្បី​ពង្រឹង​ការ​ប្រតិបត្តិ ក្នុង​ពុទ្ធសាសនា​ឱ្យ​បាន​ល្អ។ចំណែក​ការ​សម្ដែង​​ធម៌​ទេស​នា ត្រូវ​បាន​លោក ញាណ ភឿន ពន្យល់​ថា
បាន​ប្រយោជន៍​ត្រង់​ការ​ផ្សព្វផ្សាយ ឱ្យ​បរិស័ទ​យល់ពី​​​ការ​មាន​​រូប​មាន​ទុក្ខ​និង​វិធី​​រំលត់​​ទុក្ខ ​តាម​រយៈ​ព្រះ​ធម៌​ ព្រោះ​មាន​ឧទាហរណ៍​ដើម្បី​ជា​ការ​ប្រៀន​ប្រដៅ​។ រីឯ​​ការ​សូត្រ​ធម៌​បទវិញ​
មាន​គុណ​ប្រយោជន៍​ទាញ​អារម្មណ៍​មនុស្ស​ ​ឱ្យ​មាន​ធម៌​សង្វេកព្រោះ​ការ​​សូត្រធម៌​បទ​ធ្វើ​ឡើង​​ក្នុង​បុណ្យ​​សព​។ ធម៌​បទជួយ​ឱ្យ​មនុស្ស​ពិចារណា​ បញ្ឈប់​អំពើ​បាប អំពើ​អាក្រក់​ និង​កើត​ចិត្ត​សាង​កុសល្យ​ផល​បុណ្យ​ឡើងដោយ​ការ​ពិចារណា​ថា រាល់​រូប​ទាំង​អស់​មាន​សេចក្ដី​ស្លាប់​ជា​ខាង​ចុង​។ 
 
«ក្នុង​ព្រះ​ពុទ្ធ​សាសនាសំខាន់​បំផុត​ការ​គោរព​ធម៌​វិន័យនោះ​ហើយ​។ បាតិមោក្ខ​គឺ​ជា​ការសម្ដែងដើម្បី​​ជម្រះ​នូវ​វិបត្តិ​ផ្សេង​ៗ ដែល​មាន​ក្នុង​សន្ដាន​ព្រះ​ភិក្ខុ​សង្ឃ។ ជា​ធម្មតា​កន្លះ​ខែ​ព្រះ​សង្ឃ​ប្រជុំ​សូត្រ​បាតិមោក្ខ​ម្ដង​ ដើម្បី​ជម្រះមន្ទិល និង​​ឧបទ្រព»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់លោក​​ ញាណ ភឿន​។
 
ទីកន្លែង​ទទួល​ពាក្យអគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ (ការិយាល័យ​រដ្ឋ​បាល​និង​សរុប) រៀង​រាល់​ម៉ោង​ធ្វើ​ការ​។ ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​១៣ ខែមិថុនាឆ្នាំ​២០២២។ ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២​៕ 
 
 
 

Tag:
 ប្រឡង
  ទេសនា
  សាសនា​
 
© រក្សាសិទ្ធិដោយ thmeythmey.com