ជាតិ
វង់ទស្សនា​ទៅ​កាន់​ប្រាសាទចៅសាយ​ទេវតា និង​ប្រាសាទធម្មនន្ទ នឹងត្រូវដាក់ឲ្យ​ដំណើរការ
18, Jun 2022 , 9:59 am        
រូបភាព
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនាថ្មីចំនួន ២ខ្សែ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដោយភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទនីមួយៗ។ វង់ទស្សនាទាំងពីរខ្សែរួមមាន ខ្សែទី១ នៅប្រាសាទចៅសាយទេវតា និងទី២ នៅប្រាសាទធម្មនន្ទ។


 
លោក យូ ចន្ថា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួលខុសត្រូវក្រុមការងាររៀបចំខ្សែទស្សនានៅក្នុងរមណីយដ្ឋានអង្គរ បានឱ្យដឹងថា ខ្សែទស្សនាទាំងពីរខាងលើ គ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។ បើតាម​លោក យូ ចន្ថា បច្ចុប្បន្នក្រុមការងារកំពុងគិតគូររៀបចំ ជាផ្ទាំងព័ត៌មាន និងបរិយាយអំពីចំណុចសំខាន់ៗ នៃរូបចម្លាក់ និងប្រាសាទ ស្លាកសញ្ញាបង្ហាញទិស និងភ្នាក់ងារសម្រាប់ជួយសម្រួលដល់ភ្ញៀវផងដែរ។

 រូបភាពពីអាជ្ញាធរជាតិអប្សរា 

មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីររូបនេះ បញ្ជាក់ថា ខ្សែទស្សនានៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ នឹងត្រូវរៀបចំចំនួន ២ដំណាក់កាល។ ដំណាក់កាលដំបូង គឺរៀបចំនៅប្រាសាទចៅសាយទេវតា ដើម្បីបង្ហាញទិសដល់ភ្ញៀវឱ្យចូលទស្សនាតាមផ្លូវចូលច្រកខាងកើត ព្រោះកន្លងមកភ្ញៀវ ដែលទៅទស្សនាប្រាសាទនោះ និយមដើរចូលតាមច្រកខាងជើង ជាហេតុធ្វើឱ្យភ្ញៀវមិនបានទស្សនាគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗក្នុងប្រាសាទមួយនេះ។

  រូបភាពពីអាជ្ញាធរជាតិអប្សរា

សម្រាប់ដំណាក់កាលបន្ទាប់ គម្រោងរៀបចំនៅតំបន់ទ្វារជ័យ រហូតដល់ទំនប់បារាយណ៍ខាងកើត ដែល​ភ្ញៀវទេសចរត្រូវរក្សាទុកមធ្យោបាយធ្វើដំណើរនូវចំណតខ្លោងទ្វារជ័យ។ ភ្ញៀវទេសចរ អាច​​ចាប់ផ្តើមទស្សនាចំណុចសំខាន់ៗ នៅក្នុងប្រាសាទធម្មនន្ទ រួចបន្តដំណើរទស្សនាទៅកាន់សួនបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរា ទស្សនារហាត់ទឹក ដោយភ្ជាប់ជាមួយស្ទឹងសៀមរាប ស្ពានបុរាណ និងបន្តទស្សនាប្រាសាទចៅសាយទេវតាតាមច្រកខាងកើត។

 រូបភាពពីអាជ្ញាធរជាតិអប្សរា 

ការរៀបចំខ្សែទស្សនា បាននាំមកនូវសុវត្ថិភាពដល់ប្រាសាទ លើសពីនេះនឹងនាំឱ្យភ្ញៀវទេសចរបានស្គាល់ច្បាស់ និងទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនាប្រាសាទបុរាណ។ លោក ចន្ថា លើកឡើងបែបនេះ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គោរពតាមការណែនាំនៃវង់ទស្សនា ដែលបានរៀបចំឡើង៕
 
 
 

Tag:
 ប្រាសាទចៅសាយទេវតា
 ប្រាសាទធម្មនន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com