ជាតិ
នៅរុនតាឯក ល្ហុងសាច់ផ្អែម «ហ៊ុយលេន» របស់​អ្នកស្រី ទិច អ៊ុច បានផលច្រើន និងមានទីផ្សារ
18, Jun 2022 , 11:59 am        
រូបភាព
សៀមរាប៖ បច្ចុប្បន្ន កសិករមួយចំនួនបានងាកមកដាំប្រភេទល្ហុងសាច់ក្រាស់ ផ្អែម ដែលងាយដាំដុះ ថែទាំ ពិសេសនោះ កំពុងមានទីផ្សារល្អ។ កសិករប្រាប់ថា ពួកគេមិនពិបាកលក់ល្ហុងប្រភេទនេះទេ ពេលខ្លះរកល្ហុងឱ្យអ្នកទិញមិនបានផង។

 
អ្នកស្រី ទិត អ៊ុច ជាកសិករដាំល្ហុងសាច់ក្រាស់ ដែលគេឱ្យស្គាល់ឈ្មោះពូជល្ហុងនោះថា ហ៊ុយលេន។ អ្នកស្រីកំពុងប្រមូលផលល្ហុង ដែលដាំលើដីចម្ការក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី។ សព្វថ្ងៃ កសិកររូបនេះកំពុងបេះល្ហុងលក់ ដែលអាចរកចំណូលបានសមរម្យ។


 
កសិករ ទិត អ៊ុច ដាំល្ហុងហ៊ុយលេនជាងមួយឆ្នាំហើយ។ ល្ហុងអាចហុចផលបាននៅអាយុ៦ខែ និងមានផ្លែបន្តបន្ទាប់មិនដាច់ឡើយ រហូតទាល់តែមានចាស់ដើម។ ដាំប្រមាណ៥០ដើម អ្នកស្រី អ៊ុច អាចបេះល្ហុងលក់ឱ្យអតិថិជនខ្លួន ២ ទៅ៣ថ្ងៃម្ដង ហើយក្នុងម្ដងបានពី២០ទៅ៥០គីឡូក្រាម។ តម្លៃលក់ជាទូទៅ ២ពាន់រៀល ក្នុងមួយគីឡូក្រាម។ 


 
គ្រួសារអ្នកស្រី អ៊ុច បានមកដល់រស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០១០មក នៅពេលដែលគ្រួសារមួយនេះ បែកខ្នងផ្ទះនៅភូមិវាល សង្កាត់គោកចក។ គ្រួសារដែលចង់បំបែកខ្នងផ្ទះនៅរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាមានគោលការណ៍ផ្តល់ដីផ្ទះ និងដីចម្ការ នៅក្នុងស្រុកបន្ទាយស្រី ដែលការផ្តល់ជូននេះ សម្រាប់តែគ្រួសារដើម ដែលរស់នៅតំបន់រមណីយដ្ឋានអង្គរ តាំងពីយូរលង់មកតែប៉ុណ្ណោះ។


 
និយាយដល់ការដាំល្ហុង របស់អ្នកស្រី អ៊ុច បន្តទៀត។ ​ធ្វើការជាបុគ្គលិកក្នុងគម្រោងភូមិធម្មជាតិរុនតាឯកស្រាប់ អ្នកស្រីបានឆ្លៀតយកពូជល្ហុង ដែលគម្រោងបានបណ្ដុះសម្រាប់ដាំ និងចែកអ្នកភូមិ មកដាំសាកល្បងជាបន្តបន្ទាប់ លើផ្ទៃដីមិនធំប៉ុន្មានរបស់ខ្លួន ដែលដាំលាយជាមួយដំណាំច្រើនមុខទៀត។ អ្នកស្រី អ៊ុច ប្រាប់ថា គ្រួសារខ្លួនមុនគេដែលយកពូជល្ហុងនេះមកដាំ ហើយបច្ចុប្បន្នគ្រួសារដទៃទៀត កំពុងជជែកពីការដាំដុះនេះ បន្ទាប់ពីឃើញគ្រួសារអ្នកស្រីដាំបានផលល្អ និងមានទីផ្សារ។
 
«ល្ហុងនេះសាច់តាន់ ផ្អែម សូម្បីផ្លែតូចៗក៏នៅតែហូបកើត ល្ហុងខ្លះតូចអត់សាច់ តែអានេះសាច់ទាំងអស់»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី អ៊ុច ដោយបន្ថែមថា អ្នកស្រីមិនដែលបានបេះលក់នៅផ្សារទេ គឺម៉ូយមកទិញដល់ផ្ទះ ហើយពុំមានល្ហុងលក់ឱ្យផង។ ចំណែកការប្រើប្រាស់ជីវិញ កសិកររូបនេះ ប្រើតែជីអាចម៍គោ អាចម៍មាន់ និងស្លឹកឈើរលួយៗតែប៉ុណ្ណោះ។ 
 
ទោះឆ្នាំទី១នេះ កសិកររូបនេះបានដាំតិចត្រឹម៥០ដើមក្ដី តែអ្នកស្រី ទិច អ៊ុច បង្ហាញអារម្មណ៍រីករាយ និងសប្បាយចំពោះផលដែលទទួលបាន ដែលវាកើតចេញពីការខិតខំប្រឹងប្រែងថែទាំ ដាំដុះក្នុងនាមជាកសិករមួយរូប។ បន្ទាប់ពីដាំជោគជ័យ អ្នកស្រី អ៊ុច គ្រោងពង្រីកផ្ទៃដីបន្ថែមដើម្បីដាំល្ហុងហ៊ុយលេននេះ៕
 

Tag:
 កសិកម្ម
  ល្ហុងហ៊ុយលេន
 ភូមិធម្មជាតិរុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com